30.5 C
Phnom Penh

យោធា​ថៃ បាញ់​ផ្លោង​និង​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង F-16 ចូល​ទីប្រជុំជន​ស៊ីវិល​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​មហាផ្ទៃ អះអាង​ថា យោធា​ថៃ បាន​បង្កើន​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់​ពី​យន្តហោះ​ចម្បាំង F-16 ចូល​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា សំដៅ​ភូមិឋាន និង​តំបន់​ទីប្រជុំជន​ស៊ីវិល​ប្រមាណ ៩០​គីឡូម៉ែត្រ​ពី​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ខេត្ត​ព្រះវិហារ។

ក្រសួង​មហាផ្ទៃ ចេញ​សេចក្តី​ថ្លែងការណ៍​ស្ដីពី​ផល​ប៉ះពាល់​លើ​ពលរដ្ឋ និង​តំបន់​ជនស៊ីវិល​អំពី​ការ​ឈ្លានពាន​របស់​ថៃ នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា អំពើ​ល្មើស​ច្បាប់ និង​ក្បត់​បទ​ឈប់​បាញ់​របស់​ភាគី​ថៃ លើ​ដែន​អធិបតេយ្យ​កម្ពុជា បាន​បណ្តាល​ឱ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​ស៊ីវិល តំបន់​ស៊ីវិល និង​ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល រួម​ទាំង​ការ​បង្អាក់​សេវា​សាធារណៈ​ជាដើម​របស់​កម្ពុជា អស់​ជាច្រើន​កន្លែង។

ប្រភព​ដដែល​លើកឡើង​ថា ពេលនេះ​សាលារៀន​ជិត ១​ពាន់​កន្លែង (៩០៩​កន្លែង) ដែល​ស្ថិត​ក្នុង​ខេត្ត​រង​ការ​បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​របស់​ភាគី​ថៃ ត្រូវ​បាន​ផ្អាក​ទាំងស្រុង ខណៈ​សិស្ស​ជាង ២​សែន​នាក់ (២១៦១០៧​នាក់) និង​គ្រូបង្រៀន​ជាង ៧​ពាន់​នាក់ (៧៦០១​នាក់) ក៏​ត្រូវ​ផ្អាក​ការ​បង្រៀន និង​រៀន​ទាំងស្រុង​ផង​ដែរ។

ក្រសួង​មហាផ្ទៃ អះអាង​ថា រយៈពេល​នៃ​ការ​វាយប្រហារ​របស់​កងទ័ព​ថៃ ៦​ថ្ងៃ​មក​នេះ បាន​បណ្តាល​ឱ្យ​ជនស៊ីវិល​រង​របួស និង​ស្លាប់ រួម​ទាំង​ជនភៀសសឹក​ជាច្រើន​ម៉ឺន​នាក់ ក្នុង​នោះ ពលរដ្ឋ​ស៊ីវិល​ខ្មែរ​ស្លាប់​សរុប​ចំនួន ១១​នាក់ ខណៈ​អ្នក​រង​របួស​មាន​ចំនួន ៧៦​នាក់។

ចំណែកឯ​ពលរដ្ឋ​ភៀស​សឹក​បាន​កើន​ឡើង​ដល់​ជាង ៨​ម៉ឺន​គ្រួសារ (៨១៣៨១​គ្រួសារ) ដែល​ស្មើ​នឹង​ប្រជាជន​សរុប​ជិត ៣​សែន​នាក់ (២៧៤៤០៣​នាក់) ក្នុង​ខេត្ត​ចំនួន​៧ ក្នុង​នោះ៖

  • ខេត្ត​ឧត្ដរមានជ័យ ជាង ១​ម៉ឺន​គ្រួសារ (១១២០៥​គ្រួសារ) មាន​ប្រជាជន​ជិត ៤​ម៉ឺន​នាក់ (៣៨៥៦៨​នាក់)
  • ខេត្ត​ព្រះវិហារ ជាង ៧​ពាន់​គ្រួសារ (៧០៩៤​គ្រួសារ) មាន​ប្រជាជន​ជាង ២​ម៉ឺន​នាក់ (២៤១៩១​នាក់)
  • ខេត្ត​បន្ទាយមានជ័យ ជាង ៣​ម៉ឺន​គ្រួសារ (៣៦១៣០​គ្រួសារ) មាន​ប្រជាជន​ជាង ១​សែន​នាក់ (១២៤៣០៥​នាក់)
  • ខេត្ត​ពោធិ៍សាត់ ជាង ៧០០​គ្រួសារ (៧៨៤​គ្រួសារ) មាន​ប្រជាជន​ជាង ២​ពាន់​នាក់ (២២៤៧​នាក់)
  • ខេត្ត​បាត់ដំបង ជាង ៥​ពាន់​គ្រួសារ (៥៦៤៩​គ្រួសារ) មាន​ប្រជាជន​ជិត ២​ម៉ឺន​នាក់ (១៨៣៦១​នាក់)
  • ខេត្ត​សៀមរាប ទទួល​ជនភៀសសឹក​ជាង ២​ម៉ឺន​គ្រួសារ (២០៥១៩​គ្រួសារ) មាន​ប្រជាជន​ជាង ៦​ម៉ឺន​នាក់ (៦៦៤២១​នាក់)
  • និង​ខេត្ត​កោះកុង ក៏​មាន​ជនភៀសសឹក​ចំនួន ៣១០​នាក់​ដែរ។

ក្រសួង​មហាផ្ទៃ បញ្ជាក់​ថា ហេដ្ឋារចនាសម្ព័ន្ធ​ស៊ីវិល​ជាច្រើន​របស់​កម្ពុជា ត្រូវ​កងទ័ព​ថៃ បាញ់​ផ្លោង និង​ទម្លាក់​គ្រាប់ បណ្តាល​ឱ្យ​ខូចខាត​យ៉ាង​ដំណំ ដូចជា ផ្ទះសម្បែង អគារ​ក្រុមហ៊ុន​ឯកជន អគារ​រដ្ឋបាល សាលារៀន វត្ត​អារាម ប្រាសាទ​បុរាណ ផ្លូវថ្នល់ និង​អង្គភាព​សាធារណៈ​ជាច្រើន​កន្លែង​ទៀត។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​កងទ័ព​ថៃ បាន​បង្កើន​ការ​វាយប្រហារ​លើ​កម្ពុជា កាន់តែ​ខ្លាំង​នៅ​ថ្ងៃទី​១២ ធ្នូ នេះ។

កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​កងកម្លាំង​ភូមិភាគ​ទី​២ របស់​ថៃ នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា ការ​ប្រយុទ្ធ​គ្នា​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ មិន​ទាន់​ចប់​នៅឡើយ​ទេ ព្រោះ​កងកម្លាំង​កម្ពុជា​នៅតែ​ពង្រឹង​កងទ័ព និង​អាវុធ ខណៈ​ការ​បាញ់​កាំភ្លើងធំ កាំភ្លើងត្បាល់ និង​គ្រាប់​រ៉ុក្កែត BM-21 នៅតែ​បន្ត​ផ្លោង​ចូល​ទឹកដី​ថៃ។

ប្រភព​ដដែល បញ្ជាក់​ថា ចាប់តាំងពី​ថ្ងៃទី​៧ ខែ​ធ្នូ មក កម្ពុជា​បាន​ផ្លោង​គ្រាប់​រ៉ុក្កែត​ចំនួន ៥៥​ទីតាំង​នៅ​ខេត្ត​ឧប៊ុន ខេត្ត​ស៊ីសាកេត ខេត្ត​សូរិន និង​ខេត្ត​បុរីរាំ និង​បាន​បំផ្លាញ​ផ្ទះ​ចំនួន ១៣​ខ្នង​ផង​ដែរ ប៉ុន្តែ​កងទ័ព​ភូមិភាគ​ទី​២ ព្យាយាម​វាយបក​វិញ​ដើម្បី​ការពារ​អធិបតេយ្យភាព​របស់​ប្រទេស​ខ្លួន​រហូត​ដល់​ទី​បញ្ចប់។

យ៉ាងណាក៏ដោយ ក្រសួង​ការពារ​ជាតិ​កម្ពុជា ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១២ ធ្នូ នេះ​ថា ចាប់ពី​ម៉ោង ១២​រំលង​អាធ្រាត្រ ដល់​ម៉ោង ០១ និង ០០​នាទី​រសៀល ថ្ងៃទី​១២ ធ្នូ នេះ យោធា​ថៃ បាន​បើក​ការ​វាយប្រហារ​ឈ្លានពាន​ចូល​ទឹកដី​កម្ពុជា ចំនួន ១៩​លើក ដោយ​ប្រើ​រថក្រោះ ដ្រូន​ទម្លាក់​គ្រាប់បែក បាញ់​ផ្សែង​ពុល និង​ការ​បាញ់​ផ្លោង​កាំភ្លើងធំ​ផង​ដែរ។

ប្រភព​ដដែល អះអាង​ថា កងទ័ព​ថៃ បាន​វាយប្រហារ​លើ​កម្ពុជា តាម​តំបន់​ជាច្រើន ដូចជា ភូមិ​ព្រៃចាន់ ភូមិ​ជោគជ័យ អូរភ្លុកដំរី ជប់អង្គញ់ ថ្មឆត្រ ប្រាសាទ​តាក្របី បុស្សស្បូវ ជាំតែ ដ្មដូន ភ្នំ​៣៣៣ ប្រាសាទ​តាមាន់ ភ្នំខ្មោច អានសេះ តាស៊ឹម គោល​៨ ដំណាក់​ស្តេច ជប់គគីរ ផ្ទះ​តាម៉ុក ទួល​៩៥ ភ្នំ៥០០ អូរផ្កាស្នេហ៍ ទ្វារ​ដែក ភ្នំ​ពងចាប បឹងត្រកួន និង​ទំនប់​ដាច់ ជាដើម។

ក្រសួង​ការពារ​ជាតិ បញ្ជាក់​ថា រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ យោធា​ថៃ បាន​បើក​ការ​បាញ់​ប្រហារ​លើ​កម្ពុជា មិន​រើស​គោលដៅ​ឡើយ ដោយ​បាញ់​ចូល​ទីប្រជុំជន ភូមិដ្ឋាន​របស់​ពលរដ្ឋ​ស៊ីវិល​រស់នៅ ជាពិសេស​សាលារៀន​របស់​កុមារ និង​បាន​បាញ់​បំផ្លាញ​ប្រាសាទ​តាក្របី ប្រាសាទ​ព្រះវិហារ ជា​ទី​សក្ការៈ​របស់​កម្ពុជា និង​ជា​បេតិកភណ្ឌ​របស់​មនុស្ស​ជាតិ​ផង​ដែរ៕

© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស