ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អះអាងថា ប្រទេសថៃ គឺជាអ្នកចាប់ផ្តើមសង្គ្រាមមុនទៅលើប្រទេសកម្ពុជា ហើយលោកក៏បានប្រាប់រដ្ឋមន្ត្រីការបរទេសអាមេរិក ឱ្យប្រញាប់បញ្ចប់សង្គ្រាមនេះឱ្យបានឆាប់ផងដែរ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថ្លែងក្នុងពិធីប្រកាសការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និងរដ្ឋមន្ត្រីកងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ នេះថា ប្រទេសថៃ គឺជាអ្នកចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជា សាជាថ្មី។
លោក ដូណាល់ ត្រាំ បញ្ជាក់ថា ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្គ្រាមសាជាថ្មីជាមួយប្រទេសកម្ពុជា ប៉ុន្តែលោកក៏បានប្រាប់ទៅកាន់រដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រ៉ូប៊ីអូ ឱ្យធ្វើយ៉ាងណាបញ្ចប់សង្គ្រាមមួយនេះឱ្យបានឆាប់ផងដែរ ខណៈប្រជាជននៃប្រទេសទាំងពីរកំពុងមានការស្អប់ និងគុំកួនគ្នាជាខ្លាំង។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើងជាលើកទីពីរ ដែលកំពុងរីករាលដាលចូលកាន់តែជ្រៅក្នុងទឹកដីកម្ពុជា នាពេលនេះ។
កាសែតថៃ ខៅស៊ុត (Khaosod) ស្រង់សម្ដីនាយករដ្ឋមន្ត្រីថៃ លោក អនុធីន ឆានវីរៈគុល នៅថ្ងៃទី២៣ ធ្នូ នេះថា ថៃមិនដែលឈ្លានពានកម្ពុជាទេ ខណៈថៃជាភាគីដែលត្រូវបានឈ្លានពាន និងវាយប្រហារមុនពីកម្ពុជា ហើយអ្វីដែលថៃ បានធ្វើ គឺការសងសឹកដើម្បីការពារអធិបតេយ្យភាពរបស់ខ្លួនប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ កាសែតបាងកកប៉ុស្តិ៍ បានរាយការណ៍តាមការអះអាងរបស់កងទ័ពថៃ កាលពីថ្ងៃទី២២ ធ្នូ ថា ក្នុងចំណោម ១៧ទីតាំងនៃទឹកដីកម្ពុជា យោធាថៃ ដណ្ដើមបានយកទៅគ្រប់គ្រងមានចំនួន ៣ទីតាំងហើយនៅតាមបណ្តោយព្រំដែនខេត្តបន្ទាយមានជ័យ ដែលនៅជាប់នឹងខេត្តស្រះកែវ របស់ថៃ។ រីឯ ៧ទីតាំងផ្សេងទៀត ត្រូវយោធាថៃ ឈរជើងបានទាំងស្រុង គឺនៅខេត្តពោធិ៍សាត់ របស់កម្ពុជា ជាប់ព្រំប្រទល់ខេត្តត្រាត របស់ថៃ ចំនួន ២ទីតាំង និងនៅខេត្តឧត្ដរមានជ័យ ជាប់ខេត្តសុរិន្ទ ចំនួន ២ទីតាំង រួមទាំងខេត្តព្រះវិហារ ជាប់ខេត្តអ៊ុប៊ុនរាជធានី ចំនួន ៣ទីតាំងផងដែរ។ ចំណែកទីតាំងចំនួន ៥ផ្សេងទៀត ក៏ត្រូវយោធាថៃ ក៏ដណ្តើមបានដែរ តែកំពុងតាមដាន រួមមាន ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ជាប់ខេត្តស្រះកែវ របស់ថៃ ចំនួន ២ទីតាំង និងខេត្តឧត្ដរមានជ័យ ជាប់ខេត្តបុរីរាំ និងខេត្តស៊ីសាកេត ចំនួន ២ទីតាំង រួមទាំងខេត្តព្រះវិហារ ជាប់ខេត្តអ៊ុប៊ុនរាជធានី ចំនួន ១ទីតាំងដែរ។ ដោយឡែកមានតែទីតាំងមួយប៉ុណ្ណោះដែលយោធាថៃ កំពុងប្រទាញប្រទង់ជាមួយកម្ពុជា គឺនៅខេត្តព្រះវិហារ ជាប់នឹងខេត្តអ៊ុប៊ុនរាជធានី។
ប្រភពដដែល បញ្ជាក់ថា ជារួម សមរភូមិមុខ ១៦ទីតាំង យោធាថៃ កាន់កាប់ទាំងស្រុងចំនួន ៧ទីតាំង ក្នុងនោះមានប្រាសាទតាក្របី និងតំបន់អានសេះ ជាដើម ខណៈ ៥ទីតាំងទៀត យោធាថៃ ដណ្តើមបានហើយ ប៉ុន្តែស្ថិតក្រោមការឃ្លាំមើលនៅឡើយ ដូចជា តំបន់មុំបី និងជាំសាងាំ ជាដើម ខណៈទីតាំងដែលកំពុងប្រយុទ្ធប្រទាញប្រទង់គ្នា គឺតំបន់ភ្នំទ្រព្យ។
តាមរយៈវីដេអូឃ្លីបដែលត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញថា កាលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានឈូសឆាយកម្ទេចរង្វង់មូលតាអ៊ុំ និងឈូសឆាយកម្ទេចផ្ទះរបស់ពលរដ្ឋខ្មែរនៅផ្សារអានសេះ ផងដែរ ហើយពេលនេះ ទាហានថៃ បានចូលមកគ្រប់គ្រងនៅកាស៊ីណូខ្មែរនៅតំបន់អានសេះ ថែមទៀត ដោយមានការឈូសកម្ទេចរូបសំណាករបស់ខ្មែរនៅក្បែរកាស៊ីណូនោះខ្ទេចខ្ទីតែម្តង។
តាមរយៈឃ្លីបវីដេអូនេះ បង្ហាញឱ្យឃើញថា ទាហានថៃ បានរំលោភចូលមកដីខ្មែរប្រមាណ ២គីឡូម៉ែត្រហើយនៅច្រកអានសេះ ខេត្តព្រះវិហារ ក្នុងពេលនេះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំការបំភ្លឺអំពីការប្រកាសកាន់កាប់តំបន់ទាំង ១៦ របស់ថៃ មកលើទឹកដីខ្មែរបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ៕
© 2025, ឌឹ ខេមបូឌា ដេលី. All rights reserved.

