32 C
Phnom Penh

អ្នក​ឃ្លាំមើល​ព្យាករ​ថា​អតីត​មេបញ្ជាការ​យោធភូមិភាគ​ទី​២ ថៃ លោក ផាតក្លាង អាច​នឹង​ក្លាយ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​សង្គម​ព្យាករ​ថា អតីត​មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ ឧត្ដមសេនីយ៍ឯក ប៊ុនស៊ីន ផាតក្លាង នឹង​ចូល​ឆាក​នយោបាយ​ថៃ ហើយ​វត្តមាន​នេះ​មិន​ត្រឹមតែ​ជា​បេក្ខជន​តំណាងរាស្ត្រ​ទេ ប៉ុន្តែ​គឺជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ថៃ ដែល​តំណាង​ឱ្យ​អំណាច​នយោបាយ​រាជវាំង​ថៃ តែម្តង។

អតីត​មេធាវី​សាលាក្ដី​ខ្មែរក្រហម លោក កង ឫទ្ធិគិរី សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ មករា នេះ​ថា តាមរយៈ​នៃ​ការ​អង្កេត​លើ​មូលហេតុ​ពិត​នៃ​ការ​ផ្ទុះ​សង្គ្រាម​កម្ពុជា-ថៃ ទាំង​ពីរ​លើក​រហូត​មាន​បទ​ឈប់​បាញ់​ទាំង​ពីរ​លើក និង​ការ​ផ្អាក​ជម្លោះ​បណ្ដោះអាសន្ន​នា​ពេលនេះ គឺជា​សង្គ្រាម​ដែល​មាន​ការ​ព្រាងទុក​របស់​ប្រទេស​ថៃ ជា​យូរ​មក​ហើយ។

ប្រភព​ដដែល​អះអាង​ថា អ្នក​បង្កើត និង​ចូលរួម​ផែនការ​សង្គ្រាម​ជាមួយ​កម្ពុជា នា​ពេលនេះ គឺ​ផ្តើម​ចេញ​មកពី​អ្នក​នយោបាយ និង​ឈ្មួញ​ទុច្ចរិត​នៃ​ប្រទេស​ទាំង​ពីរ​ដែល​ត្រូវ​បាន​ដាក់​ឱ្យ​សម្ដែង​ដោយ​ទាហាន​ទាំង​សងខាង ហើយ​ជា​លទ្ធផល​ចុងក្រោយ​បណ្ដោះអាសន្ន បង្ហាញ​ឱ្យ​ឃើញ​ថា ថៃ​ចំណាយ​ច្រើន​ជាង​ខ្មែរ ប៉ុន្តែ​ទទួល​បាន​ផល​តិច។

លោក​ថា លទ្ធផល​បណ្ដោះអាសន្ន​នៃ​សង្គ្រាម​នេះ បង្ហាញ​ឱ្យ​ឃើញ​ពី​សមត្ថភាព​ប្រយុទ្ធ​ថ្មី​របស់​ទាហាន​ខ្មែរ​ទល់​នឹង​ទាហាន​ថៃ ក្នុង​សម័យ​ទំនើប​ផង​ដែរ ខណៈ​តំបន់​ដែល​ត្រូវ​ទាហាន​ថៃ កាន់កាប់​បាន​តិចតួច​តាម​ព្រំដែន​នៅ​ពេលនេះ ក៏​គ្រាន់តែ​ជា​លទ្ធផល​បណ្ដោះអាសន្ន​ប៉ុណ្ណោះ មិនមែន​ជា​ការ​កាន់កាប់​ផ្លូវការ​ឡើយ។

អ្នកច្បាប់​រូប​នេះ​បញ្ជាក់​ថា សរុប​សេចក្ដី​មក អ្វីៗ​គឺ​ស្ថិត​ក្នុង​សភាព​បណ្ដោះអាសន្ន​ទាំងអស់ រួម​ទាំង​សន្តិភាព​ក្រោយ​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​ផង​ដែរ ប្រសិនបើ​បញ្ហា​ព្រំដែន​មិន​ត្រូវ​បាន​ដោះស្រាយ​តាម​សន្ធិសញ្ញា​បារាំង-សៀម ទេ​នោះ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​សង្គ្រាម​កម្ពុជា-ថៃ កំពុង​ស្ងប់ស្ងាត់​ក្រោយ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ។

សង្គ្រាម​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​កាលពី​ថ្ងៃទី​២៤ ខែ​កក្កដា ឆ្នាំ​២០២៥ ប៉ុន្តែ​សង្គ្រាម​នេះ​បាន​ផ្អាក​ទៅវិញ​ក្រោយ​បទ​ឈប់​បាញ់​ដែល​ផ្ដួចផ្ដើម​ដោយ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ កន្លង​ទៅ។

យ៉ាងណាក៏ដោយ សង្គ្រាម​នេះ​បាន​ផ្ទុះ​ឡើង​សាជាថ្មី​នៅ​ថ្ងៃទី​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ប៉ុន្តែ​ក៏បាន​ផ្អាក​ទៅវិញ​ម្តង​ទៀត​ដែរ ក្រោយ​ការ​ចរចា​ឱ្យ​មាន​បទ​ឈប់​បាញ់​កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ នា​ពេល​ថ្មីៗ​នេះ ហើយ​សង្គ្រាម​ទាំង​ពីរ​លើក​នេះ គឺ​ផ្តើម​ចេញ​មកពី​ជម្លោះ​ព្រំដែន​នៅ​តំបន់​មុំ​បី​កាលពី​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ កន្លង​ទៅ​នោះ។

កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​២៨ ខែ​ឧសភា ឆ្នាំ​២០២៥ វេលា​ម៉ោង ០៥ និង ៤៥​នាទី កងទ័ព​កម្ពុជា និង​កងទ័ព​ថៃ បាន​ប៉ះទង្គិច​គ្នា​រយៈពេល ១០​នាទី​នៅ​ចំណុច​ព្រំដែន​ចុងបូក ខេត្ត​អ៊ូប៊ុនរ៉ាត់ថានី ប្រទេស​ថៃ ទល់​នឹង​ចំណុច​ព្រំដែន​មុំបី ភូមិ​តេជោមរកត ឃុំ​មរកត ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ របស់​កម្ពុជា។

ក្រសួង​ការពារ​ជាតិ​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ភ្លាមៗ​ថា ក្នុង​ហេតុការណ៍​ផ្ទុះ​អាវុធ​នេះ បាន​បណ្តាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ឈ្មោះ សួន រោន អាយុ ៤៨​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​កំពេញ ឃុំ​យាង ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ដោយសារ​ការ​បាញ់​ប្រហារ​ពី​សំណាក់​យោធា​ថៃ។

ជុំវិញ​សង្គ្រាម​នេះ កាសែត​ថៃ The Nation បាន​ស្រង់​សម្ដី​មេបញ្ជាការ​យោធភូមិភាគ​ទី​២ របស់​ថៃ លោក Boonsin Padklang កាលពី​អំឡុង​ខែ​មិថុនា ឆ្នាំ​២០២៥ ថា ថៃ​នឹង​មិន​ដោះ​បញ្ហា​ព្រំដែន​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ជាមួយ​កម្ពុជា ឡើយ ប៉ុន្តែ​ថៃ ចង់​ធ្វើ​សង្គ្រាម​ជាមួយ​កម្ពុជា ដើម្បី​កាន់កាប់​ទឹកដី ជាពិសេស​តំបន់​ទាំង​៤ គឺ​តំបន់​មុំបី ប្រាសាទ​តាមាន់ធំ ប្រាសាទ​តាមាន់តូច និង​ប្រាសាទ​តាក្របី។

ជាង​នេះ​ទៀត កាលពី​ថ្ងៃទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ កាសែត Thai PBS បាន​ស្រង់​សម្ដី​នាយសេនាធិការ​កងទ័ព​ជើងគោក​ថៃ លោក ឆៃយ៉ាព្រឹក ឌួងប្រាផាត (Chaiyapruek Duangpraphat) ថា គោលដៅ​ចុងក្រោយ​របស់​កងទ័ព​ថៃ ជុំវិញ​សង្គ្រាម​ជាមួយ​កម្ពុជា គឺ​ថៃ ត្រូវតែ​បន្សាប​សមត្ថភាព​យោធា​របស់​កម្ពុជា ឱ្យ​បាន​ក្នុង​រយៈពេល​យូរ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ ប្រទេស​ថៃ ចាំបាច់​ត្រូវតែ​បំផ្លាញ​បរិក្ខារ និង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​របស់​កម្ពុជា ទាំងអស់។

នៅ​ថ្ងៃ​សុក្រ ទី​២ ខែ​មករា ឆ្នាំ​២០២៦ នេះ សារព័ត៌មាន​ភាសា​អង់គ្លេស​ថៃ Thai Examiner ផ្សាយ​អត្ថបទ​មួយ​បន្ទាប់ពី​ពលទាហាន​ថៃ រក​ឃើញ​រូង​ក្រោម​ដី​ចោះ​លុង​ផ្ទាំង​ថ្ម​ដ៏​ជ្រៅ​ខ្វាត់ខ្វែង​នៅ​ម្តុំ​ព្រំប្រទល់​ដែន​ខ្មែរ-ថៃ ក្នុង​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧប៊ុន ដែល​មេទ័ព​ថៃ គិត​ថា​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត បាន​ត្រៀម​រៀបចំ​ធ្វើ​សង្គ្រាម​រយៈពេល​យូរអង្វែង​ជាមួយ​ប្រទេស​ថៃ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​ព្រឹទ្ធសភា​កម្ពុជា លោក ហ៊ុន សែន បាន​អះអាង​កាលពី​ថ្ងៃទី​២៦ ខែ​មិថុនា ឆ្នាំ​២០២៥ ថា ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ មាន​មូលហេតុ​ចេញពី​ជម្លោះ​ផ្ទៃក្នុង​ក្នុង​ប្រទេស​ថៃ ហើយ​ចោទ​ថា​រាល់​ពេល​ដែល​ផ្ទៃក្នុង​ថៃ កើតមាន​ជម្លោះ ពួកគេ​តែងតែ​ផ្ទេរ​ជម្លោះ​នោះ​មក​កម្ពុជា ជាពិសេស​គឺ​ការ​ឈ្លានពាន​ទឹកដី​ខ្មែរ​តែម្តង។

ផ្ទុយទៅវិញ សារព័ត៌មាន​ថៃ The Nation ផ្សាយ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២៥ ថា ពលរដ្ឋ​ថៃ ត្រេកអរ​សម្បើម​នៅ​ពេល​កម្លាំង​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ថៃ បង្ក្រាប​បណ្ដាញ​ឆបោក​អនឡាញ​ទាក់ទង​នឹង​សេដ្ឋី​ជិតស្និទ្ធ​នឹង​លោក ហ៊ុន សែន ព្រមទាំង​គ្រួសារ ដូចជា ឧកញ៉ា កុក អាន ឧកញ៉ា លី យ៉ុងផាត់ ក្មួយប្រសា កុក អាន ជាដើម ដែល​បង្កើត​មណ្ឌល​ឆបោក​ក្នុង​ប្រទេស​ថៃឡង់ដ៍។

ពលរដ្ឋ​ថៃ ប្រាប់​កាសែត​ថា បើ​លោក ហ៊ុន សែន មិន​ប្រេះស្រាំ​គ្នា​នឹង​លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ដែល​កំពុង​ជាប់​គុក ទំនង​ជា​អាជ្ញាធរ​ថៃ មិន​អាច​បង្ក្រាប​បាន​នៅឡើយ​ទេ​មក​ទល់​ពេលនេះ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស