កាលពីរំលងអាធ្រាត្រចូលដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ កងកម្លាំងកុម្ម៉ង់ដូប្រតិបត្តិការពិសេស Delta Forces នៃកងទ័ពជើងគោកសហរដ្ឋអាមេរិក ចម្រុះនឹងកម្លាំងផ្សេងទៀត ដោយមានការគាំទ្រពីកងយន្តហោះជាង ១៥០គ្រឿង រួមនឹងនាវាចម្បាំងជាច្រើនគ្រឿង បានបើកការវាយឆ្មក់ទៅលើប្រទេសវេណេហ្ស៊ុយអេឡា ដោយវាយប្រហារលើទីតាំងយោធារបស់វេណេហ្ស៊ុយអេឡា ជាង ២០ទីតាំង ក្នុងនោះមានទាំងវិមានប្រធានាធិបតីប្រទេសអាមេរិកខាងត្បូងមួយផងដែរ។
ប្រតិបត្តិការនេះ ក្រោយបទបញ្ជារបស់ប្រធានាធិបតី ដូណាល់ ត្រាំ។
ក្នុងប្រតិបត្តិការពិសេសនេះ ជិត ៣ម៉ោង បានឈានដល់ការចាប់ខ្លួនជនផ្ដាច់ការវេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ដោយកងកុម្ម៉ង់ដូ Delta Forces នាំខ្លួនតាមឧទ្ធម្ភាគចក្រយកទៅជិះយន្តហោះយោធាសហរដ្ឋអាមេរិកដែលរង់ចាំស្រេច ហោះឆ្ពោះទៅទីក្រុងញូវយ៉ក (New York) ដែលនៅទីនោះ ជនផ្ដាច់ការ ម៉ាឌូរ៉ូ ត្រូវចូលខ្លួនសវនាការកាត់ទោសពីបទឧក្រិដ្ឋកម្មគ្រឿងញៀន និងពីបទភេរវកម្មបរទេសទៅតាមការចោទរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក។
ប្រតិបត្តិការកងទ័ពអាមេរិកដោយចាប់ខ្លួនបានជនផ្ដាច់ការ ម៉ាឌូរ៉ូ បាននាំឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមេដឹកនាំពិភពលោក។ ប្រតិបត្តិការនេះ ត្រូវបានចាត់ទុកថាជាការផ្តួលរំលំចំពោះបុគ្គលម្នាក់នៃប្រទេសមួយដែលកំពុងកាន់អំណាចដ៏ផ្ដាច់ការឋានៈជាប្រធានាធិបតីឡើងកាន់អំណាចដោយការប្លន់សន្លឹកឆ្នោតពីបក្សប្រឆាំង។
សហរដ្ឋអាមេរិក បានចោទប្រកាន់មេដឹកនាំប្រទេសវេណេហ្ស៊ុយអេឡា ថាជួញដូរគ្រឿងញៀនចូលសហរដ្ឋអាមេរិក ការពារក្រុមឧក្រិដ្ឋជន អ្នកលេង និងសេពគប់ជាមួយក្រុមចលនាភេរវកម្ម។ លោក ម៉ាឌូរ៉ូ ប្រឈមនឹងការចោទប្រកាន់ ៤បទចោទ នៅតុលាការសហព័ន្ធភាគខាងត្បូងនាបុរីញូវយ៉ក។
តើប្រវត្តិលោក នីកូឡាស ម៉ាឌូរ៉ូ ស្ថិតលើវិថីនយោបាយរបស់លោកដូចម្ដេច? គឺមានដូចតទៅនេះ៖
លោក នីកូឡាស ម៉ាឌូរ៉ូ ធ្លាប់មានមុខរបរជាអ្នកបើកបរឡានក្រុង និងជាមេដឹកនាំសហជីពមុនពេលលោកឡើងកាន់អំណាចតាមរយៈប្រព័ន្ធនយោបាយនៃបក្សសង្គមនិយមនៃប្រទេសវេណេហ្ស៊ុយអេឡា។
លោក នីកូឡាស ម៉ាឌូរ៉ូ កើតនៅរដ្ឋធានី Caracas នៃប្រទេសវេណេហ្ស៊ុយអេឡា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ១៩៦២។ ក្នុងយុវវ័យ លោកត្រូវបានបញ្ជូនទៅប្រទេសគុយបា ក្នុងឆ្នាំ១៩៨៦ ដើម្បីទទួលការបណ្តុះបណ្តាលផ្នែកមនោគមវិជ្ជាកុម្មុយនីស្តរយៈពេលមួយឆ្នាំ ដែលជាការសិក្សាផ្លូវការតែមួយគត់របស់លោក បន្ទាប់ពីលោកបញ្ចប់វិទ្យាល័យ។
បន្ទាប់ពីត្រឡប់មកកាន់ប្រទេសវិញ លោក ម៉ាឌូរ៉ូ បានប្រកបមុខរបរជាអ្នកបើកបរឡានក្រុង និងសកម្មជនសហជីព។ លោកបានចាប់ផ្តើមគាំទ្រអតីតប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Hugo Chávez។ លោក Hugo Chávez ជាជនសង្គមនិយម ហើយជាមេដឹកនាំធ្វើរដ្ឋប្រហារបរាជ័យមួយក្នុងឆ្នាំ១៩៩២ នៅពេលនោះ លោក Chávez មានមុខនាទីជានាយទាហាននៃកងទ័ពអង្គភាពទ័ពឆត្រយោង។
ក្នុងអំឡុងពេលនោះផងដែរ លោក ម៉ាឌូរ៉ូ បានជួបដៃគូជីវិតរបស់លោក គឺអ្នកស្រី Cilia Floresដែលជាមេធាវីរបស់លោក Hugo Chávez នៅពេលលោក Chávez ត្រូវបានឃុំខ្លួនករណីប៉ុនប៉ងធ្វើរដ្ឋប្រហារ។
បន្ទាប់ពីលោក Chávez ត្រូវបានដោះលែង ហើយបានឈ្នះការបោះឆ្នោតជាប្រធានាធិបតីនៅឆ្នាំ១៩៩៨ លោក ម៉ាឌូរ៉ូ ដែលជាអ្នកនយោបាយវ័យក្មេងម្នាក់ មានតួនាទីសំខាន់ក្នុងការជួយជំរុញរបៀបវារៈនយោបាយរបស់លោក Chávez ជាពិសេសការគ្រប់គ្រងឡើងវិញនូវទ្រព្យសម្បត្តិប្រេង និងអំណាចនយោបាយរបស់ប្រទេសវេណេហ្ស៊ុយអេឡា ជាសមាជិកអង្គការប្រេង OPEC។
នៅឆ្នាំ២០០០ លោក នីកូឡាស ម៉ាឌូរ៉ូ ត្រូវបានជ្រើសតាំងជាសមាជិករដ្ឋសភានៃប្រទេសវេណេហ្ស៊ុយអេឡា ហើយនៅឆ្នាំ២០០៥ លោកបានក្លាយជាប្រធានរដ្ឋសភា។
នៅឆ្នាំ២០០៦ អតីតប្រធានាធិបតី Hugo Chávez បានតែងតាំងលោក ម៉ាឌូរ៉ូ ជារដ្ឋមន្ត្រីការបរទេស។ ប្រាំមួយឆ្នាំក្រោយមក លោក ម៉ាឌូរ៉ូ ត្រូវបានតែងតាំងជាអនុប្រធានាធិបតី ដែលធ្វើឱ្យលោកក្លាយជាមនុស្សជិតស្និទ្ធ និងជាអ្នកស្នងអំណាចសំខាន់បំផុតរបស់លោក Chávez។
និយាយទៅ លោក ម៉ាឌូរ៉ូ មានភាពស្និទ្ធស្នាលនឹងលោក Hugo Chávez ដោយភរិយារបស់គាត់ជាមេធាវីការពារក្ដីឱ្យលោក Chávez នៅពេលលោក Chávez ជាប់ចោទពីទោសធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតីរបស់ខ្លួន។
នៅឆ្នាំ២០១៣ លោក ម៉ាឌូរ៉ូ បានឡើងកាន់អំណាចជាប្រធានាធិបតី បន្ទាប់ពីការស្លាប់របស់លោក Hugo Chávez ដោយសារជំងឺមហារីក។
បន្ទាប់ពីអវត្តមានរបស់លោក Hugo Chávez សេដ្ឋកិច្ចវេណេហ្ស៊ុយអេឡា បានធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ដោយផលិតផលក្នុងស្រុកសរុប GDP ធ្លាក់ចុះប្រមាណ ៧១ភាគរយចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០២០ ខណៈអតិផរណាបានកើនឡើងលើស ១៣០ពាន់ភាគរយ។ ក្នុងបរិបទនេះ គូប្រជែងនយោបាយ ទាំងនៅក្រៅ និងក្នុងរដ្ឋាភិបាល មើលឃើញឱកាសដើម្បីប្រឆាំងនឹងអំណាចរបស់លោក ម៉ាឌូរ៉ូ។
រយៈពេលជិតមួយឆ្នាំបន្ទាប់ពីឡើងកាន់តំណែងជាប្រធានាធិបតី ក្រុមប្រឆាំងបានចាប់ផ្តើមបាតុកម្មទ្រង់ទ្រាយធំ ដោយទាមទារឱ្យលោក ម៉ាឌូរ៉ូ ចុះចេញពីតំណែង។ ដោយពឹងផ្អែកយ៉ាងខ្លាំងលើកងកម្លាំងសន្តិសុខ លោកបានបង្ក្រាបការតវ៉ាយ៉ាងឃោរឃៅ។
ទោះជាយ៉ាងណា ការតវ៉ាបានផ្ទុះឡើងវិញជាមួយនឹងសន្ទុះកាន់តែខ្លាំងនៅបីឆ្នាំក្រោយមក ក្នុងបរិបទនៃការខ្វះខាតទំនិញសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដែលបានបណ្តាលឱ្យមនុស្សជាង ១០០នាក់បានស្លាប់ដោយការបង្ក្រាបរបស់កម្លាំងទ័ពរបស់លោក ម៉ាឌូរ៉ូ។
នៅឆ្នាំ២០១៨ តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បានផ្ដួចផ្ដើមការស៊ើបអង្កេតលើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិប្រឆាំងនឹងលោក ម៉ាឌូរ៉ូ។
ការបង្ក្រាបនយោបាយបានបន្តរហូតដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨ ដែលគណបក្សប្រឆាំងបានធ្វើពហិការ បន្ទាប់ពីមេដឹកនាំមួយចំនួនត្រូវបានហាមឃាត់មិនឲ្យឈរឈ្មោះបោះឆ្នោត។ ប្រទេសរាប់សិបដែលជាសម្ពន្ធភាពនឹងសហរដ្ឋអាមេរិក រួមនឹងសហភាពអឺរ៉ុប បានថ្កោលទោសការបោះឆ្នោតដែលរៀបចំដោយរបបរបស់លោក ម៉ាឌូរ៉ូ ថាជាការមិនស្របច្បាប់។
ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបង្ហាញប្រវត្តិរូបរបស់លោក នីកូឡាស ម៉ាឌូរ៉ូ ដែលបង្ហោះនៅលើគេហទំព័ររបស់ខ្លួនថា ចាប់តាំងពីឆ្នាំ២០១៩ មក ប្រទេសជាង ៥០ រួមទាំងសហរដ្ឋអាមេរិកផងដែរ បានបដិសេធមិនទទួលស្គាល់លោក ម៉ាឌូរ៉ូ ជាប្រមុខរដ្ឋនៃប្រទេសវេណេហ្ស៊ុយអេឡា។
សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ថាបានជួយគ្រប់គ្រង និងដឹកនាំក្រុម Cartel of the Suns ឬ Cartel de Soles ដែលជាបណ្ដាញជួញដូរគ្រឿងញៀនមួយដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋវេណេហ្ស៊ុយអេឡា។
យោងតាមក្រសួងការបរទេសសហរដ្ឋអាមេរិក អំពើទាំងនេះត្រូវបានអនុវត្ត បន្ទាប់ពីលោក ម៉ាឌូរ៉ូ ឡើងកាន់អំណាចនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា។
ក្រសួងការបរទេសអាមេរិក បានអះអាងថា លោក ម៉ាឌូរ៉ូ បានចូលរួមក្នុងក្រុមភេរវកម្មគ្រឿងញៀនដែលមានលក្ខណៈពុករលួយ និងហិង្សា ដោយសហការជាមួយកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កូឡុំប៊ី ដែលជាអង្គការភេរវកម្មបរទេសជាអង្គការភេរវកម្មមួយនៅអាមេរិកឡាទីន ត្រូវបានចាត់ថ្នាក់ដោយសហរដ្ឋអាមេរិក។
លោក ម៉ាឌូរ៉ូ ត្រូវបានប្រកាសថាបានឈ្នះការបោះឆ្នោតឡើងវិញនៅឆ្នាំ២០២៤ ក្នុងការបោះឆ្នោតមួយផ្សេងទៀត ដែលបានបង្កឱ្យមានជម្លោះយ៉ាងទូលំទូលាយ។ លោកប្រកាសខ្លួនឯងជាបេក្ខជនឈ្នះឆ្នោត។ បន្ទាប់មក នៅខែមករា ឆ្នាំ២០២៥ លោក ម៉ាឌូរ៉ូ បានថ្លែងសុន្ទរកថាស្បថចូលកាន់តំណែងដ៏តានតឹងមួយ ដោយប្រៀបធៀបខ្លួនឯងទៅនឹងតួអង្គ ដាវីឌ ក្នុងព្រះគម្ពីរប៊ីប្ល៍ ដែលប្រយុទ្ធនឹងហ្គោលីយ៉ាត ហើយបានចោទប្រកាន់គូប្រជែង និងអ្នកគាំទ្ររបស់ពួកគេនៅសហរដ្ឋអាមេរិក ថាកំពុងព្យាយាមប្រែក្លាយពិធីស្បថចូលកាន់តំណែងរបស់លោកទៅជា «សង្គ្រាមលោក»។
លោក ម៉ាឌូរ៉ូ អះអាងថា ការបរាជ័យរបស់សត្រូវរបស់លោកក្នុងការរារាំងពិធីស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីបីរយៈពេលប្រាំមួយឆ្នាំ គឺជា «ជ័យជម្នះដ៏អស្ចារ្យ» សម្រាប់សន្តិភាព និងអធិបតេយ្យភាពជាតិរបស់ប្រទេសវេណេហ្ស៊ុយអេឡា។
លោក ម៉ាឌូរ៉ូ ថ្លែងថា រូបលោកមិនដែលត្រូវបានរដ្ឋាភិបាលសហរដ្ឋអាមេរិក ឬរដ្ឋាភិបាលគាំទ្រចក្រពត្តិនិយម ទទួលស្គាល់ជាប្រធានាធិបតីនោះទេ។ លោកបន្តថា លោកបានឡើងកាន់អំណាចដោយសារការគាំទ្រពីប្រជាជន លោកជារបស់ប្រជាជន ហើយអំណាចរបស់លោកកើតចេញពីប្រវត្តិសាស្ត្រវេណេហ្ស៊ុយអេឡា។
ដំណាលពេលគ្នានេះ មេដឹកនាំចិន ប្រធាន ស៊ី ជីនពីង និងរដ្ឋមន្ត្រីការបរទេស វ៉ាង យី ដែលជាសម្ពន្ធមិត្តលោក ម៉ាឌូរ៉ូ បានបញ្ចេញប្រតិកម្មនៅថ្ងៃទី៥ ខែមករា នេះ រិះគន់សហរដ្ឋអាមេរិកយ៉ាងខ្លាំង ដោយចោទថាប្រទេសមួយប្រើអំណាចធ្វើប៉ូលិសយាមល្បាតពិភពលោកផង ធ្វើចៅក្រមកាត់ក្តីផង ដើរសម្លុតមេដឹកនាំប្រទេសដទៃ ហើយស្នើដោះលែងលោក ម៉ាឌូរ៉ូ។
នៅទីក្រុងវ៉ាស៊ីនតុន វិញ មានការជជែកវែកញែកគ្នាអំពីរឿងច្បាប់អន្តរជាតិ ដែលរដ្ឋការលោក ត្រាំ បញ្ជាឲ្យប្រធានាធិបតីស្តីទី អ្នកស្រី Delcy Rodrigez ត្រូវធ្វើតាមលក្ខខណ្ឌតម្រូវដោយក្រុងវ៉ាស៊ីនតុន ដែលហាមមិនឲ្យបូមប្រេងកាតដឹកលក់ទៅប្រទេសផ្សេង៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

