29.5 C
Phnom Penh

រដ្ឋាភិបាល​ថៃ ទាមទារ​ឱ្យ​ភាគី​ខ្មែរ​ពន្យល់​រឿង​ផ្ទុះ​គ្រាប់​ឆ្លងដែន​ចូល​ស្រុក​ថៃ នៅ​ភាគ​ខាងជើង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​ការពារ​ជាតិ​ប្រទេស​កម្ពុជា អះអាង​ថា ករណី​ផ្ទុះ​គ្រាប់បែក​ចេញ​ពី​គំនរ​សំរាម​នៅ​តំបន់​មុំបី ខេត្ត​ព្រះវិហារ ដែល​បណ្តាល​ឱ្យ​ទាហាន​កម្ពុជា ២​នាក់​រង​របួស​ធ្ងន់ និង​ស្រាល ត្រូវ​បាន​កងកម្លាំង​កម្ពុជា-ថៃ ដោះស្រាយ​បញ្ហា​នេះ​ចប់​សព្វគ្រប់​ហើយ។

អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ អ្នកស្រី ម៉ាលី សុជាតា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​៦ មករា ថា នៅ​វេលា​ម៉ោង ៧ និង ២៧​នាទី​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦ ក្នុង​ភូមិសាស្ត្រ​មុំបី ខេត្ត​ព្រះវិហារ កងកម្លាំង​កម្ពុជា បាន​ធ្វើការ​រៀបចំ​សណ្ដាប់ធ្នាប់ និង​របៀប​រៀបរយ​នៅ​មូលដ្ឋាន​ឈរជើង​របស់​ខ្លួន​ក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា។ គ្រាប់​កាំភ្លើងត្បាល់​នោះ ហោះ​ឆ្លងដែន​ទៅ​ធ្លាក់​ទៅ​ខាង​ប៉ុស្តិ៍​យាម​ទាហាន​ថៃ នៅ​ឆងបក ស្រុក​ណាំយឺន ខេត្ត​ឧប៊ុនរាជធានី ក្នុង​ទឹកដី​ថៃ។

អ្នកស្រី ម៉ាលី សុជាតា អះអាង​ថា ក្នុង​ពេល​រៀបចំ​សណ្ដាប់ធ្នាប់​នេះ ក៏​មាន​ការ​ផ្ទុះ​គ្រាប់​ចេញពី​គំនរ​សំរាម​តែម្តង ដែល​បណ្តាល​ឱ្យ​កងកម្លាំង​កម្ពុជា កំពុង​បំពេញ​ការងារ​នៅ​ទីនោះ​រង​របួស​ធ្ងន់ និង​ស្រាល​ចំនួន ២​នាក់ ប៉ុន្តែ​ករណី​នេះ​ត្រូវ​បាន​ក្រុម​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​សាកសួរ និង​ផ្តល់​ព័ត៌មាន​ទៅវិញ​ទៅមក​ដើម្បី​ដោះស្រាយ​ជាមួយ​គ្នា​រួចរាល់​ហើយ។

អ្នក​នាំពាក្យ​រូប​នេះ​បញ្ជាក់​ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្ដេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការ​គោរព និង​អនុវត្ត​យ៉ាង​ពេញលេញ​នូវ​លក្ខខណ្ឌ​នៃ​បទ​ឈប់​បាញ់​រវាង​កម្ពុជា-ថៃ កាលពី​ថ្ងៃទី​២៨ ខែ​កក្កដា និង​តាម​សេចក្តី​ថ្លែងការណ៍​រួម​ស្ដីពី​កិច្ចព្រមព្រៀង​សន្តិភាព​កាលពី​ថ្ងៃទី​២៦ ខែ​តុលា រួម​ទាំង​សេចក្តី​ប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ (GBC) កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​ផង​ដែរ ដើម្បី​វិល​ទៅ​រក​ប្រក្រតីភាព និង​សន្តិភាព​ឡើងវិញ។

ការ​អះអាង​នេះ ធ្វើឡើង​ស្រប​ពេល​ដែល​ភាគី​កម្ពុជា-ថៃ បាន​ឯកភាព​គ្នា​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​មាន​ប្រសិទ្ធភាព​ចាប់ពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ មក។

តាម​ប្រភព​ព័ត៌មាន​ដទៃ​ទៀត យោធា​ខ្មែរ​ដំបូង​ថ្លែង​ថា គ្រាប់​កាំភ្លើងត្បាល់​នោះ​ផ្ទុះ​ដោយ​ចៃដន្យ។ ក្រោយ​មក​ថា​គ្រាប់​នោះ​ផ្ទុះ​ចេញពី​គំនរ​សំរាម​ដែល​គេ​ដុត។

នៅ​ថ្ងៃទី​៦ មករា នេះ កាសែត​ថៃ ខៅស៊ុត រាយការណ៍​សម្ដី​អ្នក​នាំពាក្យ​កងទ័ព​ថៃ លោក វិនថៃ សុវារី (Winthai Suvaree) ដែល​បាន​អះអាង​ថា បន្ទាប់ពី​ធ្វើការ​ស៊ើបអង្កេត ថៃ​បាន​រក​ឃើញ​ថា​គ្រាប់​ដែល​បាន​ផ្ទុះ​នោះ គឺជា​គ្រាប់​កាំភ្លើងត្បាល់ (Mortar) ដែល​បាញ់​ពី​ខាង​កម្ពុជា និង​បណ្ដាល​ឲ្យ​ទាហាន​ថៃ ម្នាក់​រង​របួស​ស្រាល។

ប្រភព​ដដែល​អះអាង​ថា ភាគី​កម្ពុជា​បាន​សារភាព​ហើយ​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​ដោយ​ចៃដន្យ​ដែល​បង្ក​ទៅ​ជា​កំហុស​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​នៃ​កងកម្លាំង​របស់​ខ្លួន។

អ្នក​នាំពាក្យ​រូប​នេះ​ព្រមាន​ថា កងទ័ព​ថៃ នៅតែ​មាន​ការ​ត្រៀម​ខ្លួន​ពេញលេញ និង​មាន​ផែនការ​បម្រុង​សម្រាប់​គ្រប់​ស្ថានការណ៍ ដើម្បី​ការពារ​អធិបតេយ្យភាព​ជាតិ និង​សុវត្ថិភាព​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​នឹង​កម្ពុជា។

ចំណែក​កាសែត​ថៃ The Natilon រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថៃ លោក អនុធីន ឆានវីរៈគុល បាន​អះអាង​នៅ​ថ្ងៃទី​៦ មករា នេះ​ថា ទាហាន​ថៃ ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ឆ្លើយតប បន្ទាប់ពី​គ្រាប់​កាំភ្លើងត្បាល់​មួយ​គ្រាប់​បាន​ផ្ទុះ​ចេញពី​ភាគី​កម្ពុជា ធ្លាក់​មក​លើ​ទឹកដី​ថៃ នោះ។ យោធា​ថៃ ព្រមាន​ទៀត​ថា កុំ​មាន​លើក​ទី​ពីរ​ទៀត។

នាយករដ្ឋមន្ត្រី​ថៃ រូប​នេះ​បញ្ជាក់​ថា ប្រទេស​ថៃឡង់ដ៍ មិន​ទាន់​បាន​អនុវត្ត​បទបញ្ញត្តិ​នៃ​ការ​ប្រយុទ្ធ​គ្នា (Rules of Engagement) ឬ​ចាត់​វិធានការ​ឆ្លើយតប​ណា​មួយ​នៅឡើយ​ទេ ប៉ុន្តែ​យោធា​បាន​ត្រៀម​ខ្លួន​រួច​ជាស្រេច​ក្នុង​ការ​ឆ្លើយតប​ចំពោះ​បញ្ហា​នេះ។

ជុំវិញ​បញ្ហា​នេះ អ្នក​ផ្តល់​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​៥ ធ្នូ ដោយ​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ប្រើប្រាស់​យន្តការ​ច្បាប់​អន្តរជាតិ ដើម្បី​ការពារ​អធិបតេយ្យភាព និង​អនាគត​ជាតិ​របស់​ខ្លួន ជាជាង​ការ​អនុវត្ត​លក្ខខណ្ឌ​ទ្វេភាគី​តែ​មួយ​មុខ។

លោក​ថា ការ​អនុវត្ត​លក្ខខណ្ឌ​ទ្វេភាគី​ជាមួយ​ថៃ តែ​មួយ​មុខ មិន​គ្រប់គ្រាន់​សម្រាប់​បញ្ចប់​ជម្លោះ​ឡើយ ព្រោះ​ជាក់ស្តែង​កន្លង​មក កម្ពុជា​តែង​រង​ការ​ចោទប្រកាន់​ទាំង​អយុត្តិធម៌​ពី​ភាគី​ថៃ ជាបន្តបន្ទាប់។

អ្នក​ឃ្លាំមើល​រូប​នេះ​បញ្ជាក់​ថា ការ​ប្រើ​យន្តការ​អន្តរជាតិ​មិនមែន​មាន​ន័យ​ថា កម្ពុជា​បង្ក​ជម្លោះ​ជាមួយ​ថៃ នោះ​ទេ ប៉ុន្តែ​ជា​ការ​ប្រើប្រាស់​សិទ្ធិ​ស្រប​ច្បាប់​របស់​ខ្លួន ដើម្បី​រារាំង​អំពើ​រំលោភ​បំពាន និង​បង្កើត​បរិយាកាស​សន្តិភាព​យូរអង្វែង​តែប៉ុណ្ណោះ។

ក្រសួង​ការបរទេស​នៃ​ប្រទេស​កម្ពុជា បញ្ជាក់​ថា ភាគី​ទាំង​បី ចិន កម្ពុជា និ​ថៃឡង់ដ៍ គាំទ្រ​ដល់​ការងារ​នៃ​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន ស្រប​តាម​សេចក្តី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​ពិសេស​គណៈកម្មាធិការ​ព្រំដែន​ទូទៅ GBC កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ និង​គណៈកម្មការ​ចម្រុះ​ខណ្ឌសីមា​ព្រំដែន​គោក (JBC) រវាង​ភាគី​ទាំង​ពីរ​នៅ​ដើម​ឆ្នាំ​២០២៦ ដើម្បី​វិលត្រឡប់​ទៅ​រក​ប្រក្រតីភាព​ឡើងវិញ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស