មេដឹកនាំបក្សប្រឆាំងដ៏សំខាន់នៃប្រទេសវេណេហ្ស៊ុយអេឡា អ្នកស្រី Maria Corina Machado សច្ចាថានឹងត្រឡប់ទៅប្រទេសកំណើតវិញឱ្យបានឆាប់បំផុត ខណៈអ្នកស្រីបានកោតសរសើរប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះការចាប់ខ្លួនលោក នីកូឡាស ម៉ាឌូរ៉ូ ប្រធានាធិបតីនៃប្រទេសអាមេរិកខាងត្បូងមួយនេះកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ Fox News អ្នកស្រី Corina Machado បានបញ្ជាក់ថា អ្នកស្រីជឿជាក់ថាការផ្លាស់ប្ដូរនេះគួរតែបន្តទៅមុខទៀត មិនចប់ត្រឹមចាប់ខ្លួនលោក ម៉ាឌូរ៉ូ នោះទេ បើទោះជាប្រជាជនវេណេហ្ស៊ុយអេឡា ចាត់ទុកជាជោគជ័យក៏ដោយ។
តាមអ្នកស្រីមេបក្សប្រឆាំងដ៏មានឥទ្ធិពល ជាជ័យលាភីណូបែលសន្តិភាព ប្រជាជនវេណេហ្ស៊ុយអេឡា គឺជាអ្នកឈ្នះការបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០២៤ យ៉ាងភ្លូកទឹកភ្លូកដី ហើយនៅក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌ យើងនឹងឈ្នះជាង ៩០% នៃសន្លឹកឆ្នោត តែត្រូវបានលោក ម៉ាឌូរ៉ូ ប្លន់ជ័យជម្នះពីបក្សប្រឆាំង។
អ្នកស្រី Corina Machado វ័យ ៥៨ឆ្នាំ ដែលបានគេចខ្លួនចេញពីប្រទេសកាលពីខែធ្នូ ឆ្នាំទៅមិញនេះ ដើម្បីទៅទទួលពានរង្វាន់ណូបែលសន្តិភាព ជាលើកដំបូងដែលអ្នកស្រីទៅក្រៅប្រទេស។ អ្នកស្រីថាអ្នកស្រីមិនបានជជែកជាមួយលោក ត្រាំ ទេចាប់តាំងពីខែតុលា មកនោះ។
នៅពេលអ្នកសារព័ត៌មានសួរនាំអំពីអ្នកស្រី Corina Machado លោក ដូណាល់ ត្រាំ ថា កាលៈទេសៈនេះ អ្នកស្រី Machado មិនសមចូលកាន់តំណែងនៅលើទឹកដីវេណេហ្ស៊ុយអេឡា ទេ ប៉ុន្តែលោក ត្រាំ ទទួលស្គាល់ថា បេក្ខជនម្នាក់របស់អ្នកស្រីពិតជាអ្នកឈ្នះឆ្នោតលើលោក ម៉ាឌូរ៉ូ។ បេក្ខជនតំណែងប្រធានាធិបតីរបស់បក្សប្រជាជនរួបរួម គឺលោក Edmundo González Urrutia អ្នកការទូតជើងចាស់។ លោក González Urrutia ជាដៃស្ដាំអ្នកស្រី Machado ខណៈអ្នកស្រីជាមេបក្សប្រឆាំងនៃបក្សប្រជាជនរួបរួម។
លោក ត្រាំ បានថ្លែងថា លោកកំពុងសហការជាមួយនឹងប្រធានាធិបតីស្ដីទីនៃរបបលោក ម៉ាឌូរ៉ូ គឺអ្នកស្រី Delcy Rodriguez តែលោក ត្រាំ ព្រមានថា បើអ្នកស្រី Delcy Rodriguez មិនព្រមសហការជាមួយសហរដ្ឋអាមេរិក គឺរបបសេសសល់ពីលោក ម៉ាឌូរ៉ូ នឹងប្រឈមមុខនឹងការវាយប្រហារម្ដងទៀត ហើយចង់មិនចង់ ប្រធានាធិបតីស្ដីទី អ្នកស្រី Delcy Rodriguez នឹងជួបវាសនាអាក្រក់ជាងលោក ម៉ាឌូរ៉ូ ទៅទៀត។
លោក ដូណាល់ ត្រាំ បានហៅរដ្ឋាភិបាលរបស់អ្នកស្រី Delcy Rodriguez ជារដ្ឋាភិបាលបណ្ដោះអាសន្ន។ ក្នុងពេលជាមួយគ្នានេះ កូនប្រុសតែមួយរបស់លោក ម៉ាឌូរ៉ូ ឈ្មោះ នីកូឡាស ម៉ាឌូរ៉ូ ហ្គុយអេរ៉ា (Nicolas Maduro Guerra) បានប្រកាសគាំទ្របេក្ខភាពអនុប្រធានាធិបតី Delcy Rodriguez ជំនួសឪពុករបស់ខ្លួនជាប្រធានាធិបតី។
អ្នកស្រី Delcy Rodriguez បានចេញអនុក្រឹត្យយោងតាមរដ្ឋធម្មនុញ្ញ មាត្រា៣៨៨ ប្រកាសភាពអាសន្នទូទាំងប្រទេស។
រដ្ឋមន្ត្រីក្រសួងការពារជាតិ Vladimir Padrino Lopez បានប្រកាសអនុក្រឹត្យនោះ ដោយបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធប្រុងប្រៀបត្រៀមលក្ខណៈទប់ទល់នឹងការឈ្លានពានបរទេស។
បើតាមលោក ត្រាំ សហរដ្ឋអាមេរិកត្រូវស្ដារសេដ្ឋកិច្ចប្រទេសវេណេហ្ស៊ុយអេឡា ជាមុនសិន មុនលោកគិតទៅរកការបោះឆ្នោតជ្រើសរើសប្រធានាធិបតី និងសមាជិករដ្ឋសភា។ លោកថាគេមិនអាចរៀបចំការបោះឆ្នោតក្នុងរយៈពេល ៣០ថ្ងៃបាននោះទេ។ លោក ត្រាំ បានបង្ហោះសារនៅលើបណ្ដាញសង្គមថា អាជ្ញាធរបណ្ដោះអាសន្នប្រទេសវេណេហ្ស៊ុយអេឡា នឹងប្រគល់ប្រេងចន្លោះពី ៣០ ទៅ ៥០លានបារ៉ែលទៅឱ្យសហរដ្ឋអាមេរិក។
លោកបានបន្ថែមថា ប្រេងនេះនឹងត្រូវបានលក់តាមតម្លៃទីផ្សារសេរី ហើយប្រាក់នោះនឹងត្រូវបានគ្រប់គ្រងដោយម៉ត់ចត់ ដែលលោកជាអ្នកគ្រប់គ្រងផ្ទាល់ ព្រោះក្នុងនាមជាប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដើម្បីធានាថាប្រាក់ចំណូលត្រូវបានប្រើប្រាស់ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនវេណេហ្ស៊ុយអេឡា និងសហរដ្ឋអាមេរិក។
ការបង្ហាញជំហររបស់លោក ត្រាំ បានកើតឡើងបន្ទាប់ពីលោកបាននិយាយថា ឧស្សាហកម្មប្រេងសហរដ្ឋអាមេរិកនឹងដំណើរការឡើងវិញនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា ក្នុងរយៈពេល ១៨ខែ ហើយលោករំពឹងថាការវិនិយោគដ៏ច្រើននឹងហូរចូលទៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា វិញ។
ប្រទេសវេណេហ្ស៊ុយអេឡា មានប្រេងរាប់លានបារ៉ែល ផ្ទុកនៅលើនាវាដឹកប្រេង និងនៅក្នុងទីតាំងស្តុកប្រេងស្រាប់ តែមិនអាចដឹកជញ្ជូនចេញបាន ដោយសារតែការបិទផ្លូវដោយកម្លាំងទ័ពសហរដ្ឋអាមេរិក តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២៥ មកនោះ។
លោក ត្រាំ អះអាងថា ប្រេងដែលជាប់គាំងនោះនឹងត្រូវយកចេញពីវេណេហ្ស៊ុយអេឡា ហើយដឹកជញ្ជូនដោយផ្ទាល់ទៅកាន់កំពង់ផែសហរដ្ឋអាមេរិក។ ប្រទេសដែលនាំប្រេងឆៅចេញពីវេណេហ្ស៊ុយអេឡា ធំជាងបង្អស់ គឺប្រទេសចិន។ ចំណែកឥណ្ឌា និងរុស្ស៊ី ក៏ជាប្រទេសនាំប្រេងឆៅពីវេណេហ្ស៊ុយអេឡា ផងដែរ។
ការវាយតម្លៃចារកម្មរបស់សហរដ្ឋអាមេរិកថ្មីៗនេះបានកំណត់ថា អ្នកស្រី Rodriguez នឹងមានជំហរល្អដើម្បីដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នក្នុងករណីអវត្តមានលោក ម៉ាឌូរ៉ូ។ ការវាយតម្លៃបានសន្និដ្ឋានថា លោកស្រី Rodriguez គឺជាមនុស្សម្នាក់ក្នុងចំណោមមេដឹកនាំវេណេហ្ស៊ុយអេឡា ផ្សេងទៀតដែលមានសមត្ថភាពរក្សាសណ្ដាប់ធ្នាប់ប្រទេស។ ប៉ុន្តែគេថាអ្នកស្រីមិនមានភាពខ្លាំងក្នុងការធ្វើសេចក្ដីសម្រេចណាមួយនោះទេ គឺត្រូវឆ្លងកាត់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Vladimir Padrino និងរដ្ឋមន្ត្រីមហាផ្ទៃ លោក Diosdado Cabello ជាដៃស្ដាំដ៏មានឥទ្ធិពលរបស់លោក ម៉ាឌូរ៉ូ។
ជាមួយគ្នានេះ កាលពីថ្ងៃទី៧ មករា លោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ ត្រូវបាននាំមកបង្ហាញខ្លួននៅចំពោះមុខតុលាការសហព័ន្ធ Manhattan នៃទីក្រុងញូវយ៉ក ម្តងទៀត។
ចំពោះមុខរដ្ឋអាជ្ញាអាមេរិក លោក ម៉ាឌូរ៉ូ និងភរិយារបស់គាត់ដែលមានអាជីពជាមេធាវី បានបដិសេធការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន និងបទចោទប្រកាន់ផ្សេងទៀត។ លោក ម៉ាឌូរ៉ូ អះអាងថាលោកនៅតែជាប្រធានាធិបតីនៃប្រទេសវេណេហ្ស៊ុយអេឡា។ ចំណែកអ្នកស្រី Cilia Flores ក៏បានអះអាងដូចគ្នាថា អ្នកស្រីមិនមានទោសកំហុសចំពោះការចោទប្រកាន់របស់អាមេរិកទេ។
នៅបន្ទប់សវនាការ លោក ម៉ាឌូរ៉ូ អាយុ ៦៣ឆ្នាំ និងអ្នកស្រី Cilia Flores អាយុ ៧០ឆ្នាំ ស្លៀកសម្លៀកបំពាក់ឯកសណ្ឋានពន្ធនាគារពណ៌ទឹកក្រូច។ លោក ម៉ាឌូរ៉ូ និយាយជាភាសាអេស្ប៉ាញ និងបកប្រែដោយអ្នកបកប្រែដែលមានសេចក្ដីថា៖ «លោកជាមនុស្សគ្មានទោសអ្វីទេ។ ខ្ញុំមិនមានទោសកំហុសទេ។ ខ្ញុំជាមនុស្សស្អាតស្អំ ជាប្រធានាធិបតីស្របតាមរដ្ឋធម្មនុញ្ញនៃប្រទេសរបស់ខ្ញុំ។ ខ្ញុំនៅទីនេះ ដោយត្រូវបានគេចាប់ជំរិតតាំងពីថ្ងៃទី៣ ខែមករា។ ខ្ញុំត្រូវបានគេចាប់ខ្លួននៅផ្ទះរបស់ខ្ញុំនៅទីក្រុងការ៉ាកាស។»
យ៉ាងណា កាលបរិច្ឆេទនៃការបើកសវនាការឈានដល់ការជំនុំជម្រះក្ដីអ្នកទាំងពីរ នឹងត្រូវបានកំណត់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦។
លោក ម៉ាឌូរ៉ូ ត្រូវបានចោទប្រកាន់ថាជាអ្នកគ្រប់គ្រងបណ្ដាញជួញដូរថ្នាំញៀនកូកាអ៊ីនអន្តរជាតិ ដែលមានការសហការជាមួយក្រុមឧក្រិដ្ឋជនជាច្រើន។ លោកប្រឈមមុខនឹងការចោទប្រកាន់ព្រហ្មទណ្ឌចំនួនបួនករណី រួមមាន៖ អំពើភេរវកម្មគ្រឿងញៀន ការឃុបឃិតនាំចូលប្រភេទថ្នាំញៀនកូកាអ៊ីន ការកាន់កាប់កាំភ្លើងយន្ត និងឧបករណ៍បំផ្លិចបំផ្លាញផ្សេងៗ។ ប៉ុន្តែដំណាលពេលនាំលោក ម៉ាឌូរ៉ូ ឡើងសវនាការ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក Pamela Bondi កាលពីថ្ងៃទី៦ ខែមករា បានដកចេញបទចោទមួយ គឺឈ្មោះក្រុមភេរវកម្មគ្រឿងញៀន Cartel de los Soles ដោយរកឃើញថា មិនមែនជាឈ្មោះក្រុមបក្ខពួកគ្រឿងញៀនពិតប្រាកដទេ គឺគ្រាន់តែជាភាសាអេស្ប៉ាញ សាមញ្ញ ហៅក្រៅចំពោះជនពុករលួយទាញប្រយោជន៍ពីគ្រឿងញៀនតែប៉ុណ្ណោះ។
នៅឯទីក្រុងការ៉ាកាស អនុប្រធានាធិបតីវេណេហ្ស៊ុយអេឡា អ្នកស្រី Delcy Rodriguez ដែលបានស្បថចូលកាន់តំណែងជាប្រធានាធិបតីស្តីទីប្រទេសវេណេហ្ស៊ុយអេឡា ជាមួយនឹងពាក្យសច្ចាថានៅតែគាំទ្រចំពោះលោក ម៉ាឌូរ៉ូ ជានិច្ច ប៉ុន្តែមិនមានសញ្ញាណាមួយដែលបង្ហាញថាអ្នកស្រីប្ដេជ្ញាប្រឆាំងនឹងសហរដ្ឋអាមេរិកនោះទេ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

