អ្នកឃ្លាំមើលស្ថានការណ៍កម្ពុជា លើកឡើងថា ក្នុងពេលដែលប្រទេសកម្ពុជា កំពុងរក្សាបទឈប់បាញ់ឱ្យមានប្រសិទ្ធភាពដើម្បីកុំឱ្យជាប់អន្ទាក់នយោបាយផ្ទៃក្នុងរបស់ថៃ និងទាញការឈ្លានពានរបស់ថៃ ឈានទៅរកច្បាប់អន្តរជាតិ ខាងអ្នកនយោបាយថៃ កំពុងប្រើទឹកដីកម្ពុជា ជាទំនិញដោះដូរនឹងសន្លឹកឆ្នោតក្នុងប្រទេសរបស់ខ្លួនដែរ។
សូមរំឭកថា នេះជាទស្សនៈពលរដ្ឋខ្មែរម្នាក់ធ្វើអត្ថាធិប្បាយតាមការយល់ឃើញផ្ទាល់ខ្លួន បញ្ចេញតាមបណ្ដាញសង្គម ដែលមិនសន្មតថាជាគោលនយោបាយក្រៅប្រទេសនៃរដ្ឋាភិបាលថៃ។
អ្នកធ្វើអត្ថាធិប្បាយសង្គមឈ្មោះ ឡាំ ឡាយ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី៨ មករា នេះថា ក្រុមអ្នកនយោបាយរបស់បក្សប្រឆាំងថៃ ខ្លះបានឃោសនាទៅកាន់ពលរដ្ឋថៃ ថាប្រសិនបើពួកគេឈ្នះឆ្នោត ពួកគេនឹងទិញគ្រាប់បែកបន្ថែមទៀត ចំណែកអ្នកខ្លះទៀតអះអាងថា ប្រសិនបើពួកគេឈ្នះ គេនឹងសង់របងបេតុងជាមួយកម្ពុជា ជាដើម ដែលនេះមានន័យថា កម្ពុជាកំពុងត្រូវបានប្រើប្រាស់ជាទំនិញសម្រាប់ការដោះដូរនយោបាយថៃ។
ប្រភពដដែលលើកឡើងថា កិច្ចការរបស់កម្ពុជា គឺត្រូវជំរុញគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យលឿន ដើម្បីបោះបង្គោលព្រំដែនឱ្យចប់សព្វគ្រប់ និងប្រកាសមិនទទួលស្គាល់បន្ទាត់ព្រំដែនដែលថៃ ឈ្លានពាន រួមទាំងរក្សាកំណត់ត្រារបស់អ្នកសង្កេតការណ៍អាស៊ាន (AOT) ជាដើម។
ជាងនេះទៀត ត្រូវបន្តការងារជាមួយនឹងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដើម្បីបង្ហាញពីផលប៉ះពាល់នៃទង្វើឈ្លានពានរបស់ថៃ និងជំរុញល្បឿនការទូតឱ្យកាន់តែខ្លាំង ដើម្បីទាក់ទាញសំឡេងគាំទ្របទឈប់បាញ់ និងការដោះស្រាយការឈ្លានពានរបស់ថៃ តាមផ្លូវច្បាប់អន្តរជាតិ។
អ្នកឃ្លាំមើលសង្គមរូបនេះ ចោទថា ទោះការបោះឆ្នោតនៅប្រទេសថៃ ប្តូរនាយករដ្ឋមន្ត្រីចាស់ដាក់នាយករដ្ឋមន្ត្រីថ្មីក៏ដោយ ក៏នាយករដ្ឋមន្ត្រីថ្មីនោះនៅតែចង់បានប្រទេសកម្ពុជាដែរ ព្រោះពួកគេគឺជាជាតិសាសន៍ថៃ ដូច្នេះទឹកដីកម្ពុជានៅតែត្រូវដាក់លើជ្រញ់សម្រាប់ការដោះដូរអំណាចរបស់ពួកគេដដែល។
អ្នកធ្វើអត្ថាធិប្បាយបញ្ហាសង្គមដដែលនេះព្រមានថា ល្បែងភូមិសាស្ត្រនយោបាយដែលមិនចេះចប់មិនចេះហើយកន្លងមក ប្រវត្តិសាស្ត្របានបង្រៀនកម្ពុជានូវមេរៀនដ៏គ្រោះថ្នាក់បំផុតមួយ គឺ “ភាពទន់ខ្សោយគឺជាការអញ្ជើញសត្រូវឱ្យមកជាន់ឈ្លី ដូច្នេះមានតែការរួមដៃគ្នាប៉ុណ្ណោះ ទើបកម្ពុជាខ្លាំងទៅថ្ងៃមុខ“។
កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានលើកឡើងថា ការផ្ទុះជម្លោះតាមព្រំដែនជាមួយប្រទេសថៃ គឺជាចេតនារបស់ថៃ ដែលផ្ទេរពីជម្លោះផ្ទៃក្នុងរបស់ពួកគេមកជាជម្លោះជាមួយកម្ពុជា។
លោក ហ៊ុន សែន អះអាងថា ទោះបីពួកគេប្រឹងបង្កជម្លោះជាមួយកម្ពុជា ដល់កម្រិតណាក៏ដោយ ក៏ជម្លោះដណ្តើមអំណាចផ្ទៃក្នុងរបស់ពួកគេមិនរលត់ដែរ ដរាបណាកម្ពុជាមិនទាន់បោះបង្គោលព្រំដែនរួចរាល់ជាមួយថៃ នោះហើយលទ្ធភាពប៉ះទង្គិចខាងយោធា ឬសង្គ្រាមតាមព្រំដែនងាយនឹងកើតឡើង និងពិបាកជៀសបំផុត។
មេដឹកនាំបក្សកាន់អំណាចរូបនេះបញ្ជាក់ថា សម្ដីរបស់អ្នកនយោបាយជ្រុលនិយមថៃ បានបង្ហាញយ៉ាងច្បាស់អំពីការចិញ្ចឹមចិត្ត និងមហិច្ឆតាចង់បានទឹកដីរបស់កម្ពុជា រហូតមក។
អំឡុងពេលសង្គ្រាមកម្ពុជា-ថៃ បានផ្ទុះឡើង អតីតមេដឹកនាំក្រុមអាវលឿងថៃ គឺលោក សុនធិ លឹមថងគុល (Sondhi Limthongkul) បានលើកឡើងក្នុងវីដេអូឃ្លីបមួយដែលត្រូវបានចែកចាយលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ថា ប្រសិនបើគាត់ឈ្នះឆ្នោតដឹកនាំប្រទេសមានអំណាចពេញដៃ គាត់នឹងលើកកងទ័ពវាយចូលទឹកដីកម្ពុជា យកខេត្តខ្មែរមួយចំនួនជាក់ជាមិនខាន ដូចជាខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងកោះគុជ ផងដែរ ហើយក៏អាចវាយយករាជធានីភ្នំពេញថែមទៀត។
ជាងនេះទៀត អតីតមេបញ្ជាការយោធភូមិភាគទី២ របស់ថៃ លោក Boonsin Padklang ដែលទើបនឹងចូលនិវត្តន៍ ក៏បានអះអាងកាលពីពេលថ្មីៗនេះដែរថា ថៃចង់ធ្វើសង្គ្រាមជាមួយកម្ពុជា ដើម្បីកាន់កាប់ទឹកដីខ្មែរ ជាជាងការដោះស្រាយតាមវិធីផ្សេង។
ព្រំដែនកម្ពុជា-ថៃ មានប្រវែងប្រមាណជា ៨៥០គីឡូម៉ែត្រ ដោយឆ្លងកាត់ខេត្តចំនួន៧ រួមមានខេត្តប៉ៃលិន ខេត្តឧត្ដរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តព្រះវិហារ ខេត្តកោះកុង និងខេត្តពោធិ៍សាត់ ខណៈសង្គ្រាមទាំងពីរលើករវាងប្រទេសទាំងពីរ បានបង្កការខូចខាតទាំងទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិសាធារណៈខាងកម្ពុជា និងខាងប្រទេសថៃឡង់ដ៍ យ៉ាងធ្ងន់ធ្ងរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

