មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ចេញមុខទាមទារឱ្យប្រទេសថៃ ទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួនជុំវិញសង្គ្រាមជាមួយប្រទេសកម្ពុជា រយៈពេល ២១ថ្ងៃ ដែលបានបំផ្លិចបំផ្លាញមិនរើសមុខ និងមិនរើសទីតាំងជនស៊ីវិល ជាពិសេសគឺការបំផ្លិចបំផ្លាញប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១២ មករា នេះថា ប្រាសាទព្រះវិហារដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងអង្គការយូណេស្កូ (UNESCO) និងជាទីតាំងសក្ដិសិទ្ធិសម្រាប់ពលរដ្ឋខ្មែរ ត្រូវរងការទម្លាក់គ្រាប់បែក និងបាញ់ផ្លោងកម្ទេចយ៉ាងខ្លាំងពីសំណាក់យោធាថៃ កន្លងទៅថ្មីៗនេះ។
លោក ហេង រតនា ទាមទារឱ្យថៃ ចេញមុខទទួលខុសត្រូវលើសកម្មភាពឈ្លានពានទឹកដីខ្មែរដាច់ខាត ព្រោះមិនត្រឹមតែហេដ្ឋារចនាសម្ព័ន្ធទេដែលរងការខូចខាត និងរងការបំផ្លិចបំផ្លាញពីការវាយប្រហាររបស់កងទ័ពថៃ សូម្បីប្រាសាទបុរាណរបស់កម្ពុជា ដែលត្រូវបានអង្គការយូណេស្កូចុះបញ្ជីទទួលស្គាល់ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក៏ត្រូវកងទាហានថៃ បាញ់ផ្លោងកម្ទេចធ្វើឱ្យខូចខាតធ្ងន់ធ្ងរដែរ។
អគ្គនាយក CMAC រូបនេះបញ្ជាក់ថា គ្រាប់ដែលត្រូវបានអង្គភាពស៊ីម៉ាក់បោសសម្អាតនៅប្រាសាទព្រះវិហារ មានច្រើនប្រភេទ ដូចជា គ្រាប់កាំភ្លើងត្បាល់ ១០៥មិល្លីម៉ែត្រ គ្រាប់កាំភ្លើងត្បាល់ ១០៦មិល្លីម៉ែត្រ គ្រាប់កាំភ្លើងត្បាល់ ១០៤មិល្លីម៉ែត្រ គ្រាប់កាំភ្លើងត្បាល់ ៤២មិល្លីម៉ែត្រ ប្រភេទគ្រាប់បែកចង្កោម និងប្រភេទគ្រាប់ M៨៥ ជាដើម។
លោក ហេង រតនា គូសបញ្ជាក់ថា គ្រាប់ទាំងនោះកំពុងត្រូវបានស្វែងរកដោយអង្គភាពស៊ីម៉ាក់ដែលមានចំនួនច្រើន និងនៅរប៉ាត់រប៉ាយពេញតំបន់ប្រាសាទព្រះវិហារ ខណៈពលរដ្ឋដែលរស់នៅតំបន់ប្រាសាទព្រះវិហារ និងតំបន់ផ្សេងទៀតដែលរងការវាយប្រហារដោយកងទ័ពថៃ ត្រូវប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះគ្រាប់សំណល់សង្គ្រាមនាពេលនេះ ជាពិសេសគឺគ្រាប់បែកចង្កោមតែម្តង។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានចុះទៅបោសសម្អាតគ្រាប់សំណល់សង្គ្រាមដែលបន្សល់ទុកដោយសង្គ្រាមកម្ពុជា-ថៃ ជុំវិញជម្លោះព្រំដែនរវាងប្រទេសទាំងពីរកាលពីចុងឆ្នាំ២០២៥ កន្លងទៅនេះ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ កាសែតថៃ ខៅស៊ុត (Khaosod) បានរាយការណ៍ថា កងទ័ពថៃ ភូមិភាគទី២ បានវាយប្រហារតំបន់ប្រាសាទព្រះវិហារ ដោយសំអាងថាជាការកម្ទេចដងស្ទូច (Crane) ១គ្រឿងស្ថិតនៅច្រកចូលទៅកាន់ប្រាសាទព្រះវិហារ ដែលត្រូវបានគេប្រើប្រាស់ដើម្បីដំឡើងឧបករណ៍រំខានសញ្ញា ឬឧបករណ៍ប្រឆាំងយន្តហោះដ្រូន។
ឆ្លើយតបនឹងការចោទពីភាគីខ្មែរនៅខែកក្កដា ឆ្នាំ២០២៥ អ្នកនាំពាក្យកងទ័ពជើងគោកថៃ ឧត្ដមសេនីយ៍ទោ វិនថៃ ស៊ុវ៉ារី ប្រាប់កាសែតថា យោធាថៃ ធ្វើប្រតិបត្តិការវាយប្រហារតែលើទីតាំងយោធាប៉ុណ្ណោះ រីឯប្រាសាទព្រះវិហារ និងប្រាសាទឯទៀត មិនមែនស្ថិតចំពីមុខចំណុចដៅនោះឡើយ។
នាយទាហានថៃ រូបនេះ បន្ថែមថា មានករណីខ្លះ យោធាខ្មែរបានយកប្រាសាទជាទីតាំងដើម្បីបាញ់ដាក់យោធាថៃ ដែលគេថាផ្ទុយពីក្បួនខ្នាតបែបបទធ្វើសង្គ្រាម ហើយថាការខូចខាតក៏មិនខ្ទេចខ្ទាំដូចភាគីខ្មែរនិយាយបំផ្លើសនោះដែរ។
ជុំវិញបញ្ហានេះ អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានរំឭកភាគីទាំងអស់អំពីកាតព្វកិច្ច និងការប្ដេជ្ញាចិត្តរបស់ពួកគេក្នុងការគោរពច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៩៥៤ សម្រាប់ការការពារទ្រព្យសម្បត្តិវប្បធម៌ និងអនុសញ្ញាឆ្នាំ១៩៧២ ទាក់ទងនឹងការការពារបេតិកភណ្ឌវប្បធម៌ពិភពលោកក្នុងព្រឹត្តិការណ៍នៃជម្លោះប្រដាប់អាវុធនេះ។
យោងតាមសេចក្តីរាយការណ៍ប្រចាំថ្ងៃពីក្រសួងការពារជាតិកម្ពុជា បង្ហាញថា សង្គ្រាមរវាងប្រទេសថៃ និងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃ បានវាយប្រហារលើភូមិសាស្ត្រប្រាសាទព្រះវិហារ ប្រមាណជាង ៤០លើក ខណៈតំបន់ផ្សេងទៀតក្នុងទឹកដីកម្ពុជា ដែលនៅជាប់ព្រំដែនថៃ ក៏ត្រូវរងការវាយប្រហារមិនចាញ់ភូមិសាស្ត្រប្រាសាទព្រះវិហារដែរ។
ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ថា អាវុធ និងយុទ្ធោបករណ៍ដែលកងទ័ពថៃ បានវាយប្រហារលើតំបន់ប្រាសាទព្រះវិហារក្នុងសង្គ្រាមលើកទី២ រយៈពេល ២១ថ្ងៃកន្លងទៅនោះ មានកាំភ្លើងត្បាល់ កាំភ្លើងធំ ១៥៥មិល្លីម៉ែត្រ ផ្សែងពុល រថក្រោះ ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម រថយន្តបាញ់រ៉ុក្កែត DTI-2 កាំភ្លើង DK (១០៦) ដ្រូនអត្តឃាត កាំជ្រួចហ្វូង DTI-1G និងកម្លាំងថ្មើរជើងថៃ ផងដែរ។
សង្គ្រាមកម្ពុជា-ថៃ លើកទី២ មានរយៈពេល ២១ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ រហូតដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ហើយពេលនេះ សង្គ្រាមរវាងប្រទេសទាំងពីរកំពុងស្ថិតក្នុងដំណាក់កាលផ្អាកជាបណ្ដោះអាសន្ននៅឡើយ ក្រោយមានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ។
យ៉ាងណាមិញ មកទល់ថ្ងៃនេះ ស្ថានការណ៍តាមព្រំដែនក៏មិនទាន់ធានា ១០០% ថានឹងលែងមានការវាយប្រហារគ្នាដែរ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

