28.8 C
Phnom Penh

សហរដ្ឋ​អាមេរិក​ពិចារណា​ជម្រើស​ខ្លាំងក្លា​ធ្វើ​អន្តរាគមន៍​ចំពោះ​ស្ថានការណ៍​នៅ​ប្រទេស​អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ និយាយ​នៅ​ថ្ងៃ​អាទិត្យ ទី​១១ ខែ​មករា ឆ្នាំ​២០២៦ ថា លោក​កំពុងតែ​ថ្លឹងថ្លែង​អំពី​ជម្រើស​ដើម្បី​ឆ្លើយតប​នឹង​ភាព​ចលាចល​ដែល​កំពុង​កើន​ឡើង​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ រួម​ទាំង​ជម្រើស​យោធា​ដែល​អាច​ធ្វើ​ទៅ​បាន​ផង​ដែរ។

លោក ត្រាំ ព្រមាន​ថា អន្តរាគមន៍​របស់​កងទ័ព​សហរដ្ឋ​អាមេរិក​ជួយ​បាតុករ គឺ​មាន​ភាព​ខ្លាំងក្លា​ប្រឆាំង​អាជ្ញាធរ​អ៊ីរ៉ង់ បាញ់​សម្លាប់​បាតុករ​យ៉ាង​រង្គាល​នៅ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន Asia One News ចុះផ្សាយ​នៅ​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០២៦។

នៅ​ពេល​អ្នក​សារព័ត៌មាន​សួរ​នៅ​លើ​យន្តហោះ Air Force One ថា​តើ​អាជ្ញាធរ​អ៊ីរ៉ង់ បាន​ឆ្លងកាត់​បន្ទាត់​ក្រហម​កំណត់​ដោយ​សហរដ្ឋ​អាមេរិក​ហើយ​ឬ​នៅ? លោក ត្រាំ បាន​ឆ្លើយ​ថា ស្ថានភាព​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​កង​សន្តិសុខ​បាញ់​សម្លាប់​បាតុករ​យ៉ាង​រង្គាល មើល​ទៅ​កំពុង​ចាប់ផ្តើម ហើយ​ដើរ​ជាន់​បន្ទាត់​ក្រហម​ហើយ។

តែ​យ៉ាងណា លោក ត្រាំ បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​កំពុង​ពិនិត្យ​មើល​វា​យ៉ាង​ហ្មត់ចត់ ហើយ​កងទ័ព​កំពុង​ពិនិត្យ​មើល ហើយ​កំពុង​ពិនិត្យ​មើល​ជម្រើស​ដ៏​រឹងមាំ​មួយ​ចំនួន​ដែល​ត្រូវ​ធ្វើ​អន្តរាគមន៍​ជួយ​បាតុករ​អ៊ីរ៉ង់ ដែល​ករណី​នេះ​លោក​នឹង​ធ្វើ​ការ​សម្រេច​ចិត្ត​ដ៏​ឆាប់​នេះៗ។

ការ​ថ្លែង​របស់​លោក ត្រាំ ធ្វើឡើង​នៅ​ពេល​ដែល​ការ​តវ៉ា​ដ៏​ធំ​នៅតែ​បន្ត​អង្រួន​ប្រទេស​អ៊ីរ៉ង់ យ៉ាង​ធ្ងន់ធ្ងរ ខណៈ​កុបកម្ម​ផ្ទុះ​ពាសពេញ​ទាំង ៣១​ខេត្ត-ក្រុង​នៃ​ប្រទេស​អ៊ីរ៉ង់។

យោង​តាម​តួលេខ​ចុងក្រោយ​នៃ​ក្រុម​សិទ្ធិមនុស្ស HRANA អ៊ីរ៉ង់ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក បាន​និយាយ​ថា មនុស្ស​ស្លាប់​មាន​ចំនួន ៥៤៤​នាក់ និង​បុគ្គលិក​សន្តិសុខ​ចំនួន ៤៨​នាក់ ហើយ​ជាមួយ​គ្នា​នេះ មនុស្ស​ជាង ១០៦០០​នាក់​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​រយៈពេល ២​សប្តាហ៍​តាំងពី​ភាព​ចលាចល​បាន​ផ្ទុះ​ឡើង។

អ្នកជំនាញ​ព្រមាន​ថា បើ​សហរដ្ឋ​អាមេរិក​ធ្វើ​អន្តរាគមន៍​ជួយ​បាតុករ ប្រហែល​សហរដ្ឋ​អាមេរិក​វាយប្រហារ​តែ​ទៅ​លើ​ទីតាំង​យោធា និង​ទីតាំង​ស្តុក​គ្រាប់​មីស៊ីល​អ៊ីរ៉ង់ ដែល​ធ្វើ​យ៉ាងណា​ឱ្យ​កងទ័ព​អ៊ីរ៉ង់ ងាក​មក​ទប់ទល់​អាមេរិក ហើយ​នៅ​ជួរ​ក្នុង​រដ្ឋាភិបាល​អ៊ីរ៉ង់ ជាពិសេស​ក្រុម​គ្រួសារ​ជនផ្ដាច់ការ Ayatollah Ali Khamenei និង​ពួក​មន្ត្រី​ជាន់ខ្ពស់​រត់ចោល​ប្រទេស ព្រោះ​មិន​អាច​ទប់​ជាប់​មហា​បាតុកម្ម​ពី​ពលរដ្ឋ។

អ្នកជំនាញ​មើល​ឃើញ​ថា អ៊ីស្រាអែល​ក៏​អាច​អន្តរាគមន៍​ជួយ​កងទ័ព​អាមេរិក​ដែរ។ ក្រុម​អ្នក​ការទូត និង​នយោបាយ​អឺរ៉ុប ជាពិសេស​អង់គ្លេស ថ្លែង​ក្នុង​សភា​កាលពី​ចុង​សប្តាហ៍​មុន ដោយ​ចោទ​សួរ​រដ្ឋាភិបាល​ថា ការ​រំលោភ​ជិះជាន់​ធ្វើបាប​មនុស្ស មាន​ពាសពេញ​ពិភពលោក ហេតុ​អ្វី​លោក ត្រាំ សំដៅ​ជួយ​តែ​ពលរដ្ឋ​ក្នុង​ប្រទេស​មាន​ប្រេងកាត?

តែ​បែប​នេះ​ក្ដី មេដឹកនាំ​កំពូលៗ​អ៊ីរ៉ង់ បាន​ចោទ​ថា សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល នៅ​ពីក្រោយ​ការ​ញុះញង់​ឲ្យ​មាន​បាតុកម្ម ដោយ​ចង់​នាំ​រាជវង្ស​ព្រះចៅ Shah Muhammad Reza Pahlavi មក​កាន់​អំណាច​វិញ ហើយ​ព្រមាន​វាយប្រហារ​លើ​មូលដ្ឋាន​ទ័ព​អាមេរិក និង​អ៊ីស្រាអែល បើ​អាមេរិក​ធ្វើ​អន្តរាគមន៍​ដោយ​ប្រើ​កម្លាំង​សព្វាវុធ និង​យោធា​វាយប្រហារ​លើ​កងទ័ព​អ៊ីរ៉ង់។

ប្រធាន​សភា​អ៊ីរ៉ង់ លោក Mohammad Baqer Qalibaf បាន​ថ្លែង​ទៅ​សម័យប្រជុំ​សភា​កាលពី​ថ្ងៃ​អាទិត្យ ទី​១១ មករា ថា ករណី​មាន​ការ​វាយប្រហារ​លើ​អ៊ីរ៉ង់ គឺ​មូលដ្ឋាន​យោធា​អាមេរិក​នៅ​ក្នុង​តំបន់ និង​អ៊ីស្រាអែល នឹង​ក្លាយ​ជា​គោលដៅ​វាយប្រហារ​ស្រប​ច្បាប់​ពី​សំណាក់​កងទ័ព​អ៊ីរ៉ង់ ដែល​អ៊ីរ៉ង់​ត្រូវ​វាយ​យ៉ាង​សន្ធប់។

ការ​លើកឡើង​របស់​ប្រធាន​សភា​អ៊ីរ៉ង់ ធ្វើឡើង​ស្រប​ពេល​អ៊ីស្រាអែល មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​លទ្ធភាព​នៃ​ការ​ធ្វើ​អន្តរាគមន៍​ពី​សហរដ្ឋ​អាមេរិក ដើម្បី​គាំទ្រ​ចលនា​តវ៉ា​ទូទាំង​ប្រទេស​អ៊ីរ៉ង់ ប្រឆាំង​នឹង​របប​ដឹកនាំ​ប្រទេស​អ៊ីរ៉ង់ សព្វថ្ងៃ។ ទាំង​កងទ័ព​អ៊ីស្រាអែល និង​សហរដ្ឋ​អាមេរិក បាន​ត្រៀម​រួច​ហើយ​ដើម្បី​ធ្វើ​អន្តរាគមន៍ បើ​លោក ត្រាំ ចេញ​បទបញ្ជា​ឱ្យ​អន្តរាគមន៍​យោធា​ជួយ​បាតុករ​អ៊ីរ៉ង់។

ជាមួយ​គ្នា​នេះ បុត្រា​អតីត​ស្តេច Shah ម្នាក់​នៃ​ប្រទេស​អ៊ីរ៉ង់ បាន​ចេញ​ព្រះភ័ក្ត្រ​ទទូច​ឱ្យ​បុគ្គលិក​រដ្ឋាភិបាល និង​កងកម្លាំង​សន្តិសុខ ចូលរួម​ជាមួយ​ចលនា​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ដែល​ព្រះអង្គម្ចាស់​រាជទាយាទ Reza Pahlavi បញ្ជាក់​ថា ដល់​ពេល​ដែល​ត្រូវ​បញ្ចប់​របប​ផ្ដាច់ការ​នៃ​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។

ព្រះអង្គម្ចាស់​មាន​បន្ទូល​ទៀត​ថា៖ «បុគ្គលិក​ស្ថាប័ន​រដ្ឋ ព្រមទាំង​សមាជិក​នៃ​កម្លាំង​ប្រដាប់​អាវុធ និង​កម្លាំង​សន្តិសុខ ត្រូវ​ជ្រើសរើស​យក​ជម្រើស​មួយ គឺ​ឈរ​នៅ​ជាមួយ​ប្រជាជន ហើយ​ក្លាយ​ជា​សម្ពន្ធមិត្ត​របស់​ប្រជាជាតិ ដោយ​មិន​ត្រូវ​នៅ​ជាមួយ​របប​កាប់​សម្លាប់​ប្រជាជន​ខ្លួនឯង​នោះ​ទេ។»

នៅ​ក្នុង​សង្គម​អ៊ីរ៉ង់ សព្វថ្ងៃ​នេះ មេដឹកនាំ​អំណាច​ខ្ពស់​បំផុត គឺ Ayatollah Ali Khamenei អាយុ ៨៦​ឆ្នាំ។ គេ​ហៅថា​ជា​មេដឹកនាំ​កំពូល Supreme Leader មាន​ឋានៈ​លើ​ប្រធានាធិបតី។ Ali Khamenei កាន់​អំណាច​តាំងពី​ឆ្នាំ​១៩៨៩ បន្ទាប់ពី​មេដឹកនាំ​កំពូល Ayatollah Ruhollah Khomeini ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៨៩។ អំណាច​របស់​មេដឹកនាំ​កំពូល​នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ គឺ​គ្រប់គ្រង​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ គ្រប់គ្រង​នយោបាយ​សន្តិសុខ ប្រព័ន្ធ​សភា ប្រព័ន្ធ​តុលាការ ជា​អ្នក​សម្រេច​លើ​យុទ្ធសាស្ត្រ​សង្គ្រាម និង​ជា​មេដឹកនាំ​កំពូល​នៃ​ក្រុម​បព្វជិត​ឥស្លាម​ទៀត​ផង។

ចំណែកឯ​ប្រធានាធិបតី​មាន​មុខនាទី​គ្រប់គ្រង​រដ្ឋាភិបាល សេដ្ឋកិច្ច និង​គោលនយោបាយ​ប្រចាំ​ថ្ងៃ តែ​នៅ​ក្រោម​អំណាច​មេដឹកនាំ​កំពូល Supreme Leader។ ពួក​បស្ចិម​ប្រទេស​បាន​ហៅ Ayatollah Ali Khamenei ជា​កំពូល​ជនផ្ដាច់ការ​តែ​មួយ​គត់​ដែល​ប្រជាជន​អ៊ីរ៉ង់ គាំទ្រ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ត្រូវ​ទទួលស្គាល់ Ali Khamenei ជា​ទី​សក្ការៈ​ដែល​ខ្វះ​មិន​បាន៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស