28 C
Phnom Penh

នាយទាហាន​ថៃ បកស្រាយ​រឿង​អាជីវករ​ជនជាតិ​ចិន នៅ​ឃុំ​ថ្មដា លើក​ទង់ជាតិ​ចិន​និង​រើ​បន្លា​លួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនជាតិ​ចិន​មួយ​ក្រុម​បើក​ហាង​លក់​ម្ហូបអាហារ​នៅ​ឃុំ​ថ្មដា ស្រុក​វាលវែង ជាប់​ព្រំដែន​ថៃ ខេត្ត​ត្រាត បាន​នាំគ្នា​រុះរើ​លួស​បន្លា​ដែល​យោធា​ថៃ បាន​រាយ​ព័ទ្ធ​ទីតាំង​លក់ដូរ​របស់​គេ។

តាម​កាសែត​ថៃ ថៃ​រដ្ឋ ផ្សាយ​នៅ​ថ្ងៃទី​១៥ ខែ​មករា នេះ បាន​ស្រង់​សម្ដី​នាយទាហាន​ម៉ារីន​ថៃ មេបញ្ជាការ ថាំម៉ានូន វណ្ណា ជនជាតិ​ចិន ទាំងនោះ​បាន​រើ​ទាញ​លួស​បន្លា​ច្រើន​ជាន់​ពីក្រោយ​ហាង ទៅ​ដាក់​នៅ​មុខ​ហាង ដោយ​ខ្លាច​មាន​ចោរ​ចូល​គាស់​លួច​ទំនិញ។ យោធា​ថៃ បាន​ចរចា​ជាមួយ​អាជីវករ​ចិន​ទាំងនោះ ហើយ​ក៏​មាន​ការ​យល់​គ្នា​ទៅវិញ​ទៅមក គឺ​រក្សា​ទុក​លួស​បន្លា​នៅ​ដដែល ដោយ​ទាហាន​ថៃ ប្រចាំការ​ជាប់​ទីនោះ។

មេបញ្ជាការ ថាំម៉ានូន វណ្ណា ប្រាប់​កាសែត​ថា ជនជាតិ​ចិន​ទាំងនោះ​បង្ហូត​ទង់ជាតិ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ច្រក​ចេញ​ចូល​ទីប្រជុំជន​នោះ និង​ដឹក​ទំនិញ​ចេញ​ចូល​តាមចិត្ត។

ករណី​នេះ ពលរដ្ឋ​ខ្មែរ​ឆ្ងល់​ថា តើ​ជនជាតិ​ចិន បោះ​ទីតាំង​លំនៅឋាន និង​អាជីវកម្ម​ទីនោះ មកពី​ណា ហេតុ​អ្វី​ដោត​ទង់ជាតិ​ប្រទេស​ចិន?

រឿង​ដោយឡែក​មួយ​ទៀត អ្នក​នាំពាក្យ​យោធា​ថៃ កាលពី​ថ្ងៃទី​១៣ ខែ​មករា បាន​ប្រាប់​កាសែត​ថា ភាគី​ខ្មែរ​បាន​បង្ហោះ​ដ្រូន​ចូល​ដែនដី​ថៃ ក្នុង​សណ្ឋាន​បែប​ស៊ើបការណ៍ ហើយ​គេ​បាន​ប្រាប់​ឲ្យ​យោធា​ខ្មែរ​បញ្ឈប់​សកម្មភាព​នេះ។

ដំណាល​ពេល​គ្នា​នេះ ក្រសួង​ការពារ​ជាតិ​ថៃ ឲ្យ​កាសែត​ដឹង​ថា នៅ​ថ្ងៃទី​១២ ខែ​មករា គេ​បាន​ចុះ​កិច្ចសន្យា​ទិញ​រថពាសដែក IFVs កង់​កៅស៊ូ​៨ ម៉ាក VN1 ដែល​ផ្ទុក​កាណុង ១២០​មិល្លីម៉ែត្រ​ចំនួន ៣៨​គ្រឿង​ថែមទៀត​ពី​ក្រុមហ៊ុន​ឧស្សាហកម្ម​សព្វាវុធ​ចិន NORINCO ដើម្បី​បង្គ្រប់​យុទ្ធភណ្ឌ​ប្រើប្រាស់​សរុប​ចំនួន ១១១​គ្រឿង ក្នុង​តម្លៃ ៣២​លាន​ដុល្លារ៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស