26.6 C
Phnom Penh

អ្នក​ឃ្លាំមើល​គាំទ្រ​ការ​ផ្ដល់​សច្ចាប័ន​លើ​ច្បាប់​កំណត់​ព្រំដែន​សមុទ្រ​ជាមួយ​ប្រទេស​ជិតខាង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​ឃ្លាំមើល​ស្ថានការណ៍​កម្ពុជា ប្រកាស​គាំទ្រ​ការ​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​សម្រាប់​ប្រទេស​កម្ពុជា ព្រោះ​ច្បាប់​នេះ​នឹង​ក្លាយ​ជា​រនាំង​ដ៏​រឹងមាំ​សម្រាប់​ការពារ​ដែនសមុទ្រ​ខ្មែរ មិន​ឲ្យ​ប្រទេស​ជិតខាង​យក​កាន់កាប់​តទៅទៀត។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១៦ មករា ថា នៅ​ពេល​ដែល​ប្រទេស​កម្ពុជា ផ្តល់​សច្ចាប័ន​លើ​ច្បាប់​នេះ នោះ​ខ្មែរ​ប្រាកដជា​អាច​ការពារ​ទាំង​សមុទ្រ ទាំង​ដែនដី​តំបន់​តភ្ជាប់ ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស​លើ​ដែនសមុទ្រ​របស់​ខ្លួន​ដោយ​ពេញលេញ។

លោក​ពន្យល់​ថា សមុទ្រ​ដែនដី មាន​ន័យ​ថា កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការ​គ្រប់គ្រង​ជម្រៅ​សមុទ្រ​ចុះ​ទៅ​ក្រោម​រហូត​ដល់ ១២​គីឡូម៉ែត្រ រួម​ទាំង​មាន​សិទ្ធិ​គ្រប់គ្រង​លើ​លម្ហ​សមុទ្រ និង​លើ​អាកាស​ផង​ដែរ។ ចំណែក​តំបន់​តភ្ជាប់ មាន​ន័យ​ថា កម្ពុជា​អាច​គ្រប់គ្រង​លម្ហ​សមុទ្រ​រហូត​ដល់​ចម្ងាយ​ជាង ៤៤​គីឡូម៉ែត្រ ៤៤,៤​គីឡូម៉ែត្រ ឬ​ស្មើ​នឹង ២៤​ម៉ាយល៍។ រីឯ​តំបន់​សេដ្ឋកិច្ច​ពិសេស មាន​ន័យ​ថា កម្ពុជា​មាន​សិទ្ធិ​ផ្ដាច់មុខ​លើ​ធនធាន​ធម្មជាតិ ដូចជា ត្រី ប្រេង ឧស្ម័ន ការ​ស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការ​ការពារ​បរិស្ថាន ជាដើម ក្នុង​ចម្ងាយ​ជាង ៣០០​គីឡូម៉ែត្រ (៣៧០,៤​គីឡូម៉ែត្រ) ឬ​ស្មើ​នឹង ២០០​ម៉ាយល៍ ដោយ​គិត​ពី​ឆ្នេរសមុទ្រ​របស់​ខ្លួន។

លោក ម៉ែន ណាត លើកឡើង​ថា ក្រោយ​ផ្តល់​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ កម្ពុជា​មិន​ត្រូវ​នៅ​ស្ងៀម​ទេ គឺ​ត្រូវ​តវ៉ា​ក្នុង​ពេល​សមស្រប​ណា​មួយ ដោយ​ទាមទារ​ដែនសមុទ្រ​របស់​ខ្លួន​ទាំង​ដែនសមុទ្រ​ត្រួតស៊ីគ្នា​ជាមួយ​ថៃ និង​វៀតណាម ព្រមទាំង​ដែនសមុទ្រ​ដែល​ប្រទេស​ទាំង​ពីរ​បាន​រំលោភ​បំពាន​នា​ពេល​កន្លង​មក​ផង​ដែរ ស្រប​តាម​គោលការណ៍​ច្បាប់​សមុទ្រ​នេះ។

លោក​ថា បើ​គិត​ពី​លម្ហ​សមុទ្រ​ដែល​ស្ថិត​ក្នុង​តំបន់​ត្រួតស៊ីគ្នា​រវាង​កម្ពុជា-វៀតណាម និង​តំបន់​ត្រួតស៊ីគ្នា​រវាង​កម្ពុជា-ថៃ រួម​ទាំង​ដែនសមុទ្រ​ដែល​វៀតណាម និង​ថៃ បាន​រំលោភ​យក​ក៏ដោយ ក៏​កម្ពុជា​មាន​ចម្ងាយ​ជិត​ជាង​ប្រទេស​ទាំង​ពីរ​នេះ​ដែរ ដោយ​គិត​ចាប់ពី​ឆ្នេរ​របស់​កម្ពុជា ទៅ​កាន់​ដែនសមុទ្រ​ទាំងនោះ ដូច្នេះ កម្ពុជា​នៅតែ​អាច​តវ៉ា​ទាមទារ​ដែនសមុទ្រ​ទាំងនោះ​បាន​មក​វិញ​ដោយ​ស្រប​ច្បាប់។

អ្នក​ឃ្លាំមើល​សង្គម​រូប​នេះ បញ្ជាក់​ថា ក្រោយ​ការ​ផ្ដល់​សច្ចាប័ន កម្ពុជា​អាច​ប្រើ​ច្បាប់​នេះ​ដោយ​ពេញលេញ​ដើម្បី​ការពារ​ដែនសមុទ្រ​របស់​ខ្មែរ ព្រោះ​ការ​កំណត់​ដែនសមុទ្រ​រវាង​កម្ពុជា-វៀតណាម រួម​ទាំង​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​ប្រទេស​ថៃ ឆ្នាំ​២០០១ (MOU-2001 ឬ MOU44) ស្ដីពី​តំបន់​សមុទ្រ​ត្រួត​គ្នា​កាលពី​ពេល​កន្លង​ទៅ​នោះ គឺ​ប្រាសចាក​ពី​ច្បាប់​សមុទ្រ​នេះ​ទាំងអស់។

ការ​អះអាង​នេះ ធ្វើឡើង​បន្ទាប់ពី​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ច្បាប់​សមុទ្រ ត្រូវ​រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​យល់ព្រម​នៅ​ថ្ងៃ​សុក្រ ចុង​សប្តាហ៍​កន្លង​ទៅ។

នៅ​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២៦ រដ្ឋសភា​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ថា សមាជិក​រដ្ឋសភា​កម្ពុជា​ទាំងអស់ បាន​អនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​នីតិ​សមុទ្រ​ដើម្បី​កំណត់​ក្របខ័ណ្ឌ​គតិយុត្តិ​នៃ​ការ​កំណត់​ព្រំដែន​សមុទ្រ សេរីភាព​ផ្នែក​នាវាចរណ៍​តាម​ផ្លូវ​សមុទ្រ សិទ្ធិ និង​កាតព្វកិច្ច​ក្នុង​ការ​ប្រើប្រាស់​លម្ហ​សមុទ្រ​របស់​កម្ពុជា ឱ្យ​បាន​ពេញលេញ។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​នេះ​អះអាង​ថា ការ​អនុម័ត​លើ​ច្បាប់​នេះ គឺ​ដើម្បី​ផ្តល់​អត្ថប្រយោជន៍​ដល់​កម្ពុជា ដែល​ជា​ប្រទេស​មាន​សមុទ្រ និង​ទទួល​បាន​នូវ​ក្របខ័ណ្ឌ​ច្បាប់​សមុទ្រ​មួយ​ពេញលេញ​សម្រាប់​កិច្ចការ​សមុទ្រ​របស់​ខ្លួន។

ជាង​នេះ​ទៀត ក៏​ដើម្បី​ទទួល​បាន​ការ​ការពារ​តាម​ច្បាប់​សមុទ្រ​អន្តរជាតិ ទាក់ទង​នឹង​ការ​គ្រប់គ្រង​សមុទ្រ និង​ការ​ពង្រឹង​តួនាទី​កម្ពុជា​លើ​ឆាក​អន្តរជាតិ តាមរយៈ​ការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដោយ​ស្មើ​មុខ​ក្នុង​ការ​គ្រប់គ្រង​សមុទ្រ រួម​ទាំង​ការ​ដោះស្រាយ​បញ្ហា​សមុទ្រ​ជាមួយ​បណ្តា​ប្រទេស​នានា និង​មាន​សិទ្ធិ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាសភាព​អាជ្ញាធរ​បាតសមុទ្រ​អន្តរជាតិ ក៏ដូចជា​ចៅក្រម​តុលាការ​អន្តរជាតិ​នីតិ​សមុទ្រ​ផង​ដែរ។

ប្រភព​ដដែល​អះអាង​ថា សេចក្តី​ព្រាងច្បាប់​ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​អនុសញ្ញា​អង្គការ​សហប្រជាជាតិ​ស្ដីពី​នីតិ​សមុទ្រ​មាន ៣​មាត្រា។ ចំណែក​អនុសញ្ញា​អង្គការ​សហប្រជាជាតិ ស្ដីពី​នីតិ​សមុទ្រ​ឆ្នាំ​១៩៨២ ត្រូវ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​១០ ខែ​ធ្នូ ឆ្នាំ​១៩៨២ និង​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ខណៈ​កម្ពុជា បាន​ចុះហត្ថលេខា​លើ​អនុសញ្ញា​នេះ​តាំងពី​ថ្ងៃទី​១ ខែ​កក្កដា ឆ្នាំ​១៩៨៣ មក​ម្ល៉េះ។

យ៉ាងណាមិញ ក្រុម​អ្នក​នយោបាយ​ជំទាស់ ធ្លាប់​បាន​ចោទ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន នៃ​គណបក្ស​ប្រជាជន​កម្ពុជា ថា​បាន​ប្រគល់​ដែនដី​ដែនទឹក​សមុទ្រ​ឲ្យ​រដ្ឋការ​ក្រុង​ហាណូយ អស់​ជាច្រើន​តាមរយៈ​ការ​ចុះ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​ជាច្រើន​តាំងពី​ឆ្នាំ​១៩៧៩ រហូត​ដល់​ឆ្នាំ​២០១៩។

លោក ស៊ាន ប៉េងសែ អ្នកឯកទេស​ខាង​ផែនទី រ៉ែ​ធម្មជាតិ កាល​លោក​នៅ​រស់ ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ប្រទេស​ថៃ គេ​គិត​ថា​បើ​រដ្ឋាភិបាល​ខ្មែរ​ធ្វើ​សម្បទាន​ដែនដី​ដែនទឹក​ទៅ​ប្រទេស​យៀកណាម ធំ​ទូលំទូលាយ​ម្ល៉ឹងៗ ហេតុ​អ្វី​ថៃ យក​មិន​បាន។

រដ្ឋសភា​កម្ពុជា បញ្ជាក់​ថា អនុសញ្ញា​នេះ​បាន​កំណត់​អំពី​ក្របខ័ណ្ឌ​គតិយុត្តិ​នៃ​ការ​កំណត់​ព្រំដែន​សមុទ្រ សេរីភាព​ផ្នែក​នាវាចរណ៍​តាម​ផ្លូវ​សមុទ្រ សិទ្ធិ និង​កាតព្វកិច្ច​របស់​រដ្ឋ​ភាគី​ក្នុង​ការ​ប្រើប្រាស់​លម្ហ​សមុទ្រ និង​សេចក្តី​ណែនាំ​នានា​សម្រាប់​ការ​ធ្វើ​ធុរកិច្ច កិច្ចការពារ​បរិស្ថាន ព្រមទាំង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​សមុទ្រ​ដ៏​សម្បូរ​បែប​ផង​ដែរ។

ជុំវិញ​បញ្ហា​នេះ កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០២៥ ឯកអគ្គរដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា លោក ហ្សាក់ ប៉ឺឡេ (Jacques Pellet) បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សច្ចាប័ន​លើ​ច្បាប់​សមុទ្រ (UNCLOS) ដើម្បី​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​សមុទ្រ និង​កោះ​ជាមួយ​ប្រទេស​ជិតខាង ទាំង​វៀតណាម និង​ថៃ។

ចំណែក​ចៅក្រម​នៃ​តុលាការ​អន្តរជាតិ​សម្រាប់​ច្បាប់​សមុទ្រ (International Tribunal for the law of the sea “ITLOS”) និង​ជា​អតីត​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក Horinouchi កាលពី​ថ្ងៃទី​១៨​ខែ​មីនា ឆ្នាំ​២០២៥ ក៏​ធ្លាប់​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​សច្ចាប័ន​លើ​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ ស្ដីពី​ច្បាប់​សមុទ្រ (UNCLOS) ឆ្នាំ​១៩៨២ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នៅ​ដែនសមុទ្រ ព្រមទាំង​អាច​ដោះស្រាយ​ដែនសមុទ្រ និង​កោះ​របស់​កម្ពុជា ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​ថៃ និង​វៀតណាម ផង​ដែរ។

គួរ​បញ្ជាក់​ថា ឆ្នាំ​១៩៨២ ជា​ឆ្នាំ​ដែល​លោក ហ៊ុន សែន និង​លោក ហេង សំរិន សុខចិត្ត​ចុះហត្ថលេខា​ឲ្យ​ដែនសមុទ្រ​ខ្មែរ​ទៅ​ប្រទេស​យៀកណាម តាម​ការ​ចុះ​សន្ធិសញ្ញា​នៅ​ខែ​កក្កដា៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស