អ្នកជំនាញខាងវិទ្យាសាស្ត្រនយោបាយ អះអាងដោយចោទថា ថៃប្រើលេសលើកពេលកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) ក្នុងបំណងកម្ទេចផ្ទះពលរដ្ឋ និងអគាររដ្ឋបាលផ្សេងៗក្នុងទឹកដីប្រទេសកម្ពុជា ដែលពួកគេបានកាន់កាប់ ដើម្បីលុបបំបាត់ភស្តុតាងដែលជាអត្តសញ្ញាណខ្មែរទាំង ១៤កន្លែងឱ្យចប់សព្វគ្រប់ឱ្យអស់មុនពេលរដ្ឋាភិបាលថ្មីរបស់ថៃ កើតឡើង ទើបថៃ យល់ព្រមចូលតុប្រជុំចរចាជាមួយប្រទេសកម្ពុជា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ បណ្ឌិត ឥន សុផល សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៦ មករា ថា ការពន្យារពេលកិច្ចប្រជុំនេះ គឺជាសេណារីយ៉ូមួយដែលថៃ ប្រើដើម្បីពន្យារពេលឱ្យដល់ក្រោយបោះឆ្នោត និងការរៀបចំរដ្ឋាភិបាលថ្មី។
លោកថា ផ្ទុយទៅវិញ បើការបង្កើតរដ្ឋាភិបាលថ្មីនោះជាប់គាំង ការពន្យារពេលនេះអាចនឹងត្រូវចំណាយពេលប្រមាណជា ៣ខែទៅ ៥ខែបន្ថែមទៀត។
បណ្ឌិត ឥន សុផល លើកឡើងថា ក្រោយសាងសង់សំណង់រឹងបានរឹងមាំ ថៃនឹងបើកផ្លូវចរចាជាមួយកម្ពុជា ប៉ុន្តែពេលនោះ ពួកគេប្រាកដជាទាមទារឱ្យកម្ពុជា ទទួលស្គាល់ការកាន់កាប់លើដីជាក់ស្តែងយ៉ាងពិតប្រាកដ។ ផ្ទុយទៅវិញ បើកម្ពុជាមិនព្រម ហើយបើមើលទៅកម្ពុជាខ្សោយខាងយោធា និងការទូត ថៃនឹងលើកយកសង្គ្រាមមកគំរាមកម្ពុជា ម្តងទៀតជាមិនខាន។
លោកបន្ថែមថា បើនយោបាយការទូតនៃប្រទេសកម្ពុជា ខ្លាំង និងមានសម្ពាធពីអន្តរជាតិ ដូចជា ចិន និងសហរដ្ឋអាមេរិក ជាដើម ថៃអាចនឹងយល់ព្រមទទួលយកផែនទីខ្នាត ១/២០០០០០ តាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ ប៉ុន្តែថៃ ក៏ទំនងជាមិនព្រមដកកងទ័ពចេញពីតំបន់ទាំង ១៤ ដែលពួកគេបានយកទៅកាន់កាប់ដែរ។
លោកអះអាងថា ថៃអាចនឹងលើកសំណើតាមគោលការណ៍កាន់កាប់លើដីជាក់ស្តែង ដោយសំអាងថា ថៃមិនអាចរុះរើសំណង់រឹងរបស់ខ្លួនបានទេ ដូច្នេះ ថៃអាចនឹងស្នើសុំដោះដូរដីជំនួសវិញ ប៉ុន្តែបើកម្ពុជាមិនព្រមតាមសំណើនេះ ថៃអាចនឹងដាក់សម្ពាធដោយលើកហេតុផលបិទដែនសមុទ្រកម្ពុជា ព្រោះថៃ ដឹងថា ដែនសមុទ្រ គឺជាដង្ហើមរស់ធំបំផុតរបស់ខ្មែរ។
បណ្ឌិត ឥន សុផល ផ្តាំកូនខ្មែរថា កម្ពុជានិងថៃ គ្មានសន្តិភាពទេអស់រយៈពេលជិត ៧០០ឆ្នាំមកហើយ (៦៧៥ឆ្នាំ) ចាប់ពីឆ្នាំ១៣៥១ ដល់ឆ្នាំ២០២៦ នេះ គឺថៃ ប្រើវិធីសាស្ត្រឈ្លានពានទឹកដីខ្មែរតាមរូបភាពដដែលៗមិនផ្លាស់ប្ដូរ និងយកទឹកដីខ្មែរបានជាបន្តបន្ទាប់។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីថៃ ស្នើសុំពន្យារពេលកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) ជាលើកទី២ ក្រោយភាគីកម្ពុជា ស្នើបើកកិច្ចប្រជុំនៅចុងខែមករា ឆ្នាំ២០២៦ នេះ។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការកិច្ចការព្រំដែនរបស់កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានថា គម្រោងកិច្ចប្រជុំគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) ដែលកម្ពុជា បានស្នើទៅកាន់ភាគីថៃ ដែលនឹងត្រូវរៀបចំឡើងនៅសប្តាហ៍ទី២ និងសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នេះ ក្នុងខេត្តសៀមរាប ត្រូវបានភាគីថៃ ស្នើលើកពេលជាលើកទី២ ហើយ។
ប្រភពដដែលអះអាងថា ភាគីថៃ បានលើកហេតុផលថា ពួកគេរង់ចាំនីតិវិធីផ្ទៃក្នុងដើម្បីតែងតាំងសមាសភាពថ្មីនៃគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) ថ្មីសិន បន្ទាប់ពីគណៈរដ្ឋមន្ត្រីថ្មីរបស់ថៃ ត្រូវបានបង្កើតឡើងក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។
កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្រោយកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅរវាងកម្ពុជា-ថៃ (GBC) បានចេញសេចក្តីប្រកាសព័ត៌មានរួមគ្នាមួយ ដោយឯកភាពគ្នាប្រគល់តួនាទីឱ្យគណៈកម្មាធិការចម្រុះព្រំដែន (JBC) បន្តអនុវត្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្ដីប្រកាសព័ត៌មានថា កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) នៃភាគីទាំងពីរដែលគ្រោងនឹងរៀបចំឡើងនៅសប្តាហ៍ទី១ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប តាមសំណើរបស់ភាគីកម្ពុជា ត្រូវបានភាគីថៃ ស្នើសុំលើកពេល ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង។
រហូតដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្ពុជាបានដាក់កំណត់ទូតជាលើកទី២ ទៅភាគីថៃ ម្តងទៀត ដើម្បីសុំបើកកិច្ចប្រជុំពិសេសគណៈកម្មការខណ្ឌសីមាព្រំដែនគោក (JBC) នៅក្នុងសប្តាហ៍ទី២ ឬទី៣ នៅខែមករា ដដែលនេះ ប៉ុន្តែភាគីថៃ បានស្នើសុំពន្យារពេលរហូតដល់ក្រោយការបោះឆ្នោតបន្តទៀត។
ចំពោះការយឺតយ៉ាវ ពន្យារពេលលើកពេលនេះ យោងតាមកាសែត The Nation របស់ថៃ កាលពីសប្តាហ៍មុន ភាគីថៃ បានប្រាប់ភាគីខ្មែរអំពីហេតុផលបីយ៉ាងទាក់ទងនឹងរបៀបដឹកនាំប្រទេសថៃឡង់ដ៍។
នាយករដ្ឋមន្ត្រី អនុធីន ឆានវីរៈគុល ពន្យល់ថា៖
- ទី១ ក្នុងនាមលោកជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន ឬអន្តរកាល រហូតដល់មានរដ្ឋាភិបាលថ្មីក្រោយការបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ លោកគ្មានអំណាចពេញលេញក្នុងការសម្រេចកិច្ចការជាតិធំៗទេ
- ទី២ ភាគីថៃ ត្រូវតែងតាំងសមាសភាពថ្មីក្នុងគណៈកម្មការខណ្ឌសីមាព្រំដែនគោក ដែលត្រូវរៀបចំក្រោយមានគណៈរដ្ឋមន្ត្រីថ្មី
- ទី៣ អាណត្តិប្រធានគណៈកម្មការខណ្ឌសីមាព្រំដែនគោក បានចប់ទៅហើយ ដែលមិនអាចតែងតាំងតាមតែចិត្តទៅបាន។
ទាក់ទងនឹងវិវាទព្រំដែនដែលបង្កទៅជាចម្បាំងរាំងជល់ចោទគ្នាទៅវិញទៅមក បាញ់ផ្លោងដាក់គ្នាទៅវិញទៅមកប្រមាណ ២៧ថ្ងៃនោះ រាជរដ្ឋាភិបាលមិនបានផ្តល់ព័ត៌មានជាសាធារណៈអំពីស្ថិតិទាហានខាងខ្មែរស្លាប់ របួស ឬបាត់ខ្លួនប៉ុន្មាននាក់ច្បាស់លាស់ទេ។
សារព័ត៌មានជប៉ុន Nikkei Asia ផ្សាយកាលពីថ្ងៃទី១៣ ខែមករា កន្លងទៅនេះ តាមរយៈការស្រាវជ្រាវស្រង់ស្ថិតិពីសមាជិកគ្រួសារយោធានៃកងយោធពលខេមរភូមិន្ទ ថតពីធីបុណ្យបូជាសពទាហានពលីជីវិតក្នុងសមរភូមិ ថាមានប្រមាណជាង ១០០នាក់។ រូបភាពបន្ថែមទៀតពីសមាជិកក្រុមគ្រួសារកាន់ទុក្ខគោរពវិញ្ញាណក្ខន្ធសព គេសន្មតថាអាចឡើងដល់ ១៣០នាក់ ទោះជាគេមិនអាចបញ្ជាក់បានជាក់លាក់ទាំងស្រុងដោយប្រភពឯករាជ្យណាមួយក្តី៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

