28.4 C
Phnom Penh

ប្រធានាធិបតី​អាមេរិក​អញ្ជើញ​ប្រទេស ៦០ ចូល​ជា​សមាជិក​គំនិត​ផ្ដួចផ្ដើម​ក្រុម​អភិបាល​សន្តិភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មករា បាន​ចុះហត្ថលេខា​លើ​ការ​បង្កើត​ធម្មនុញ្ញ​នៃ​ក្រុម​អភិបាល​សន្តិភាព​ជា​ផ្លូវការ នៅ​ឯ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ក្នុង​ទីក្រុង​ដាវ៉ូស (Davos) ប្រទេស​ស្វីស។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​បណ្ដាញ​ផ្សាយ​ព័ត៌មាន CNN នៅ​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០២៦។

លោក ត្រាំ បាន​ផ្ញើ​លិខិត​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ចំនួន ៦០ ដើម្បី​អញ្ជើញ​ពួកគេ​ឱ្យ​ចូលរួម​ក្នុង​ក្រុម​អភិបាល​សន្តិភាព ហើយ​ក្នុង​នោះ​មាន​ប្រទេស​ខ្លះ​បាន​ទទួលយក​ការ​អញ្ជើញ​ស្ម័គ្រ​ចូល​ជា​សមាជិក ខ្លះ​បដិសេធ និង​ខ្លះ​ទៀត​មិន​ទាន់​ឆ្លើយតប​ដោយ​ស្ទាក់ស្ទើរ។

តាម​ទីភ្នាក់ងារ​ព័ត៌មាន Associated Press (AP) ប្រទេស​ដែល​បាន​ទទួល​សេចក្តី​អញ្ជើញ​ពី​លោក ត្រាំ ហើយ​សុខចិត្ត​ចូល​ជា​សមាជិក រួម​មាន៖

  • អារ៉ាប់រួម អេមីរ៉ាត
  • បាហរ៉ែន
  • អេហ្ស៊ីប
  • ប៉ាគីស្ថាន
  • ម៉ារ៉ុក
  • កូសូវ៉ូ
  • អាហ្សង់ទីន
  • កាហ្សាក់ស្ថាន
  • អាមីនីញ៉ា
  • អាហ្សឺបាចាន
  • បេឡារុស្ស
  • ហុងគ្រី
  • និង​វៀតណាម។

ចំណែក​ប្រទេស​បាន​ទទួល​សេចក្តី​អញ្ជើញ ប៉ុន្តែ​មិន​ទាន់​សម្រេច​ចិត្ត​នា​ពេលនេះ រួម​មាន បារាំង ស៊ុយអែត ន័រវែស។

រីឯ​ប្រទេស​ដែល​មិន​ប្ដេជ្ញាចិត្ត​ចូលរួម រួម​មាន៖

  • ចិន
  • អង់គ្លេស
  • ក្រូអាត
  • អាល្លឺម៉ង់
  • អ៊ីតាលី
  • ផ្នែក​ខ្លះ​នៃ​សហភាព​អឺរ៉ុប
  • ប៉ារ៉ាហ្គាយ
  • រុស្ស៊ី
  • សិង្ហបុរី
  • ស្លូវើនៀ
  • តួកគី
  • និង​អ៊ុយក្រែន។

មក​ទល់​ថ្ងៃ​នេះ​មាន​ប្រទេស​ប្រមាណ ២០ ចូលរួម។

តាម​ធម្មនុញ្ញ​នៃ​ក្រុម​អភិបាល​សន្តិភាព​នេះ លោក ដូណាល់ ត្រាំ នឹង​កាន់​តំណែង​ជា​ប្រធាន​មួយ​ជីវិត ដោយ​ចែង​អំពី​ភារកិច្ច​ជួយ​លើកកម្ពស់​សន្តិភាព និង​ជួយ​ដោះស្រាយ​ជម្លោះ​នៅ​ជុំវិញ​ពិភពលោក​តាម​មធ្យោបាយ​ទន់ភ្លន់ យល់​ជម្រៅ​កិច្ចការ ដោយ​ផ្តើម​ពី​តំបន់​ហ្កាហ្សា ដែនដី​ប៉ាឡេស្ទីន។

ក្នុង​ក្រុម​អភិបាល​សន្តិភាព រដ្ឋ​ជា​សមាជិក​នឹង​ត្រូវ​បាន​កំណត់​អាណត្តិ​ត្រឹម ៣​ឆ្នាំ ហើយ​អាច​នៅ​ជា​សមាជិក​អចិន្ត្រៃយ៍ បើ​បង់​វិភាគទាន ១​ពាន់​លាន​ដុល្លារ​ជា​ប្រាក់​សុទ្ធ​ពី​ដើមដំបូង។

ក្រុម​អ្នកវិភាគ​នយោបាយ​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន ខ្លះ​ពោល​ថា​គំនិត​ផ្ដួចផ្ដើម​ពី​លោក ត្រាំ នេះ គឺ​ចង់​ដើរតួ​ជំនួស​អង្គការ​សហប្រជាជាតិ​ដើម្បី​ជួយ​ដោះស្រាយ​វិវាទ​ក្នុង​ពិភពលោក ប៉ុន្តែ​អ្នក​ខ្លះ​ពោល​ថា សហរដ្ឋ​អាមេរិក​មិន​គួរ​បង្កើត​អង្គការ​ទៅ​ជំនួស​អង្គការ​សហប្រជាជាតិ​នោះ​ទេ គួរ​ជួយ​ទ្រទ្រង់​អង្គការ​សហប្រជាជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព​វិញ​ប្រសើរ​ជាង ខណៈ​ដែល​លោក ត្រាំ កំពុង​ធ្វើ​ឲ្យ​សម្ពន្ធមិត្ត​ណាតូ (NATO) មិន​សប្បាយ​ចិត្ត ឬ​ឈាន​ទៅ​រក​ការ​បែកបាក់​សម្ពន្ធភាព​យោធា​ដែល​មាន​អាយុ ៧៦​ឆ្នាំ​នោះ។

អ្នកវិភាគ​ខ្លះ​ទៀត​មិន​ជឿ​ថា​លោក ត្រាំ គិត​អំពី​បញ្ហា​ពិភពលោក​ទេ។ គេ​ថា​គាត់​គិត​អំពី​រឿង​បណ្ដាក់ទុន​ក្រោយពី​លោក​បំផុស​គំនិត​ចង់​យក​ដែនដី​ហ្កាហ្សា ប៉ាឡេស្ទីន ស្ថាបនា​តំបន់​ទេសចរណ៍ អគារ​ខ្ពស់​ស្កឹមស្កៃ កាស៊ីណូ រមណីយដ្ឋាន ជាមួយ​កូនប្រសា ដោយ​ជម្លៀស​ជនជាតិ​អារ៉ាប់​ប៉ាឡេស្ទីន ចេញពី​មាតុភូមិ​ទៅ​នៅ​ទឹកដី​អាហ្វ្រិក ដូចជា​ប្រទេស​អេហ្ស៊ីប យេមែន ឬ​ស៊ូដង់ វិញ។

ថ្មីៗ​នេះ លោក ត្រាំ បាន​ធ្វើ​ឲ្យ​មេដឹកនាំ​ដាណឺម៉ាក ក្តៅក្រហាយ ព្រោះ​លោក​ចង់​ប្រើ​កម្លាំង​ទ័ព​ទៅ​យក​ដែនដី Greenland នៅ​តំបន់​សមុទ្រ​អាកទិក​ខាងជើង ដែល​ពិភពលោក​ទទួលស្គាល់​ថា​ជា​បូរណភាព​ដែនដី​រាជាណាចក្រ​ដាណឺម៉ាក បន្ទាប់ពី​លោក​ប្រើ​កម្លាំង​ទ័ព​ចាប់​មេដឹកនាំ​វេណេហ្ស៊ុយអេឡា គ្រប់គ្រង​ប្រេងកាត និង​ចំណូល​ពី​ប្រេងកាត​ដោយ​រូបលោក​ផ្ទាល់។

ការស្ទង់មតិ​ពលរដ្ឋ​អាមេរិកាំង​អំពី​គោលនយោបាយ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ផ្សាយ​នៅ​ថ្ងៃ​ពុធ ទី​២១ ខែ​មករា ក្នុង​ទូរទស្សន៍ MSNOW បង្ហាញ​ថា ពលរដ្ឋ ៨៦% គិត​ថា​លោក​ដឹកនាំ​ខុស​ទិស៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស