33.8 C
Phnom Penh

សេណារីយ៉ូ​យ៉ាងតិច​៣ ដែល​អាច​បញ្ចប់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្នុង​ពេល​ថ្មីៗ​នេះ ចំ​ពេល​ដែល​ការ​តវ៉ា​របស់​ប្រជាជន​កាន់តែ​ផ្ទុះ​ខ្លាំង​ឡើង ហើយ​សម្ពាធ​សេដ្ឋកិច្ច​កាន់តែ​គាបសង្កត់​យ៉ាង​ធ្ងន់ធ្ងរ​ទៀត​នោះ មាន​ប្រធានបទ​មួយ​ដ៏​ក្តៅ​គគុក​ក្រោម​ការ​ចោទ​សួរ​របស់​ប្រជាជន​អ៊ីរ៉ង់ ជាច្រើន​លាន​នាក់ ក៏ដូចជា​សហគមន៍​អន្តរជាតិ​ផង​ដែរ។

សំណួរ​សួរ​ថា តើ​របប​នៃ​សាធារណរដ្ឋ​ឥស្លាម អាច​ត្រូវ​បាន​ទាញ​ទម្លាក់​ដោយ​មធ្យោបាយ​ណា​ខ្លះ?

យ៉ាងណា ប្រវត្តិសាស្ត្រ​បង្ហាញ​ថា របប​នេះ​មាន​ភាព​រឹងមាំ​ដែល​មាន​អាយុកាល ៤៧​ឆ្នាំ​មក​ហើយ និង​មិន​ងាយ​បំបែក​បាន​នោះ​ឡើយ។ ម្យ៉ាង​ទៀត របប​នេះ​មិន​ទុក​ឱកាស​ឱ​សង្គម និង​ប្រទេស​ជាតិ​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ឡើយ។

របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ដែល​មាន​អាយុកាល ៤៧​ឆ្នាំ​មក​នេះ កំពុង​គ្រប់គ្រង​យ៉ាង​រឹងមាំ​នៅ​ក្រោម​មហាជិក​សាសនា Ayatollah Ali Khamenei និង​គ្រួសារ​របស់​គាត់ ហើយ​គាំទ្រ​ដោយ​ប៉ូលិស កងកម្លាំង​សន្តិសុខ និង​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។ រដ្ឋាភិបាល​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ចាប់​កើត​រូបរាង​ឡើង​ដោយសារ​ការ​បះបោរ​ដោយ​ហិង្សា​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​របប​រាជា​និយម កែទម្រង់​នៃ​ព្រះបិតា​របស់​ព្រះអង្គម្ចាស់​រាជទាយាទ Renza Pahlavi។

កាលពី​ផ្ទុះ​កុបកម្ម​កន្លង​មក​របស់​ប្រជាជន​អ៊ីរ៉ង់ គឺជា​ការ​ចាប់​យក​ដណ្ដើម​អំណាច​រដ្ឋ​ពី​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។ ប្រជាជន​ចេញ​ធ្វើ​បាតុកម្ម​ដែល​ឈាន​ដល់​កុបកម្ម​មាន​ដល់ ៦​លាន​នាក់​នៅ​ទាំង​ប្រទេស ទាំង ៣១​ខេត្ត-ក្រុង។ គ្រាន់តែ​នៅ​រដ្ឋធានី​តេហេរ៉ង់ មាន​ប្រជាជន​ចូលរួម​ដល់​ទៅ ១​លាន ៥​សែន​នាក់។

ជាមួយ​នឹង​ការ​លើក​ទឹកចិត្ត​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ក្រុម​កុបករ​នៅ​រដ្ឋធានី​តេហេរ៉ង់ មាន​ផែនការ​ចាប់​យក​រដ្ឋធានី​តេហេរ៉ង់។ ប្រសិនបើ​កុបករ​ចាប់​យក​រដ្ឋធានី​នេះ​បាន គឺជា​ការ​ប្រកាស​វាយ​ផ្ដួល​រំលំ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ តែ​ក្នុង​រយៈពេល​កុបកម្ម​ផ្ទុះ​ខ្លាំង​ដូច​រលក​សូណាមិ​រយៈពេល ៣​ថ្ងៃ ពី​ថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៦ នេះ របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ បាន​បញ្ចេញ​កង​ឆ្មាំ​បដិវត្តន៍​រាប់​ពាន់​នាក់​សម្រុក​បាញ់​សម្លាប់ ដោយ​កុបករ​ស្លាប់​យ៉ាង​រង្គាល។

របាយការណ៍​មួយ​របស់​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នោះ បាតុករ​អាច​ស្លាប់​ដល់​ទៅ ៤០០០០​នាក់ និង​របួស​ជាង ១០០០០០​នាក់។ បាតុករ​ត្រូវ​បាន​ចាប់​ខ្លួន​ជាង ៣០០០០​នាក់។ មនុស្ស ៣០០០០​នាក់​នេះ កំពុង​ប្រឈមមុខ​ការ​កាត់ទោស​ធ្ងន់ធ្ងរ​រហូត​មាន​ទោស​ប្រហារ​ជីវិត និង​ព្យួរ​ក។ នេះ​តាម​ការ​ចុះផ្សាយ​ដោយ​សារព័ត៌មាន AP នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៦។

ប្រជាជន​អ៊ីរ៉ង់ ទោះ​ជា​ស្ងប់ស្ងាត់​បន្តិច​ក្ដី តែ​គោលដៅ​របស់​ពួកគេ​នៅតែ​រង់ចាំ​ឱកាស​មក​ដល់​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​រុញ​ទម្លាក់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។

ជុំវិញ​ស្ថានការណ៍​ដែល​មិន​អាច​ស្មាន​ដឹង​ទុក​មុន​ដែល​ប្រជាជន​អ៊ីរ៉ង់ ផ្ទុះ​ការ​តវ៉ា​ភ្លូកទឹកភ្លូកដី​កន្លង​មក​នេះ កំពុង​ពិនិត្យ​ឃើញ​សេណារីយ៉ូ​យ៉ាងតិច ៣ ដែល​អាច​ទាញ​ទម្លាក់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់។

សេណារីយ៉ូ​ទី​មួយ គឺ​សម្លឹង​ទៅ​រក​ការ​បែកបាក់​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ និង​ជួរ​កងទ័ព​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។ រយៈពេល​ចុងក្រោយ​នេះ មាន​សេចក្ដី​រាយការណ៍​មក​ថា មន្ត្រី​ជាន់ខ្ពស់ និង​អតីត​មន្ត្រី​ជាន់ខ្ពស់​នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ និង​ក្រុម​ឧត្ដមសេនីយ៍​ក្នុង​ជួរ​កងទ័ព​នៃ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ កំពុង​បែកបាក់​គ្នា ព្រោះតែ​អ្នក​ខ្លះ​ប្រឆាំង​ការ​បាញ់​សម្លាប់​ជាតិ​សាសន៍​ខ្លួនឯង​យ៉ាង​រង្គាល និង​ការ​បំពេញ​ចិត្ត​ពួក​មន្ត្រី​នៅ​ជុំវិញ​កំពូល​មេដឹកនាំ Ayatollah Ali Khamenei។ តែ​ក្រុម​នេះ កំពុង​បញ្ជូន​កូនចៅ​ពួក​គេ​រត់​ទៅ​ប្រទេស​ណា​ដែល​អាច​ផ្ដល់​សិទ្ធិ​ច្រក​កោន​ឱ្យ​ពួកគេ​បាន។ គេ​ថា​បើ​ឧត្ដមសេនីយ៍​បែកបាក់ កូន​ទាហាន​ក៏​បែកបាក់​ដែរ។

សេណារីយ៉ូ​ទី​២ ពឹង​ខ្លាំង​ទៅ​លើ​សហគមន៍​អន្តរជាតិ ដូចជា​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ និង​ប្រទេស​ដែល​មាន​អំណាច មាន​ឥទ្ធិពល​លើ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ ជាពិសេស​គឺ​ពឹង​ខ្លាំង​ទៅ​លើ​សហរដ្ឋ​អាមេរិក​តែម្ដង។ ត្រង់​នេះ គេ​អាច​និយាយ​បាន​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ត្រូវតែ​ដាក់​ទណ្ឌកម្ម​អ៊ីរ៉ង់ ឱ្យ​កែទម្រង់​ប្រព័ន្ធ​ដឹកនាំ​ទៅ​រក​ការ​បោះឆ្នោត​មួយ​ឡើងវិញ​ដែល​មាន​រដ្ឋាភិបាល​ថ្មី ដែល​មាន​គោលការណ៍​លើ​មូលដ្ឋាន​សិទ្ធិ​សេរីភាព​របស់​ប្រជាជន។

សេណារីយ៉ូ​ទី​៣ ខណៈ​ដែល​ប្រជាជន​មាន​ទំនុកចិត្ត​លើ​កងទ័ព​អាមេរិក​ថា​អន្តរាគមន៍ ហើយ​ពួកគេ​ផ្ទុះ​បាតុកម្ម​ជា​ថ្មី​ម្ដង​ទៀត ពេល​នោះ​អាមេរិក​ត្រូវតែ​អន្តរាគមន៍​វាយប្រហារ​ទៅ​លើ​គោលដៅ​យោធា​សំខាន់ៗ​របស់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ធ្វើ​ឱ្យ​របប​អ៊ីរ៉ង់ បែកបាក់​គ្នា និង​ទម្លាក់​ភាព​ខ្លាំង​នៅ​ចំពោះមុខ​ស្ថានការណ៍។ ពេល​នោះ បើ​ទោះជា​រដ្ឋាភិបាល​ឥស្លាម​អ៊ីរ៉ង់ ហ៊ាន​ប្រឈមមុខ​នឹង​កម្លាំង​យោធា​អាមេរិក ឬ​ក៏​អ៊ីស្រាអែល ដោយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរ​ឈាម ប៉ុន្តែ​នៅ​ក្នុង​ជួរ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ ក៏​គិត​ទៅ​រក​រដ្ឋាភិបាល​អ៊ីរ៉ង់​នៃ​របប​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់ អាច​នឹង​ចាញ់​អាមេរិក និង​អ៊ីស្រាអែល ផង​ដែរ។

កាលៈទេសៈ​នេះ​ហើយ​ដែល​រដ្ឋធានី​តេហេរ៉ង់ អាច​នឹង​ធ្លាក់​ក្នុង​ដៃ​របស់​បាតុករ។ រដ្ឋធានី​តេហេរ៉ង់ ធ្លាក់​ក្នុង​ដៃ​បាតុករ គឺ​ស្ថាប័ន​ជាតិ​ធំៗ​ក៏​ធ្លាក់​ក្នុង​ដៃ​បាតុករ​ដែរ។ មាន​ន័យ​ថា របប​សាធារណរដ្ឋ​តេហេរ៉ង់ ត្រូវ​បាន​ផ្ដួល​រំលំ។

តែ​យ៉ាងណា សំណួរ​សួរ​ថា តើ​ប្រទេស​នេះ​អាច​ធ្លាក់​នៅ​ក្នុង​សង្គ្រាម​ស៊ីវិល​ដែរ​ឬ​ទេ?

សង្គ្រាម​ស៊ីវិល​អាច​កើតមាន ឬ​ក៏​មិន​អាច​កើតមាន វា​អាស្រ័យ​ទៅ​លើ​រដ្ឋាភិបាល​ថ្មី បើ​រដ្ឋាភិបាល​នេះ​អាច​ស្រោចស្រង់​ជាតិ បង្រួបបង្រួម​ជាតិ ផ្សះផ្សា​ជាតិ​បាន​ត្រឹមត្រូវ គឺ​សង្គ្រាម​ស៊ីវិល​អាច​នឹង​មិន​ផ្ទុះ​ឡើង​នោះ​ទេ ខណៈ​ដែល​រដ្ឋាភិបាល​ថ្មី​មាន​ក្រសួង​ការពារ​ជាតិ មាន​កងកម្លាំង​ជាតិ​រឹងមាំ​នៅ​ពីក្រោយ​ដោយ​ការ​ជួយ​ជ្រោមជ្រែង​ពី​កម្លាំង​ទ័ព​សហរដ្ឋ​អាមេរិក៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស