30.5 C
Phnom Penh

តើ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍ នឹង​ច្បាំង​គ្នា​ជា​លើក​ទី​៣ ទៀត​ដែរ​ឬ​ទេ?

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ឧត្ដមសេនីយ៍ឯក​នៃ​កងយោធពល​ភូមិន្ទ​ថៃ ថ្លែង​ជា​សាធារណ​ក្នុង​សាកលវិទ្យាល័យ​មួយ នៅ​ទីក្រុង​បាងកក ថ្ងៃទី​២៨ ខែ​មករា ថា ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ថៃ និង​កងទ័ព​ខ្មែរ អាច​នឹង​កើតមាន​លើក​ទី​បី ជៀស​មិន​រួច បើ​តាម​លោក​ពិនិត្យ​ឃើញ​ស្ថានភាព​ជាក់ស្តែង។

កាសែត​ថៃ The Nation នៅ​ថ្ងៃ​ពុធ បាន​ស្រង់​សម្ដី​ឧត្ដមសេនីយ៍ឯក កាណុក នេត្រាវឌ្ឍនសេនា (Kanok Netrawatthanasena) អតីត​មេបញ្ជាការរង​យោធភូមិភាគ​ទី​២ ដែល​ថ្លែង​ប្រាប់​និស្សិត​សាកលវិទ្យាល័យ រ៉ាំខាំហែង (Ramkhamhaeng) ថា​សកម្មភាព​ជីក​លេណដ្ឋាន​ថ្មីៗ​ពង្រឹង​ដោយ​ផ្ទាំង​ស៊ីម៉ងត៍​ខាង​កងទ័ព​ខ្មែរ​នៅ​ទីតាំង​ធ្លាប់​មាន​ជម្លោះ​ជាប់​ព្រំដែន​គ្នា ស​ឲ្យ​ឃើញ​ថា​ជា​ការ​ត្រៀម​ធ្វើ​ចម្បាំង។

ឧត្ដមសេនីយ៍​រូប​នេះ​លើកយក​ករណី​ម្តុំ​ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់ធំ អានសេះ ទួលខ្ពស់៦៧៧ ទួលខ្ពស់៥០០ និង​ទួលខ្ពស់៣៥០។ ដំណាល​ពេល​គ្នា​នេះ កាសែត​ថៃ បាងកក​ប៉ុស្តិ៍ កាលពី​ថ្ងៃ​ចន្ទ ទី​២៦ ខែ​មករា ផ្សាយ​ថា ទាហាន​ថៃ បាន​រក​ឃើញ​ការ​ជីក​លេណដ្ឋាន​ថ្មីៗ​ក្នុង​ទឹកដី​ខ្មែរ​នៅ​តំបន់​ព្រំដែន​ទល់​មុខ​ខេត្ត​ត្រាត នៅ​បានតាសេន បានណងរី បានចម្រាក់ ប្រវែង ១​ពាន់​ម៉ែត្រ ហើយ​ស្ថិត​ចម្ងាយ ៥០០​ម៉ែត្រ​ពី​ទីតាំង​ទ័ព​ថៃ ក្នុង​ដី​ខេត្ត​ត្រាត។

ប៉ុន្តែ​អគ្គមេបញ្ជាការ​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ឧត្ដមសេនីយ៍ ឧកឫទ្ធិ ប៊ូនថានន្ទ ប្រាប់​កាសែត​ដោយ​បន្ធូរ​អារម្មណ៍​ថា ជា​រឿង​ធម្មតា​ដែល​ទាហាន​ប្រយុទ្ធ​នៅ​សមរភូមិ​តែងតែ​រៀបចំ​លេណដ្ឋាន ក្រោយពី​ច្បាំង​គ្នា​រួច ឬ​មាន​បទ​ឈប់​បាញ់​គ្នា។ នាយទាហាន​ថៃ បញ្ជាក់​ថា គេ​នៅតែ​តាម​ឃ្លាំមើល​ស្ថានការណ៍​ជាប់​ជានិច្ច៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស