ក្រសួងការពារជាតិនៃប្រទេសកម្ពុជា អះអាងថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងភាគីទាំងពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា នេះ ត្រូវលុបចោលដោយសារតែភាគីទាំងពីរមិនទាន់ឯកភាពគ្នាលើចំណុចរួមណាមួយនៅឡើយ។
អ្នកនាំពាក្យក្រសួងការពារជាតិ អ្នកស្រី ម៉ាលី សុជាតា ចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី២៩ មករា នេះថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ខាងភាគីខ្មែរ និងយោធភូមិភាគទី១ ខាងភាគីថៃ ត្រូវលើកពេលទៅថ្ងៃក្រោយទៀត។
ប្រភពដដែលអះអាងថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) បានបញ្ចប់ទៅដោយបរាជ័យ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទល់នឹងខេត្តស្រះកែវ ខាងថៃ។
អ្នកស្រី ម៉ាលី សុជាតា បញ្ជាក់ថា ជាដំណោះស្រាយ ភាគីកងទ័ពកម្ពុជា-ថៃ បានឯកភាពគ្នាដកឃ្លាវិលត្រឡប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្ដូរឯកសារ និងពិភាក្សាគ្នាបន្ថែមទៀត។ ប្រសិនបើឈានដល់ការឯកភាពគ្នានាពេលខាងមុខនោះ ទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំ RBC រវាងប្រទេសទាំងពីរឡើងវិញ។
ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន កាលពីថ្ងៃទី២៨ ខែមករា នេះថា កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ ខាងខ្មែរ និងកងទ័ពភូមិភាគទី១ ខាងថៃ បានចាប់ផ្តើមពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំប្រទេសកម្ពុជា និងប្រចាំប្រទេសថៃឡង់ដ៍។
កិច្ចប្រជុំពិសេស RBC នេះ ធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា-ថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មីអំពីការបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ដើម្បីឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញឲ្យបានឆាប់រហ័ស។
ជុំវិញបញ្ហានេះ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៩ មករា នេះថា ស្ថានភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ គិតត្រឹមថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ នេះ បានឈានដល់ដំណាក់កាលដ៏ស្រួចស្រាល់បំផុត បន្ទាប់ពីកិច្ចប្រជុំលេខាធិការដ្ឋានគណៈកម្មាធិការព្រំដែនភូមិភាគ (RBC) រយៈពេលបីថ្ងៃនៅក្រុងប៉ោយប៉ែត បានបញ្ចប់ទៅដោយគ្មានការសម្រេចបាននូវកិច្ចព្រមព្រៀង ឬដំណោះស្រាយណាមួយ។
លោក សេង វណ្ណលី លើកឡើងថា ការបរាជ័យនៃកិច្ចចរចានេះ បានបង្កើតឱ្យមានភាពទទេស្អាតផ្នែកការទូត ចំពេលដែលយោធាថៃ បានប្រកាសដាក់កងកម្លាំងក្នុងស្ថានភាពត្រៀមលក្ខណៈខ្ពស់បំផុត ដើម្បីឆ្លើយតបភ្លាមៗចំពោះរាល់ការបាញ់ប្រហារណាមួយពីភាគីកម្ពុជា។
អ្នកឃ្លាំមើលសង្គមរូបនេះព្រមានថា ទោះបីជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន លោក អនុធីន ឆានវីរៈគុល បានព្យាយាមបន្ធូរបន្ថយដោយអះអាងថា គ្មានសញ្ញានៃការផ្ទុះអាវុធលើកទីបីក៏ដោយ ប៉ុន្តែសកម្មភាពនៅលើសមរភូមិជាក់ស្តែង និងការកើនឡើងនៃវោហារសាស្ត្រជាតិនិយមមុនថ្ងៃបោះឆ្នោតថ្ងៃទី៨ ខែកុម្ភៈ ខាងមុខ បានបង្ហាញពីសេណារីយ៉ូគ្រោះថ្នាក់មួយចំនួន។
លោក សេង វណ្ណលី បញ្ជាក់ថា សេណារីយ៉ូដែលទំនងជានឹងកើតមានឡើងមុនគេ គឺការប្រើប្រាស់យុទ្ធសាស្ត្រការពារស្ថាប័នព្រះមហាក្សត្រ ដើម្បីបើកប្រតិបត្តិការយោធាកម្រិតទាបតាមតំបន់ជម្លោះ ដូចជាប្រាសាទព្រះវិហារ ឬតំបន់ត្រីកោណមរកត ជាដើម។
ចំណែកសេណារីយ៉ូមួយទៀត អាចចេញមកពីការប្រកាសប្រតិបត្តិការបង្ក្រាបការឆបោកឆ្លងដែន ក្រោមលេសការពារពលរដ្ឋពីការឆបោក។
លោកគូសបញ្ជាក់ថា សេណារីយ៉ូចុងក្រោយដែលគួរឱ្យបារម្ភបំផុត គឺការប៉ះទង្គិចដោយអចេតនាដែលកើតចេញពីការសាងសង់បន្ទាយ និងលេណដ្ឋានថ្មីៗនៅតាមព្រំដែន ក្រោយសង្គ្រាមដែលកំពុងផ្អាកជាបណ្ដោះអាសន្ននាពេលនេះ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

