អតីតនាយទាហានជាន់ខ្ពស់នៃភាគីរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ (រ.ជ.រ.ប.ខ.) លោក ជុំ ឈាង ប្រាប់ឱ្យរដ្ឋាភិបាលប្រទេសកម្ពុជា ប្រុងប្រយ័ត្នជាមួយប្រទេសថៃ ឱ្យកាន់តែខ្លាំង ជុំវិញជម្លោះព្រំដែន ព្រោះប្រទេសថៃ អាចប្តឹងប្រទេសកម្ពុជា អំពីបញ្ហាទឹកដីទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពេលណាក៏បាន ក្នុងពេលដែលកម្ពុជា គ្មានសិទ្ធិប្តឹងថៃ ត្រឡប់ទៅវិញឡើយនោះ។
លោក ជុំ ឈាង សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៤ កុម្ភៈ ថា យោងតាមមាត្រា៣៤ មាត្រា៣៥ និងមាត្រា៣៦ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានកំណត់ថា កម្ពុជាមិនមានសិទ្ធិប្តឹងប្រទេសថៃ ទៅតុលាការនេះដាច់ខាត។
លោកថា ដោយសារតែប្រទេសថៃ ឈប់ទទួលស្គាល់ និងដកពាក្យឈប់ធ្វើជាសមាជិកតុលាការនេះចាប់តាំងពីថ្ងៃទី៣ ខែមករា ឆ្នាំ១៩៧០ ដូច្នេះតុលាការយុត្តិធម៌អន្តរជាតិ គ្មានអំណាចយុត្តាធិការ ឬដែនសមត្ថកិច្ចលើប្រទេសថៃ ឡើយ ចាប់តាំងពីពេលនោះមក។
លោក ជុំ ឈាង អះអាងថា រីឯប្រទេសថៃ វិញ មានសិទ្ធិប្តឹងកម្ពុជា បានគ្រប់ពេល ព្រោះប្រទេសកម្ពុជា គឺជាប្រទេសដែលបានទទួលស្គាល់យុត្តាធិការ ឬដែនសមត្ថកិច្ចនៃតុលាការមួយនេះ ដ្បិតមាត្រា៥៣ បានកំណត់ថា រដ្ឋមួយអាចដាក់បណ្តឹងប្រឆាំងរដ្ឋមួយដែលទទួលស្គាល់យុត្តាធិការ ICJ បាន ទោះបីជារដ្ឋដែលប្តឹងនោះមិនចូលតតាំងក្តីក៏ដោយ។
អតីតនាយទាហានរូបនេះពន្យល់ថា តាមពិត ថៃមិនគោរពសាលដីកាតុលាការយុត្តិធម៌អន្តរជាតិចំពោះសេចក្តីសម្រេចលើសំណុំរឿងប្រាសាទព្រះវិហារ តាំងពីឆ្នាំ១៩៦២ មក ហើយរហូតដល់សាលដីកាលើកទីពីរនៅឆ្នាំ២០១៣ ក៏ថៃ មិនគោរពដែរ ប៉ុន្តែដោយសារសម្ពាធពីសហរដ្ឋអាមេរិកប៉ុណ្ណោះ ទើបថៃ ព្រមដកកម្លាំងយោធាទៅតាមសាលដីកានោះ។
លោកបន្ថែមថា ចំពោះបញ្ហាតំបន់ជុំវិញប្រាសាទដែលនៅតែបន្តកើតមានជាមួយថៃ នោះ គឺដោយសារសាលដីការបស់តុលាការ ICJ ឆ្នាំ១៩៦២ មិនបានកំណត់ឱ្យបានច្បាស់លាស់ ដោយកំណត់ត្រឹមថា ប្រាសាទព្រះវិហារស្ថិតក្នុងដែនអធិបតេយ្យប្រទេសកម្ពុជាប៉ុណ្ណោះ ទើបថៃ ទទួលយកតាមអនុសញ្ញាឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ បារាំង-សៀម តែម្តងទៅ ប៉ុន្តែក្រោយមក ថៃក៏បានប្រកែកមិនទទួលយកគំនូសផែនទីបារាំង-សៀមឆ្នាំ១៩១០ និងការបោះបង្គោលលក្ខវិញដែរ ដែលបង្កជាបញ្ហារហូតដល់សព្វថ្ងៃនេះ។
លោក ជុំ ឈាង បញ្ជាក់ថា មាត្រា៣៦ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ បានចែងថា ការប្រកាសទទួលស្គាល់យុត្តាធិការ ICJ មិនទាក់ទងនឹងកិច្ចការការពារអធិបតេយ្យជាតិឡើយ តែវាអាស្រ័យលើប្រទេសខ្លាំង ឬខ្សោយប៉ុណ្ណោះ។ ជាក់ស្តែង ដូចជាករណីបណ្តឹងប្រទេសអ៊ីស្រាអែល ប្រឆាំងនឹងប្រទេសប៊ុលហ្គារី ជាដើម។
ប្រទេសភាគច្រើនក្នុងពិភពលោកមិនបានប្រកាសទទួលស្គាល់យុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិនេះទេ ជាពិសេសក្នុងចំណោមប្រទេសមហាអំណាចទាំង៥ គឺមានតែប្រទេសអង់គ្លេស មួយប៉ុណ្ណោះ ដែលនៅទទួលស្គាល់យុត្តាធិការតុលាការអន្តរជាតិនេះ។
ក្រោយទំនាស់ព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ ថា ប្រទេសកម្ពុជា បានបញ្ជូនពាក្យបណ្ដឹងលើបញ្ហាតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ក្នុងទីក្រុងឡាអេ រួចរាល់ហើយ នៅថ្ងៃទី២ ខែមិថុនា ដើម្បីធានានូវការដោះស្រាយដោយយុត្តិធម៌ និងមិនលម្អៀងជាមួយប្រទេសថៃ។
ទោះជាយ៉ាងណាក៏ដោយ រហូតដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា មិនដែលរំលឹកពាក្យបណ្ដឹងដែលខ្លួនបានប្រកាសប្តឹងថៃ ទៅតុលាការអន្តរជាតិមួយនេះតទៅទៀតទេ ក្នុងពេលដែលប្រទេសកម្ពុជា តែងតែបញ្ជាក់ជាបន្តបន្ទាប់ថា ភាគីថៃ បានឈ្លានពាន និងបានកាន់កាប់ទឹកដីខ្មែរក្នុងសង្គ្រាមទាំងពីរលើកនាពេលកន្លងមកនោះ។
សារព័ត៌មាន The Cambodia Daily មិនទាន់អាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា ដើម្បីសុំការបំភ្លឺអំពីករណីប្តឹងថៃ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននេះបាននៅឡើយទេ រហូតដល់ម៉ោងផ្សាយនេះ។
ទាក់ទងនឹងព្រំដែនខ្មែរ-ថៃ ដែរនោះ គឺមានសេចក្តីរាយការណ៍ក្នុងកាសែតថៃ នៅថ្ងៃទី៥ កុម្ភៈ ថា មានគ្រាប់បែកទំហំ ៤០មិល្លីម៉ែត្រ បាញ់ពីខាងទឹកដីខ្មែរទៅធ្លាក់នៅក្បែរបន្ទាយទាហានប្រតិបត្តិការថៃ ក្នុងខេត្តស៊ីសាកេត នៅថ្ងៃទី៥ ខែកុម្ភៈ វេលាម៉ោងប្រមាណ ១០ព្រឹក ប៉ុន្តែមិនបណ្តាលឲ្យមានរបួសស្នាមប៉ះពាល់ទាហាន ឬខូចខាតអ្វីទេ។
យោធាយោធភូមិភាគទី២ របស់ថៃ ប្រាប់កាសែតថា គ្រាប់បែកនោះទំនងជាទាហានថ្មីផ្លាស់ប្ដូរកម្លាំងចាស់ មិនស្គាល់ទីតាំងច្បាស់លាស់ រាលកៃកេះកៃច្រឡំ ប៉ុន្តែយោធាថៃ ប្រាប់ថាសុំកុំច្រឡំដៃញឹកពេក ជាពិសេសនៅថ្ងៃបោះឆ្នោត ទី៨ ខែកុម្ភៈ ហើយថាយោធាថៃ ត្រៀមលក្ខណៈប្រុងប្រៀបឆ្លើយតបគ្រប់ពេលវេលាដើម្បីការពារខ្លួន៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

