30.7 C
Phnom Penh

លោក ត្រាំ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ឯកភាព​ដាក់​សម្ពាធ​ថ្មី​ដើម្បី​កាត់ផ្ដាច់​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ទៅ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល Benjamin Netanyahu បាន​ឈាន​ដល់​ការ​ឯកភាព​គ្នា​ក្នុង​កិច្ចប្រជុំ​សម្ងាត់​មួយ​នៅ​សេតវិមាន ដើម្បី​បើក​យុទ្ធនាការ​ដាក់​សម្ពាធ​ថ្មី​ទៅ​លើ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ ដោយ​ផ្ដោត​ទៅ​លើ​ការ​កាត់ផ្ដាច់​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ ទៅ​កាន់​ប្រទេស​ចិន។

នេះ​យោង​តាម​សេចក្តី​រាយការណ៍​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ។

នៅ​ក្នុង​កិច្ចប្រជុំ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ហើយ​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ចុះផ្សាយ​ថា មេដឹកនាំ​ទាំង​ពីរ​បាន​ឯកភាព​នឹង​គ្នា​ថា សហរដ្ឋ​អាមេរិក​នឹង​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​កាត់បន្ថយ​ការ​នាំចេញ​ប្រេង​របស់​អ៊ីរ៉ង់ មាន​ប្រមាណ​ជាង ៨០% នៃ​បរិមាណ​នាំចេញ​សរុប​ត្រូវ​បាន​លក់​ទៅ​ឱ្យ​ប្រទេស​ចិន។

ប្រភព​ព័ត៌មាន​ផ្សេងៗ​ទៀត បាន​ផ្សាយ​អំពី​ការ​ដឹកជញ្ជូន​សព្វាវុធ​ពី​រុស្ស៊ី តាម​យន្តហោះ ពី​ចិន តាម​នាវា និង​ពី​កូរ៉េខាងជើង ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​កាន់​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ត្រៀម​ទប់ទល់​នឹង​ការ​វាយប្រហារ​បែប​ណា​មួយ​ពី​សហរដ្ឋ​អាមេរិក និង​សម្ពន្ធមិត្ត។

ក្រុម​អ្នកវិភាគ​កិច្ចការ​យោធា និង​សន្តិសុខ​អន្តរជាតិ​នៅ​ក្រុង​វ៉ាស៊ីនតុន មើល​ឃើញ​ថា បើ​សហរដ្ឋ​អាមេរិក និង​អ៊ីស្រាអែល វាយប្រហារ​ទៅ​លើ​អ៊ីរ៉ង់ ផលវិបាក​មាន​ដូច​តទៅ​នេះ៖

  • កងទ័ព​អ៊ីរ៉ង់ ខ្ទប់​ច្រក​សមុទ្រ​ហ័មូស សម្រាប់​កប៉ាល់​ដឹក​ប្រេង ប្រេងសាំង​នឹង​ឡើង​ថ្លៃ​ប៉ះពាល់​សេដ្ឋកិច្ច​គ្រប់ៗ​គ្នា
  • អ៊ីរ៉ង់ នឹង​ប្រើ​មីស៊ីល​ពី ២​ពាន់​ទៅ ៣​ពាន់​គ្រាប់ ផ្លោង​ផ្តក់​មីស៊ីល​ចម្ងាយ​ជិត​ឆ្ងាយ​ពី ៣០០​គីឡូម៉ែត្រ​ទៅ ២៥០០​គីឡូម៉ែត្រ ដាក់​មូលដ្ឋាន​ទ័ព​អាកាស និង​បន្ទាយ​ទាហាន​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​ជុំវិញ​អ៊ីរ៉ង់ ចាប់ពី​អេហ្ស៊ីប បាហ្សរ៉ែន អ៊ីរ៉ាក់ អ៊ីស្រាអែល ហ្ស៊កដានី គុយវ៉ែត កាតារ អារ៉ាប៊ីសាអ៊ូឌីត អូម៉ាន់ ស៊ីរី និង​អារ៉ាប់រួមអេមេរ៉ាត។

ថ្មីៗ​នេះ ប្រទេស​សឹងតែ​ទាំងអស់​នោះ លើកលែងតែ​អ៊ីស្រាអែល ប្រកាស​មិន​ឲ្យ​សហរដ្ឋ​អាមេរិក​ប្រើ​ទឹកដី ដែនអាកាស​របស់​ខ្លួន​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់ ដោយ​ខ្លាច​ទទួល​រង​ផលវិបាក​នោះ។ ប្រទេស​តួកគី ក៏​មិន​អនុញ្ញាត។

មន្ត្រី​ជាន់ខ្ពស់​អាមេរិក​យ៉ាងតិច ២​នាក់​បាន​ប្រាប់​បណ្ដាញ​ផ្សាយ​ព័ត៌មាន Axios ថា៖ «យើង​បាន​ឯកភាព​គ្នា​ថា យើង​នឹង​ដាក់​សម្ពាធ​ពេញ​ទំហឹង​ប្រឆាំង​នឹង​អ៊ីរ៉ង់ ដែល​ពាក់ព័ន្ធ​នឹង​ការ​លក់​ប្រេង​របស់​អ៊ីរ៉ង់ ទៅ​ឱ្យ​ចិន»

វិធានការ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ធ្វើឡើង​ជាមួយ​នឹង​បទបញ្ជា​ប្រតិបត្តិ​ថ្មី​មួយ​ដែល​លោក ត្រាំ បាន​ចុះហត្ថលេខា​កាលពី​ដើម​ខែ​នេះ។ បទបញ្ជា​ប្រតិបត្តិ​ថ្មី​មួយ​នេះ សហរដ្ឋ​អាមេរិក​ដំឡើង​ពន្ធគយ​រហូត​ដល់ ២៥% លើ​ប្រទេស​ណា​ដែល​នៅតែ​បន្ត​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់។

ដោយ​លើកឡើង​អំពី​វិធានការ​សហរដ្ឋ​អាមេរិក ក្រសួង​ការបរទេស​ចិន បាន​បញ្ជាក់​ថា សហប្រតិបត្តិការ​ពាណិជ្ជកម្ម​រវាង​ចិន និង​អ៊ីរ៉ង់ ធ្វើឡើង​ដោយ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​នៃ​ច្បាប់​អន្តរជាតិ គឺជា​សកម្មភាព​ស្រប​ច្បាប់​ដែល​ប្រទេស​ផ្សេងៗ​គួរតែ​មិន​ជ្រៀតជ្រែក​កិច្ចការ​ទ្វេភាគី​ចិន និង​អ៊ីរ៉ង់។

ស្ថានការណ៍​តានតឹង​នៅ​មជ្ឈិមបូព៌ា​កំពុង​ឡើង​កម្ដៅ​ខ្លាំង។ នាវា​ផ្ទុក​យន្តហោះ USS Gerald Ford ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ប្រតិបត្តិការ​យោធា​ដែល​អាច​អូស​បន្លាយ​ពេល​ច្រើន​សប្តាហ៍ ក្នុង​ករណី​ដែល​កិច្ចចរចា​ការទូត​នៅ​ពុំ​មាន​កិច្ចព្រមព្រៀង ដែល​គេ​ហៅថា​ជា​បរាជ័យ។

ជាមួយ​នឹង​ការ​ឈរជើង​នៅ​សមុទ្រ​អារ៉ាប់ ដោយ​នាវា​ផ្ទុក​យន្តហោះ USS Abraham Lincoln ជា​ការ​ប្រុងប្រៀប​វាយប្រហារ​អ៊ីរ៉ង់ ជា​ថ្មី​ម្ដង​ទៀត។ ចំពោះ​អ៊ីរ៉ង់ វិញ កាលពី​ថ្ងៃ​ចន្ទ ទី​១៦ ខែ​កុម្ភៈ នេះ​បាន​ប្រកាស​ពី​ការ​បើក​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ Hormuz ដោយ​កងកម្លាំង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់។

ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ បាន​រាយការណ៍​ថា សមយុទ្ធ​នេះ​ដែល​មិន​ត្រូវ​បាន​បញ្ជាក់​រយៈពេល គឺ​មាន​គោលដៅ​ត្រៀម​លក្ខណៈ​របស់​កងកម្លាំង​ឆ្មាំ​បដិវត្តន៍ ដើម្បី​ទប់ទល់​ការ​គំរាមកំហែង​សន្តិសុខ និង​យោធា​ដែល​អាច​កើតមាន​ឡើង​នៅ​ច្រក​សមុទ្រ Hormuz បន្ទាប់ពី​សហរដ្ឋ​អាមេរិក បាន​ដាក់​ពង្រាយ​កម្លាំង​ជើងទឹក​ទ្រង់ទ្រាយ​ធំ មាន​ទាំង​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង មក​កាន់​មជ្ឈិមបូព៌ា។

ទីក្រុង​តេហេរ៉ង់ និង​ទីក្រុង​វ៉ាស៊ីនតោន បើក​កិច្ចពិភាក្សា​ជុំ​ថ្មី​ទៀត​នៅ​ទីក្រុង​ហ្សឺណែវ នៃ​ប្រទេស​ស្វីស នា​ថ្ងៃ​អង្គារ​នេះ ដែល​សម្របសម្រួល​ដោយ​អូម៉ង់។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុង​បង្កើន​សម្ពាធ​ឱ្យ​អ៊ីរ៉ង់ ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ជាក់លាក់ បើ​ពុំ​នោះ​ទេ លោក​ព្រមាន​ថា​វា​ដល់​ពេល​ត្រូវ​អនុវត្ត​ជម្រើស​យោធា។

សហរដ្ឋ​អាមេរិក និង​សាធារណរដ្ឋ​អ៊ីស្លាម​មួយ​នេះ ជួប​ចរចា​នឹង​គ្នា​ជា​ថ្មី​ទៀត​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស នៅ​ថ្ងៃ​អង្គារ ទី​១៧ កុម្ភៈ ​នេះ។ កិច្ចចរចា​ថ្មី​នេះ កើតមាន​ឡើង​ក្រោយ​ការ​គំរាម​ម្តង​ហើយ​ម្តង​ទៀត​ពី​សំណាក់​លោក ត្រាំ អំពី​ការ​ធ្វើ​សកម្មភាព​យោធា​ប្រឆាំង​អ៊ីរ៉ង់។

ថ្លែង​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅ​លើ​យន្តហោះ Air Force One ឆ្ពោះ​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតុន លោក ត្រាំ បាន​និយាយ​ថា៖ «ខ្ញុំ​នឹង​ចូលរួម​ពាក់ព័ន្ធ​ដោយ​ប្រយោល​ក្នុង​កិច្ចចរចា​នេះ តែ​ខ្ញុំ​គិត​ថា អ៊ីរ៉ង់​ក៏​មិន​ចង់​ទទួល​រង​នូវ​ផលវិបាក​អ្វី​ដែរ»

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស