ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អំពីកម្មវិធីអាវុធនុយក្លេអ៊ែរដែលបានប្រព្រឹត្តទៅនៅលើទឹកដីទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៧ កុម្ភៈ ត្រូវបានគេមើលឃើញថាបានជួបរឿងបរាជ័យជាថ្មីម្ដងទៀត ដែលនាំឱ្យលោក ដូណាល់ ត្រាំ ព្រមានជាថ្មីម្តងទៀតថា អ៊ីរ៉ង់នៅពេលនេះត្រូវជ្រើសរើសរវាងសន្តិភាព និងសង្គ្រាម ខណៈនាវាផ្ទុកយន្តហោះរបស់អាមេរិកមួយគ្រឿងទៀត គឺ USS Gerald R. Ford ត្រូវដាក់ឱ្យចូលរួមជាមួយនាវាផ្ទុកយន្តហោះ USS Abraham Lincoln នៅមជ្ឈិមបូព៌ា ជាការបង្កើនកិច្ចសហការយោធាកាន់តែរឹងមាំគំរាមអ៊ីរ៉ង់។
ដំណាលពេលនឹងការគំរាមវាយប្រហារពីសហរដ្ឋអាមេរិកលើប្រទេសអ៊ីរ៉ង់ រុស្ស៊ីបានបញ្ជូននាវាចម្បាំងផ្ទុកគ្រឿងរ៉ាដាចាប់សញ្ញាលើអាកាស លើផ្ទៃទឹក និងក្នុងសមុទ្រ ពីតំបន់បាល់ទិក ចូលចតនៅកំពង់ផែបានដារ៍ អាបាស់ ប្រទេសអ៊ីរ៉ង់ ចូលរួមសកម្មភាពសមយុទ្ធជាមួយឆ្មាំបដិវត្តន៍នៅច្រកសមុទ្រហ័មូស។
នៅឯប្រទេសស្វីស រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ សាយអ៊ីត អាបាស់ អារ៉ាក់ឈី ប្រាប់កាសែតកាលពីថ្ងៃទី១៨ ខែកុម្ភៈ ថា ប្រទេសអ៊ីរ៉ង់ នឹងមិនអាចបញ្ឈប់ផលិតសារធាតុអ៊ុយរ៉ានីញ៉ូមសម្រាប់ថាមពលនុយក្លេអ៊ែរបានឡើយ ទោះជាការចរចាមានដំណើរការល្អប្រសើរចម្រើនទៅមុខយ៉ាងណាក្ដី។
បណ្ដាញផ្សាយព័ត៌មានអន្តរជាតិ ABC News និង CNBC បានចុះផ្សាយដោយដកស្រង់សម្ដីរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបានព្រមានជាថ្មីម្តងទៀតទៅកាន់អ៊ីរ៉ង់ ក្រោយលោកទទួលដំណឹងថាការចរចារវាងគណប្រតិភូសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនទទួលបានកិច្ចព្រមព្រៀងអ្វីមួយនោះទេ ដោយភាគីអ៊ីរ៉ង់ ត្រូវបានគេដឹងថាបានព្យាយាមពន្យល់ហេតុផលគ្រប់បែបយ៉ាងដើម្បីជៀសវាងការរំលាយកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ជាមួយគ្នានេះ អ៊ីរ៉ង់បានដាក់លក្ខខណ្ឌទៅកាន់សហរដ្ឋអាមេរិកវិញ ត្រូវតែលុបចោលទណ្ឌកម្មទាំងអស់ទៅលើប្រទេសអ៊ីរ៉ង់ ខណៈការចរចាផ្ដោតសំខាន់ទៅលើអាវុធនុយក្លេអ៊ែរតែប៉ុណ្ណោះ។
លោក ដូណាល់ ត្រាំ បាននិយាយថា ការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ អំពីកម្មវិធីអាវុធនុយក្លេអ៊ែរ គឺមានសារសំខាន់សម្រាប់ការស្វែងរកសន្តិភាព។ លោកបានបញ្ជាក់ថា អ៊ីរ៉ង់ត្រូវតែធ្វើឱ្យការចរចាមានភាពយុត្តិធម៌ និងស្មោះត្រង់ ហើយនៅពេលខាងមុខ លោកសង្ឃឹមថា អ៊ីរ៉ង់នឹងយល់ព្រមទទួលយកកិច្ចព្រមព្រៀងដើម្បីចៀសវាងសង្គ្រាម។
ជាមួយគ្នានេះ លោក Robert Mally មេក្រុមនៃកិច្ចចរចាអាមេរិកាំងរឿងកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ពីសម័យប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប្រាប់ទូរទស្សន៍ MS NOW កាលពីយប់ថ្ងៃពុធ ថា ការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ ជាអំពើខុសច្បាប់ គឺរំលោភច្បាប់អន្តរជាតិផង រំលោភរដ្ឋធម្មនុញ្ញអាមេរិកាំងផង ព្រោះថាសភាជាតិមិនបានប្រកាសសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។
ខណៈនេះ សហរដ្ឋអាមេរិកក៏ត្រូវបានគេដឹងថា បានបង្កើនវត្តមានយោធារបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ា ដោយដាក់ពង្រាយយន្តហោះចម្បាំងជាង ៥០គ្រឿងក្នុងរយៈពេលត្រឹម ២៤ម៉ោង បង្កើនចំនួនទ័ព យន្តហោះចម្បាំងប្រភេទ F-22, F-35 និង F-16 ជាច្រើនគ្រឿង នាវាផ្ទុកយន្តហោះ USS Gerald R. Ford ជាមួយនាវាពិឃាតផ្ទុកមីស៊ីលចំនួនបីគ្រឿង មានដូចជា USS Mahan, USS Bainbridge USS Winston Churchill និង USS Abraham Lincoln។
កាលពីថ្ងៃទី១៨ កុម្ភៈ មេដឹកនាំកំពូលអ៊ីរ៉ង់ សង្គ្រាជ អាយ៉ាតុលោះ អាលី ខាម៉េនី ប្រាប់កាសែតបរទេសថា អ៊ីរ៉ង់មានសមត្ថភាពបាញ់ពន្លិចនាវាចម្បាំងសហរដ្ឋអាមេរិក។
ក្រុមអ្នកវិភាគសេដ្ឋកិច្ច នាំគ្នាអធិប្បាយថា ប្រទេសតូចៗរង់ចាំតែទប់ទល់នឹងទំនិញឡើងថ្លៃ ពេលណាប្រទេសប្រេងកាតធ្វើចម្បាំង ដោយសារបូមប្រេងនាំចេញមិនបានពីប្រទេសអ៊ីរ៉ង់ ដែលជាប្រទេសផលិតប្រេងកាតទី៣ ក្នុងចំណោមប្រទេស១០ ផលិតប្រេងនាំចេញលើពិភពលោក គឺពី ២លាន ៣សែនធុង ទៅ ៣លាន ៣សែនធុង ឬបារ៉ែល ដែលមានចំណុះប្រមាណ ១៦០លីត្រក្នុងមួយធុង៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

