អាជ្ញាធរកម្ពុជា ទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា ចំនួន ៣នាក់ រួមនឹងទូកនេសាទរបស់ពួកគេត្រឡប់មកវិញជាបន្ទាន់ បន្ទាប់ពីអ្នកទាំងនោះត្រូវបានកងទ័ពជើងទឹកថៃ ចូលមកចាប់ខ្លួននៅក្នុងដែនសមុទ្រកម្ពុជា ខណៈអាជ្ញាធរថៃ អះអាងថាការឃាត់ខ្លួននោះធ្វើឡើងក្នុងដែនសមុទ្ររបស់ថៃ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត បានសរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២៣ កុម្ភៈ នេះ ដោយប្រកាសថ្កោលទោសកងទ័ពជើងទឹកថៃ ដាច់អហង្ការ និងទាមទារឱ្យរដ្ឋាភិបាលថៃ ដោះលែងអ្នកនេសាទខ្មែរទាំងនោះជាបន្ទាន់ និងឥតលក្ខខណ្ឌ។
លោក ម៉ែន ណាត បញ្ជាក់ថា សកម្មភាពទាហានថៃ ចាប់ខ្លួនអ្នកនេសាទខ្មែរទាំង ៣នាក់ដែលធ្វើឡើងស្ថិតនៅតំបន់កោះយ៉ ខេត្តកោះកុង គឺបញ្ជាក់យ៉ាងច្បាស់ពីការពង្រីកអំពើឈ្លានពានរបស់ថៃ ទៅលើដែនសមុទ្រខ្មែរបន្ថែមទៀត ក្នុងពេលដែលពួកគេបានឈ្លានពានដែនសមុទ្ររបស់កម្ពុជា អស់រាប់ម៉ឺនគីឡូម៉ែត្រការ៉េមកហើយនោះ។
កាសែតថៃ The Nation រាយការណ៍នៅថ្ងៃទី២៣ កុម្ភៈ នេះថា កងទ័ពជើងទឹកថៃ បានបង្ក្រាបបទល្មើសសមុទ្រកាលពីថ្ងៃទី២២ ខែកុម្ភៈ ដោយឃាត់ទូកនេសាទមួយមានមនុស្ស ៣នាក់ជាជនជាតិខ្មែរ កំពុងធ្វើសកម្មភាពនេសាទក្នុងដែនទឹករបស់ថៃ ដែលមានចម្ងាយជាង ១៣ម៉ាយល៍ (១៣,៤ម៉ាយល៍) ប្រហែលជាង ២០គីឡូម៉ែត្រ (២០,៩២១គីឡូម៉ែត្រ) ពីច្រកក្លងយ៉ៃ និងប្រហែល ១ម៉ាយល៍ ឬស្មើនឹងជាង ១គីឡូម៉ែត្រ (១,៦០៩គីឡូម៉ែត្រ) ពីបន្ទាត់ព្រំដែនលេខ២១១។
ប្រភពដដែល អះអាងថា ការឃាត់ខ្លួនពលរដ្ឋកម្ពុជា ទាំង ៣នាក់នេះ គឺស្ថិតនៅក្នុងដែនសមុទ្ររបស់ថៃ ខណៈអ្នកនេសាទទាំងនេះក៏បានសារភាពដែរថាខ្លួនពិតជាមិនដឹងថាបានឆ្លងដែនចូលដែនទឹករបស់ថៃ ឡើយ។
កងទ័ពជើងទឹកថៃ ដដែលនេះ បញ្ជាក់ថា ការឃាត់ខ្លួនអ្នកទាំង ៣នាក់នេះ ធ្វើឡើងតាមច្បាប់សមុទ្ររបស់ថៃ មាត្រា៤ ខណៈទូកនេសាទរបស់ពួកគេក៏ត្រូវបាននាំទៅរក្សាទុកនៅខេត្តត្រាត ដើម្បីរង់ចាំដំណើរការតាមនីតិវិធីច្បាប់ថៃ ផងដែរ។
កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានទាមទារឱ្យប្រទេសថៃ ដោះលែងពលរដ្ឋកម្ពុជា ៣នាក់ រួមនឹងទូកនេសាទរបស់ពួកគេវិញជាបន្ទាន់ បន្ទាប់ពីអ្នកទាំងនោះត្រូវបានកងទ័ពជើងទឹកថៃ ចាប់ខ្លួនភ្លាមៗនោះ។
ប្រភពដដែល អះអាងថា អ្នកនេសាទជនជាតិខ្មែរទាំង ៣នាក់នោះ ត្រូវបានកងទ័ពជើងទឹកថៃ ចូលមកចាប់ខ្លួននៅក្នុងដែនសមុទ្រកម្ពុជា កាលពីថ្ងៃទី២២ ខែកុម្ភៈ។ ទង្វើរបស់កងទ័ពជើងទឹកថៃ បែបនេះ គឺជាអំពើល្មើសច្បាប់ក្នុងដែនសមុទ្រ និងរំលោភយ៉ាងច្បាស់លើអធិបតេយ្យភាពរបស់កម្ពុជា។
ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា កងទ័ពជើងទឹកថៃ បានធ្វើសកម្មភាពចាប់ខ្លួនពលរដ្ឋកម្ពុជាបីនាក់ និងរឹបអូសទូកនេសាទរបស់ពួកគេ ត្រង់ទីតាំងស្ថិតនៅចម្ងាយជាង ៧ម៉ាយល៍សមុទ្រ (៧,២ម៉ាយល៍សមុទ្រ) ប្រហែលជាង ១១គីឡូម៉ែត្រ (១១,២៦គីឡូម៉ែត្រ) ពីកោះយ៉ ដែលស្ថិតក្នុងខេត្តកោះកុង ដូច្នេះសកម្មភាពនេះ គឺជាការរំលោភយ៉ាងច្បាស់លាស់លើអធិបតេយ្យ និងដែនទឹករបស់កម្ពុជា ព្រមទាំងច្បាប់អន្តរជាតិផងដែរ។
បញ្ហាចាប់ខ្លួនអ្នកនេសាទខ្មែរនេះ មិនមែនជាលើកទី១ ទេ ដែលរដ្ឋាភិបាលកម្ពុជា អះអាងថាកងទ័ពថៃ បានធ្វើសកម្មភាពល្មើសច្បាប់អន្តរជាតិនៅក្នុងដែនសមុទ្ររបស់ខ្លួននោះ។
ជាក់ស្តែង កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ប្រជានេសាទកម្ពុជា ៤នាក់ ក៏ធ្លាប់ត្រូវកងទ័ពជើងទឹកថៃ ចាប់ខ្លួនផងដែរក្នុងដែនសមុទ្ររបស់កម្ពុជា ក្នុងភូមិសាស្ត្រខេត្តកោះកុង ប៉ុន្តែពួកគេត្រូវបានដោះលែងវិញ បន្ទាប់ពីអាជ្ញាធរថៃ ឃុំខ្លួនអស់រយៈពេល ៦ថ្ងៃ។
កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ រដ្ឋសភាកម្ពុជា បានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ស្ដីពីច្បាប់សមុទ្រ (UNCLOS) ដើម្បីធានានូវសេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចក្នុងការប្រើប្រាស់លម្ហសមុទ្ររបស់ខ្លួនឱ្យបានពេញលេញទៅថ្ងៃមុខ៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

