34 C
Phnom Penh

កម្ពុជា​បដិសេធ​រាល់​សំណង់​ថ្មី​ទាំងអស់​របស់​ថៃ ដែល​បាន​សាងសង់​លើ​ទឹកដី​ខ្មែរ បន្ទាប់ពី​ពួកគេ​ចូល​កាន់កាប់​ដោយ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្ពុជា បដិសេធ​រាល់​សំណង់​ថ្មី​ទាំងអស់​របស់​ថៃ ដែល​បាន​សាងសង់​លើ​ទឹកដី​ខ្មែរ បន្ទាប់ពី​ពួកគេ​ចូល​ទៅ​កាន់កាប់​ដោយ​ខុស​ច្បាប់​ក្រោយ​សង្គ្រាម​ឈ្លានពាន​កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ។

ក្រសួង​ការបរទេស​កម្ពុជា បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​១៨ មីនា នេះ ថា កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​ប្រើប្រាស់​គ្រឿងចក្រ​ធុន​ធ្ងន់​ជីក​កកាយ​ដី និង​សាងសង់​លេណដ្ឋាន​បេតុង​ថ្មី​មួយ​បន្ថែម​ទៀត​នៅ​តំបន់​ភាគ​អាគ្នេយ៍​នៃ​ប្រាសាទ​តាមាន់ធំ ក្នុង​ខេត្ត​ឧត្ដរមានជ័យ។ ចំណែក​នៅ​តំបន់​មុំបី ខេត្ត​ព្រះវិហារ ម្តុំ​ភ្នំ៤៦៩ ក៏​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​សាងសង់​ផ្លូវ និង​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​មួយ​ចំនួន រួម​ទាំង​សាងសង់​រូបសំណាក​ព្រះពុទ្ធ​បដិមា​ផង​ដែរ។

ជាង​នេះ​ទៀត នៅ​ទីតាំង​ភូមិ​ថ្មដូន ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្ដរមានជ័យ កងកម្លាំង​ប្រដាប់​អាវុធ​ថៃ បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី និង​សាងសង់​ផ្លូវ ព្រមទាំង​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​មួយ​ចំនួន​នៅ​ភាគ​ខាងលិច​នៃ​តំបន់​ដំណាក់​ស្តេច។

រីឯ​នៅ​តំបន់​អានសេះ ខេត្ត​ព្រះវិហារ វិញ ក៏​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​សាងសង់​ផ្លូវ និង​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​មួយ​ចំនួន ព្រមទាំង​លើក​ទង់ជាតិ​ថៃ ថែមទៀត។

ប្រភព​ដដែល​អះអាង​ថា សកម្មភាព​ស្រដៀង​គ្នា​នេះ ត្រូវ​បាន​គេ​សង្កេត​ឃើញ​កើតមាន​នៅ​ទីតាំង​ជាច្រើន​ដែរ ដូចជា នៅ​ម្តុំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អានសេះ អូរផ្កាស្នេហ៍ ភ្នំ៦៧៧ និង​ភ្នំ៥០០ ដែល​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ រួម​ជាមួយ​ព្រះសង្ឃ​ថៃ បាន​សាងសង់​រូបសំណាក​ព្រះពុទ្ធ​មួយ​អង្គ​នៅ​ទីនោះ។

ក្រសួង​ការបរទេស​កម្ពុជា អះអាង​ថា ក្រៅពី​នេះ នៅ​តំបន់​តាថាវ ខេត្ត​ព្រះវិហារ ក៏​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ធ្វើ​សកម្មភាព​ឈូស​ឆាយ​ដី​សាងសង់​ផ្លូវ និង​សំណង់​បេតុង​អចិន្ត្រៃយ៍​មួយ​ចំនួន ខណៈ​នៅ​ម្តុំ​តំបន់​ប្រាសាទ​ដូនទុន ភ្នំ៥០៥ ភ្នំ៣៣៣ និង​តំបន់​ច្រក​តាថាវ ក៏​ត្រូវ​ពួកគេ​ធ្វើ​សកម្មភាព​ដូច​គ្នា​នេះ​ដែរ។

ចំណែកឯ​តំបន់​តាសឹម និង​ចាក់ច្រែង ខេត្ត​ព្រះវិហារ ក៏​ត្រូវ​បាន​កងកម្លាំង​ប្រដាប់​អាវុធ​ថៃ ឈូស​ឆាយ​ដី​សាងសង់​ផ្លូវ និង​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍​មួយ​ចំនួន​ដែរ។ លើស​ពី​នេះ ពួកគេ​បាន​សាងសង់​រូបសំណាក​ព្រះពុទ្ធ​មួយ​ចំនួន​នៅ​ទីតាំង​ផ្សេងៗ​ក្នុង​ទឹកដី​កម្ពុជា រួម​ទាំង​តំបន់​តាថាវ និង​ភ្នំទ្រព្យ ខេត្ត​ព្រះវិហារ តំបន់​អូរស្មាច់ និង​ប្រាសាទខ្នា ខេត្ត​ឧត្ដរមានជ័យ ដោយ​មាន​ជំនួយ​ពី​ព្រះសង្ឃ​ថៃ។

ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បញ្ជាក់​ថា សកម្មភាព​យោធា​ថៃ ទាំងនេះ គឺជា​ការ​រំលោភ​បន្ថែម​ទៀត​លើ​មាត្រា ៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា-ថៃ ស្ដីពី​ការ​វាស់វែង និង​បោះ​បង្គោល​ព្រំដែន ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០០០ ក៏ដូចជា​ចំណុច​ទី​១ នៃ​សេចក្តី​ប្រកាស​រួម​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពី​ចុង​ខែ​ធ្នូ ឆ្នាំ​២០២៥ កន្លង​ទៅ​ផង​ដែរ។

ក្នុង​ពេល​ចុងក្រោយ​នេះ ពលរដ្ឋ​ខ្មែរ​បាន​ចែកចាយ​សកម្មភាព​យោធា​ថៃ ចូល​ទឹកដី​ខ្មែរ​ជា​ហូរហែ ដូចជា ការ​ចូល​ទៅ​គ្រប់គ្រង​ស្ថានីយ​ក្រុមហ៊ុន​ប្រេងឥន្ធនៈ​យីហោ CE មួយ​កន្លែង​ដែល​ជា​របស់​ខ្មែរ ក្នុង​តំបន់​ថ្មដា ខេត្ត​ពោធិ៍សាត់។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ កាសែត Thai Enquirer បាន​ស្រង់​សម្ដី​អ្នកនាំពាក្យ​កងទ័ព​ថៃ លោក Withai Laithomya ដែល​បាន​និយាយ​កាលពី​ថ្ងៃទី​១៧ ខែ​មីនា ថា ប្រទេស​ថៃ កំពុង​ដំណើរការ​គម្រោង​សាកល្បង​សាងសង់​របង​ព្រំដែន​អចិន្ត្រៃយ៍​តាម​បណ្តោយ​ព្រំដែន​ថៃ-កម្ពុជា។

ប្រភព​ដដែល​អះអាង​ថា ការ​សាងសង់​របង​អចិន្ត្រៃយ៍​នេះ គ្រោង​ចាប់ផ្តើម​នៅ​ដើម​ខែ​មេសា ឆ្នាំ​២០២៦ ខាងមុខ​នេះ ហើយ​រំពឹង​ថា​នឹង​បញ្ចប់​ក្នុង​រយៈពេល​ប្រហែល ៤៥​ថ្ងៃ ព្រោះ​ការ​សម្របសម្រួល​ជាមួយ​កម្ពុជា បាន​បញ្ចប់​ហើយ ខណៈ​ភាគី​កម្ពុជា ក៏​កំពុង​អភិវឌ្ឍ​ផ្លូវ​ស្រប​តាម​ផ្នែក​ព្រំដែន​របស់​ពួកគេ​ដែរ។

ការ​សាងសង់​ដំណាក់កាល​ដំបូង​មាន​ប្រវែង​ប្រហែល ១,៣​គីឡូម៉ែត្រ ចន្លោះ​បង្គោល​ព្រំដែន​លេខ ៥២ ដល់​បង្គោល​ព្រំដែន​លេខ ៥៤៕

© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

© 2026, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស