រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែននៃប្រទេសកម្ពុជា បានអះអាងជាថ្មីថា ប្រាសាទតាមាន់ធំស្ថិតក្នុងដែនអធិបតេយ្យប្រទេសកម្ពុជាទាំងស្រុង ដោយលើកយោងផែនទី និងឯកសារកំណត់ព្រំដែនជាប្រវត្តិសាស្ត្រជាភស្តុតាង ខណៈជម្លោះអំពីកម្មសិទ្ធិបុរាណឋានតាមបណ្តោយព្រំដែនកម្ពុជា-ថៃនៅតែបន្ត។
ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ជាតិកម្ពុជា ដែលចាក់ផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ លោក អ៊ិត សុត្ថា រដ្ឋលេខាធិការប្រចាំការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បាននិយាយថា ប្រាសាទតាមាន់ធំស្ថិតនៅក្នុងទឹកដីប្រទេសកម្ពុជាទាំងស្រុង។
លោកថ្លែងថា ការអះអាងនេះ គឺផ្អែកលើផែនទីខ្នាត ១/២០០,០០០ ពីគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រឆ្នាំ១៩០៨ និងផែនទីខ្នាត ១/៥០,០០០ ឬផែនទី L7017 ដែលរៀបចំដោយភាគីថៃ។
លោក អ៊ិត សុត្ថា បានបង្ហាញផែនទីថតពីផ្កាយរណបដែលមានខ្សែបន្ទាត់ព្រំដែនពីរប្រភេទ ដោយពណ៌ក្រហមតំណាងឱ្យខ្សែព្រំដែនដែលបានកំណត់នៅសម័យអាណាព្យាបាលបារាំង និងពណ៌ខៀវតំណាងឱ្យខ្សែដែលភាគីថៃគូសដោយឯកតោភាគី។ លោកបានអះអាងថា ខ្សែព្រំដែនទាំងពីរបង្ហាញថា ប្រាសាទតាមាន់ធំស្ថិតក្នុងទឹកដីខ្មែរ។
លោកក៏បានបញ្ជាក់ដែរថា ប្លង់បង្ហាញលក្ខណៈភូមិសាស្ត្រដែលជាឧបសម្ព័ន្ធនៃកំណត់ហេតុវាស់វែងធ្វើឡើងដោយគណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨ បានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទតាមាន់ធំជារបស់ខ្មែរ។ ផែនទីដែលភាគីថៃរៀបចំដោយឯកតោភាគី មិនមានអានុភាពផ្លូវច្បាប់សម្រាប់កំណត់ព្រំដែនអន្តរជាតិឡើយ។
ភាពតានតឹងជុំវិញប្រាសាទតាមាន់ធំ និងបុរាណឋានផ្សេងទៀត បានកើនឡើងបន្ទាប់ពីនាយកដ្ឋានវិចិត្រសិល្បៈថៃ កាលពីខែឧសភា ឆ្នាំ២០២៦ បានចុះបញ្ជីប្រាសាទតាមាន់ ប្រាសាទតាក្របី ប្រាសាទខ្នារ និងបុរាណឋានមួយចំនួនទៀតតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ចូលក្នុងបញ្ជីបុរាណឋានជាតិរបស់ខ្លួន។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រទេសកម្ពុជា បានជំទាស់ចំពោះការចុះបញ្ជីនោះ ដោយនិយាយថា ការដាក់បុរាណឋានខ្មែរចូលក្នុងបញ្ជីប្រាសាទបុរាណជាតិថៃ មិនអាចប្រើជាភស្តុតាងសម្រាប់កំណត់អធិប តេយ្យ ទឹកដី ឬព្រំដែនអន្តរជាតិបានទេ។
កាលពីថ្ងៃទី៥ ខែកក្កដា មេបញ្ជាការយោធភូមិភាគទី២ និងទី៣ នៃកងទ័ពថៃ បានណែនាំឱ្យកងកម្លាំងរបស់ខ្លួនត្រៀមខ្លួនបន្តការពារតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់ភ្នំ៣៥០ ដែលភាគីថៃអះអាងថា ស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ហើយក៏លើកទឹកចិត្តឲ្យទេសចរទៅទស្សនាទីនោះទៀតផង៕
© 2026, ឌឹ ខេមបូឌា ដេលី. All rights reserved.

