36 C
Phnom Penh

ហ៊ុន សែន ៖ លំហាត់​បាញ់​គ្រាប់​ពិត ​មិន​មែនជា​ការ​បង្ហាញ​​សាច់​ដុំ​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​បែប​សាមញ្ញ​មួយ​ ទាហាន​នៃកង​យោធ​ពល​ខេមរ​ភូមិន្ទ​កាល​ពី​ម្សិលមិញ​ បាន​បាញ់​គ្រាប់​​កាំ​ភ្លើង​ប្រតិកម្ម និង​កាំភ្លើង​ធំ​ ​ដ៏មាន​តម្លៃ​ថ្លៃ​រាប់​រយ​គ្រាប់​ នៅ​ក្នុង​ការ​​ធ្វើ​លំហាត់​បាញ់​គ្រាប់​​ពិត​ជាទ្រង់​ទ្រាយ​ធំ​មួយ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

គ្រាប់​កំាភ្លើង​ប្រតិកម្ម​ BM-21 ​បាញ់​សាកល្បង​ អំឡុង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម្សិល​មិញ។ ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​នេះ ​ធ្វើ​ឡើង​មុន​ថ្ងៃ​បកស្រាយ​សាលក្រម​​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡាអេ​។​ (ស៊ីវ ចាន់ណា)
គ្រាប់​កំាភ្លើង​ប្រតិកម្ម​ BM-21 ​បាញ់​សាកល្បង​ អំឡុង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ ​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ម្សិល​មិញ។
ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​នេះ ​ធ្វើ​ឡើង​មុន​ថ្ងៃ​បកស្រាយ​សាលក្រម​​របស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡាអេ​។​ (ស៊ីវ ចាន់ណា)

លោក​ឧត្ដម​សេនីយ៍​ឯក ឥត សារ៉ាត់ ដែល​ដឹកនាំ​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ក្នុងរយៈ​ពេល​ពីរ​ថ្ងៃ​ នៅ​ទី​បញ្ជា​ការដ្ឋាន​កង​រថក្រោះ​​អា​សេ​អូ​ (ACO)​ បាន​មាន​ប្រសាសន៍​ថា កាំភ្លើង​ធំប្រភេទ​បេអឹម​២១​ចំនួន​៦០០​គ្រាប់ ដែល​ក្នុង​មួយ​គ្រាប់​ៗ​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ ត្រូវ​បាន​បាញ់​ចេញ​ពី​រថយន្ត​សម្រាប់​បាញ់​កាំភ្លើង​ប្រតិកម្ម​ថ្មី អមដោយកាំភ្លើង​ធំ​១៣០​មិល្លីម៉ែត្រ​ចំនួន​២៤​គ្រាប់​ផង​ដែរ​។

ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​នេះ ដែល​ធំ​ជាង​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​ កាល​​ពី​ឆ្នាំ​២០១០​ ត្រូវ​បាន​ធ្វើ​ឡើង​មុន​ថ្ងៃ​បកស្រាយ​
សាលក្រមរបស់​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ​ក្រុង​ឡាអេ​ ដែល​គ្រោង​ប្រកាសនៅ​ថ្ងៃ​ទី​១៥​ ខែ​មេសា​ ដើម្បី​សម្រេច​នូវភាព​ជា​ម្ចាស់​​លើ​ដី​​ទំហំ​៤,៦​គីឡូម៉ែត្រ​ក្រឡា ស្ថិតជាប់​នឹង​ប្រាសាទ​ព្រះវិហារ​ ដែល​ប្រទេស​ថៃ និង​កម្ពុជា​បាន​ប្រយុទ្ធ​គ្នា​ដ៏​បង្ហូរ​ឈាម តាំង​ពី​ឆ្នាំ​២០០៨​មក​នោះ។

ថ្លែង​ទៅ​កាន់​អ្នក​យក​ព័ត៌មាន​នៅ​កន្លែង​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​​ ដែលបាន​ប្រកាស​ជាសាធារណៈ​​ លោក​ ទៀ បាញ់ រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​បាន​លើក​ឡើង​ថា កង​ទ័ព​កម្ពុជា​​បាន​​បាញ់​សាក​ល្បង​កាំ​ភ្លើង​ថ្មី​របស់​ខ្លួន​បែប​សាមញ្ញតែ​ប៉ុណ្ណោះ​ ហើយ​ការ​បង្ហាញ​ពី​ភាព​ខ្លាំង​នេះ​មិន​មាន​អ្វី​ពាក់​ព័ន្ធ​នឹងការ​សម្រេច​របស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ​នោះ​ទេ។

លោក​មាន​​ប្រសាសន៍​ថា “ កាំភ្លើង​ទាំង​នេះ គឺ​ជាកាំភ្លើងថ្មីរបស់​យើង​ ហេតុ​ដូច្នេះ​ហើយ​ ទើប​យើង​ចាំ​បាច់​ត្រូវ​តែ​រៀន​បាញ់​កាំភ្លើងទាំង​នេះ​ និង​ត្រៀម​ខ្លួន​ឲ្យ​ហើយសម្រាប់​ពេល​ដែល​យើង​ត្រូវ​ការ​ប្រើ​វា”។

ដោយ​លើក​ឡើង​ថា ការ​ធ្វើ​លំហាត់​បាញ់​​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម​រាប់​រយ​គ្រាប់​ មិន​មែន​មាន​ជាប់​ពាក់​ព័ន្ធ​ជាមួយ​នឹង​ការ​បើក​សវនាការ​ របស់តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ ដែលលោក​ ហ៊ុន សែន​ បាន​លើក​​ឡើង​កាល​ពី​ម្សិលមិញ​ថា មិន​មែនជាការ​ដំឡើង​សាច់​ដុំ តាមរយៈ​​ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​នេះ​ទេ​។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​របស់​មជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​​មីន​កម្ពុជា​ នៅ​ឯ​វិមាន​សន្តិភាព​ ក្នុង​រាជ​ធានី​ភ្នំពេញ​ថា “ ​នេះមិនមែនជាការ​បង្ហាញ​សាច់​ដុំ​ឡើយ”។

លោក ហ៊ុន សែន បាន​លើក​ឡើង​ថា “ ​ខ្មែរ​គ្មាន​សាច់​ដុំ​សម្រាប់​បង្ហាញគេ​នោះ​ទេ​ យើង​មាន​តែ​ [ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត] ​នេះ​តែ​ប៉ុណ្ណោះ។ កាំ​ភ្លើង​ប្រតិ​កម្ម​មាន​ខ្លះ​ថ្មី​ខ្លះ​ចាស់​។ យើង​បាញ់​កាំ​ភ្លើង​ប្រតិកម្ម​ទាំង​នេះ ដើម្បី​ចង់​ដឹង​ពី​សមត្ថ​ភាព​របស់​វា”។

លោក​បាន​បន្ត​ថា“ គ្មាន​ប្រទេស​ណា​មួយ​នៅ​លើ​ពិភព​លោក ដែល​គ្មាន​អាវុធ​នោះ​ទេ។ ប៉ុន្តែ យើង​មិន​មែន​ចង់​គំរាម​ធ្វើ​សង្គ្រាម​
​ជាមួយ​នរណា​មួយ​ឡើយ​។ វា​គ្រាន់​តែ​ ដើម្បី​​ការ​ពារ​ខ្លួន និង​ហ្វឹកហាត់​ទាហាន​របស់​យើង​តែ​ប៉ុណ្ណោះ​ ហេតុ​ដូច្នេះ​ហើយ​ពួក​គេ​អាច​ដឹង​ពី​របៀប​ប្រើ​កាំ​ភ្លើង​ប្រតិកម្ម​ទាំង​នេះ។ ប្រសិន​បើ​ពួក​គេ​មិន​ដឹង​ពី​​របៀប​បាញ់​ ហើយ​​ដល់​ពេល​បាញ់​ពួក​គេ​នឹង​មិន​ដឹង​ថា ត្រូវ​បាញ់​​ទៅ​ទីណា​ឡើយ”។

លោកនាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់ បាន​បដិសេធ​មិនបកស្រាយថា ​ប្រទេស​កម្ពុជា​បាន​ទិញ​​កាំភ្លើង​ប្រតិកម្មប្រភេទ​បេអឹម​២១​ ពីពេលណា ឬពីប្រទេសណា​ ឬក៏​រដ្ឋាភិបាល​បានចំណាយ​អស់​ថវិកា​ប៉ុន្មាន​លាន​ដុល្លារ​ឡើយ​ប៉ុន្តែ លោក​បាន​ទទួល​ស្គាល់​ថា គ្រឿង​សព្វា​វុធ​ទាំង​នេះ​មិន​មែន​មាន​តម្លៃ​ថោក​ទេ។

លោក​បាន​មាន​ប្រសាសន៍​ដោយ​មិន​ផ្ដល់​ព័ត៌មាន​លម្អិត​ថា “ យើង​បាន​ចំណាយ​ថវិកា​ ដើម្បី​ទិញ​គ្រឿង​សព្វាវុធ​ថ្មី​ ដែល​មាន​គុណ​ភាព​​ខ្ពស់​ ហើយ​ការ​ពិត​មិន​មែន​ថោក​នោះ​ទេ​”។
នៅ​ពេល​កង​យោធពល​ខេមរភូមិន្ទ​ បាន​បាញ់​គ្រាប់​កាំភ្លើង​ប្រតិកម្ម​ប្រភេទ​បេអឹម​២១ ​ចំនួន​២០០​គ្រាប់​ កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១០​​លោក​ ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ពេលនោះ​ថា ការ​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​​បាន​ចំណាយ​ថវិកា​អស់​៥០០.០០០​ដុល្លារ​​។ នោះជាការ​ចំណាយ​កាលពីបី​ឆ្នាំ​មុន ចំណែកការ​​ធ្វើ​លំហាត់​បាញ់​គ្រាប់​ពិត​កាល​ពី​ម្សិល​មិញ​​ ដែលមានចំនួន​មិន​តិច​ជាង​៤០០​គ្រាប់​ប្រហែលមានតម្លៃ​យ៉ាង​តិច​១,៥​លាន​ដុល្លារ​។

ថវិកា​ជាតិសម្រាប់​ឆ្នាំ​២០១៣​របស់​ក្រសួងការពារជាតិ​​បាន​កើន​ដល់ជិត​១៦​ភាគរយ​ នៃថវិកា២៤៥​លាន​ដុល្លារ​ ជា​តួលេខ​មួយ ​​ដែល​ស្មើនឹង​ប្រហែល​១៣,៣២​ភាគរយ​នៃ​ទំហំចំណាយ​ទាំង​មូល​សម្រាប់​ឆ្នាំ​នេះ។ អំឡុង​ធ្វើសេចក្តីព្រាង​ច្បាប់ថវិកា​ជាតិ កាល​ពី​ឆ្នាំ​មុន​ លោក​នាយ​ឧត្ដម​សេនីយ៍​ ទៀ បាញ់​ បាន​​មាន​ប្រសាសន៍​ថា លោក​ត្រូវ​ការ​ថវិកាច្រើនថែមទៀត សម្រាប់​ចំណាយ​ដល់​កងទ័ព​ការពារព្រំដែន កម្ពុជា ជាប់ជាមួយ​ថៃ​។

រដ្ឋសភា និងព្រឹទ្ធសភា បាន​អនុម័ត​ថវិកា​​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​គណបក្ស​ប្រឆាំង​ គឺ​គណបក្ស​ សម រង្ស៊ី ដែល​បាន​លើក​ឡើង​ថា វា​ខុសហើយ​​ ដែល​ក្រសួង​ការ​ពារ​ជាតិ​ទទួល​បាន​ចំណែក​យ៉ាង​ច្រើន​នៃ​ថវិកា​ប្រចាំ​ឆ្នាំ ដែល​មាន​ចំនួន​៣,១​ពាន់​លាន​ដុល្លារ ហើយ​ថា រដ្ឋាភិបាល​គួរផ្តល់អាទិភាព​ដល់​វិស័យ​សុខាភិបាល​ និង​វិស័យ​អប់រំ​៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស