30 C
Phnom Penh

នគរ​បាល​តាម​ប្រមាញ់​​មេប៉ុស្តិ៍ម្នាក់​បន្ទាប់ពី​បង្ក​គ្រោះ​ថ្នាក់ចរាចរណ៍​បុកមនុស្ស​​​​​​ស្លាប់​​​ ហើយ​រត់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលបាននិយាយថា នាយប៉ុស្តិ៍ម្នាក់មកពីខេត្តកំពង់ធំកំពុងរត់គេចខ្លួនកាលពីម្សិលមិញ បន្ទាប់ពីគាត់បានបើរថយន្តក្នុងល្បឿនយ៉ាងលឿនទៅម៉ូតូមួយគ្រឿងដែលបណ្តាលឱ្យក្មេងជំទង់ពីរនាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងខេត្តកំពង់ចាមកាលពីយប់ថ្ងៃសៅរ៍។

យោងតាមលោក ប្រាក់ សុគន្ធ អធិការនគរបាលស្រុកបានឱ្យដឹងថា ថុល វាសនា អាយុ១៨ឆ្នាំ និង សែ វុទ្ធី អាយុ១៧ឆ្នាំ បានស្លាប់ភ្លាមៗបន្ទាប់ពីជិះម៉ូតូទៅបុកជាមួយរថយន្តតូយ៉ូតាកាមរីមួយគ្រឿងចំពីមុខនៅម៉ោងប្រហែល១១និង៣០នាទីយប់ស្ថិតក្នុងឃុំស្ដើងជ័យ ស្រុកជើងព្រៃកាលពីថ្ងៃសៅរ៍។

អ្នកបើកបររថយន្តបានរត់គេចខ្លួនភ្លាមៗ ដោយសាររថយន្តរងការខូចខាតយ៉ាងខ្លាំងបន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរណ៍។ បន្ទាប់ពីការពិនិត្យរថយន្ត នគរបាលបានកំណត់អត្តសញ្ញាណម្ចាស់រថយន្តថាឈ្មោះ ម៉ុក អ៊ុកសំអាត នាយប៉ុស្តិ៍ជ្រលង ស្រុកបារាយណ៍។

លោក ប្រាក់ សុគន្ធ បានមានប្រសាសន៍ថា “យើងស្គាល់ឈ្មោះ និងតួនាទីរបស់គាត់ហើយ ពីព្រោះយើងបានរកឃើញឯកសារនៅក្នុងរថយន្តេនះ។ គាត់ប្រហែលជាស្រវឹងស្រាជោកជាំ។ នេះជាមូលហេតុដែលរថយន្តរបស់គាត់បានបុកជាមួយម៉ូតូដែលបើកបរក្នុងទិសដៅផ្ទុយគ្នា”។

អ្នករួមដំណើរទី៣ឈ្មោះ ថៃ ធា អាយុ១៧ឆ្នាំ ត្រូវបានបញ្ជូនយ៉ាងប្រញាប់ប្រញាល់ទៅមន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ ហើយត្រូវបានបញ្ជូនបន្តមកមន្ទីរពេទ្យមួយទៀតក្នុងរាជធានីភ្នំពេញ ដោយសារស្ថានភាពធ្ងន់ធ្ងរនៃមុខរបួស។

លោក សួង ផែន អធិការនគរបាលស្រុកបារាយណ៍បានអះអាងថា លោក ម៉ុក អ៊ុកសំអាត គឺជានាយប៉ុស្តិ៍ច្រនាង ហើយថា គាត់មិនបានមកធ្វើការទេកាលពីម្សិលមិញ។

លោកបានមានប្រសាសន៍ថា “យើងបានសហការជាមួយនគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការចាប់ខ្លួនឆ្លើយតបទៅនឹងគ្រោះថ្នាក់ចរាចរណ៍នេះ។ តាងនាមអាជ្ញាធរ គាត់មិនគួររត់គេចទេ ហើយគាត់គួរចូលខ្លួនមកឆ្លើយបំភ្លឺ”។

គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឱ្យមនុស្សស្លាប់នេះ គឺជាករណីថ្មីបំផុតទាក់ទងករណីបុកហើយរត់ពាក់ព័ន្ធមន្ត្រីមួយចំនួននៅកម្ពុជា។

កាលពីសប្ដាហ៍មុន អភិបាលរងខេត្តឧត្ដរមានជ័យបានរត់គេចខ្លួនពីកន្លែងកើតហេតុបន្ទាប់ពីរថយន្តរបស់លោកម៉ាកឡិចស៊ីស បានបុកក្មេងប្រុសអាយុ៨ឆ្នាំម្នាក់ដែលជិះកង់ឆ្លងផ្លូវបណ្តាលឱ្យស្លាប់។

កាលពីខែកញ្ញា មន្ត្រីរដ្ឋបាលព្រៃឈើជាន់ខ្ពស់មួយរូបត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់អ្វីឡើយ  បន្ទាប់ពីស្រវឹងស្រាបើករថយន្តម៉ាកឡិចស៊ីសបុកសន្តិសុខម្នាក់ស្លាប់ក្នុងខេត្តសៀមរាប៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស