34 C
Phnom Penh

រដ្ឋាភិបាល​ត្រៀម​ផែនការ​ជម្លៀស​​ប្រជាជន​ចេញពី​ទំនប់​សេសាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីខេត្តស្ទឹងត្រែងនិយាយថា ខ្លួននឹងត្រៀមទូក និងរថយន្តដើម្បីជម្លៀសប្រជាពលរដ្ឋនៅក្នុងភូមិចំនួនពីរដែលមិនខ្វល់ចំពោះការព្រមានថា ផ្ទះរបស់ពួកគាត់នឹងត្រូវទឹកជន់លិច នៅពេលការធ្វើតេស្តសាកល្បងទំនប់វារីអគ្គិសនីសេសានក្រោម២ក្បែរនោះចាប់ផ្ដើមនៅថ្ងៃសៅរ៍។           

ប្រជាពលរដ្ឋរាប់រយគ្រួសារបានចាកចេញរួចទៅហើយពីតំបន់អាងស្តុកទឹកទំហំ៣៦.០០០ហិកតានៃទំនប់វារីអគ្គិសនីនេះទៅកាន់កន្លែងតាំងលំនៅថ្មី និងទទួលយកសំណង រួមមានផ្ទះថ្មី  និងដីចម្ការ។ ប៉ុន្តែប្រជាពលរដ្ឋជាង១០០គ្រួសារទៀតនៅក្នុងភូមិស្រែគរ និងភូមិក្បាលរមាស ស្រុកសេសាន និយាយថា ពួកគាត់ព្រួយបារម្ភខ្លាចបាត់បង់ជីវភាពរស់នៅដែលមានសារៈសំខាន់ចំពោះវប្បធម៌ជនជាតិដើមភាគតិចឡាវរបស់ខ្លួន ហើយស្ទាក់ស្ទើរក្នុងការចាកចេញពីដីធ្លីដែលពួកគាត់បានកាន់កាប់ជាច្រើនជំនាន់មកហើយ។

កាលពីម្សិលមិញ លោក ឌួង ពៅ អភិបាលរងខេត្តស្ទឹងត្រែងមានប្រសាសន៍ថា លោកបានជួបជាមួយមន្ត្រីមូលដ្ឋាន និងតំណាងប្រជាពលរដ្ឋដើម្បីត្រៀមផែនការជម្លៀសបន្ទាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ១២០គ្រួសារដែលមិនទាន់ចាកចេញ។

លោកថ្លែងថា “យើងបានត្រៀមរថយន្តធុនធំ និងទូកលឿនប្រហែល២០គ្រឿងដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងដឹកពួកគាត់ទៅកាន់កន្លែងតាំងលំនៅថ្មី ប្រសិនបើលំនៅដ្ឋានរបស់ពួកគាត់ត្រូវទឹកជន់លិច បន្ទាប់ពីទំនប់បិទនៅថ្ងៃទី១៥ ខែកក្កដា”។

អភិបាលរងខេត្តរូបនេះបានលើកឡើងបន្តថា កម្រិតទឹកទន្លេសេសាននឹងហក់ឡើងកម្ពស់៥ម៉ែត្រ ឬលើសនេះក្នុងពេល១សប្ដាហ៍ ហើយអាចនឹងជន់លិចភូមិទាំងនេះក្នុងពេលប៉ុន្មានថ្ងៃ។ លោកប្រាប់ថា “យើងបានស្នើសុំឱ្យគ្រួសារទាំងនោះចាកចេញពីលំនៅដ្ឋានរបស់ពួកគាត់ ព្រោះតំបន់ទាំងនោះនឹងត្រូវជន់លិចទាំងស្រុងបើទំនប់បិទ ប៉ុន្តែពួកគាត់មិនព្រម ហើយយើងមិនអាចប្រើកម្លាំងបណ្ដេញពួកគាត់បានទេ”។

លោកមានប្រសាសន៍ថា អាជ្ញាធរនឹងចាប់ផ្ដើមរុះរើស្ពានមួយដែលឆ្លងកាត់ទន្លេនេះនៅថ្ងៃពុធ បន្ទាប់ពីព្យាយាមពីរលើកមិនបានសម្រេចដោយសារមានការរារាំងពីប្រជាពលរដ្ឋដែលបារម្ភខ្លាចបាត់បង់ផ្លូវដ៏សំខាន់របស់ពួកគាត់ចេញពីភូមិ ហើយថានឹងមានអំពើហិង្សាទល់អំពើហិង្សាប្រសិនបើចាំបាច់។

លោកលើកឡើងថា “យើងនឹងប្រើកម្លាំងដើម្បីបញ្ឈប់ការតវ៉ា ហើយបើប្រជាពលរដ្ឋទាំងនោះប្រើហិង្សាមកលើអាជ្ញាធររបស់យើង យើងនឹងចាប់ខ្លួនពួកគាត់ ហើយទុកឱ្យតុលាការដោះស្រាយទៅតាមផ្លូវច្បាប់”។

លោក សុត ធឿន ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋដែលបានចូលរួមការជួបប្រជុំកាលពីថ្ងៃអាទិត្យនិយាយថា គាត់ និងអ្នកជិតខាងរបស់គាត់មិនទាន់ជឿថាកម្រិតទឹកហក់ឡើងនឹងចូលទៅដល់ភូមិរបស់ពួកគាត់ឡើយ ហើយពួកគាត់នឹងនៅបន្តតាមដែលអាចធ្វើទៅបាន។

បុរសរូបនេះលើកឡើងថា “អ្នកភូមិរបស់យើងនឹងមិនព្រមចាកចេញទេ ព្រោះយើងចង់ឃើញស្ថានភាពទឹកជាក់ស្ដែងបន្ទាប់ពីទំនប់នេះបិទ”។ គាត់និយាយថា ពួកគាត់មានផែនការយថា ភាពផ្ទាល់ខ្លួន ប្រសិនបើវាពិតដូចការព្រមានរបស់រដ្ឋាភិបាលមែន នោះគឺដីទំហំ២០០ហិកតាស្ថិតនៅលើទីទួលមួយក្បែរនោះដែលពួកគាត់អាចចាប់ផ្ដើមតាំងលំនៅថ្មីបាន។ និយាយពីស្ពានវិញ លោកប្រាប់ ថា គ្រួសារទាំងនេះនឹងធ្វើការតវ៉ាប្រឆាំងការប៉ុនប៉ងណាមួយក្នុងការបំផ្លាញស្ពាននេះចោល។

ទំនប់វារីអគ្គិសនីសេសានក្រោម២កម្លាំង៤០០មេហ្គាវ៉ាត់ ជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរបស់កម្ពុជា និងក្រុមហ៊ុន Hydrolancang International Energy របស់ប្រទេសចិន នឹងក្លាយជាទំនប់វារីអគ្គិសនីធំបំផុតនៅក្នុងប្រទេសកម្ពុជា នៅពេលវាចាប់ផ្ដើមដំណើរការនៅខែកញ្ញា។

លោក អ៊ុំ រ៉េត តំណាងក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបលើកឡើងថា អាងស្តុកទឹកនៃទំនប់នេះអាចនឹងមានជម្រៅជ្រៅបំផុត៦៨ម៉ែត្រ បន្ទាប់ពីធ្វើតេស្តសាកល្បង១ទៅ២ខែ ហើយអាចនឹងឡើងជ្រៅជាងនេះទៅទៀត ប្រសិនបើមេឃភ្លៀងខ្លាំងជាងធម្មតា៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស