40 C
Phnom Penh

តុលាការក្រុងភ្នំពេញបដិសេធសំណើរបស់លោកស្រី រ៉ូណា ស្មីត ដែលសុំចូលជួបលោក កឹម សុខា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តុលាការក្រុងភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញ បានទាល់ចោលសំណើរបស់លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស ដែលចង់ចូលជួប លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងពន្ធនាគារត្រពាំងផ្លុង។

ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក គី ឬទ្ធី បានចេញលិខិតមួយច្បាប់ បដិសេធសំណើរបស់តំណាងស្តីទីនៃការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយមិនអនុញ្ញាតឱ្យលោកស្រី រ៉ូណា ស្មីត ចូលសួរសុខទុក្ខលោកកឹម សុខា នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែមីនាខាងមុខនេះទេ។

តុលាការបានលើកមូលហេតុថា ការបដិសេធនេះ ដោយសារសំណុំរឿងក្តីនេះកំពុងស្ថិតក្នុងចំណាត់ការស៊ើបសួរ និងស្រាវជ្រាវប្រមូលភស្តុតាងនានា ហេតុនេះការចូលជួប ឬសួរសុខទុក្ខលោក កឹម សុខា អនុញ្ញាតឱ្យបានតែមេធាវី និងក្រុមគ្រួសារលោកតែប៉ុណ្ណោះ។

រហូតមកទល់ពេលភាគីអង្គការសហប្រជាជាតិនៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយទេក្រោយពីតុលាការបដិសេធរបស់ពួកគេពីការចូលជួបលោក កឹម​ សុខា នោះ។ កន្លងតុលាការក្រុងភ្នំពេញក៏បាន បដិសេធតំណាងរាស្រ្តរបស់គណបក្សសង្គ្រោះជាតិ និងក្រុមអង្គការ សង្គមស៊ីវិលជាច្រើនទៀតមិនឲ្យចូលជួយលោក កឹម​ សុខា ក្នុងករណី ដូចគ្នានេះដែរ។

ដំណើរទស្សនកិច្ចរបស់ លោកស្រី រ៉ូណា ស្មីត (Rhona Smith) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិមកកាន់ប្រទេសកម្ពុជា លើកនេះមានរយៈពេល១០ថ្ងៃ ដើម្បីជួបក្រុមមន្រ្តីអង្គការសង្គម ស៊ីវិល សកម្មជនដីធ្លី សកម្មជននយោបាយ និង មន្រ្តីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស