30 C
Phnom Penh

គណបក្សប្រឆាំងគាំទ្រវិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកមកលើមន្រ្តីយោធាជាន់ខ្ពស់របស់លោកហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្សប្រឆាំងគាំទ្រវិធានការចុងក្រោយរបស់សហរដ្ឋអាមេរិកមកលើមន្រ្តីយោធាជាន់ខ្ពស់របស់លោកហ៊ុន សែន គណបក្សសង្គ្រោះជាតិកាលពីថ្ងៃពុធទី១៣ ខែមិថុនា បានគាំទ្រចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិកមកលើលោកហ៊ីង ប៊ុនហៀង ដែលសហរដ្ឋអាមេរិករកឃើញថា បុរសរូបនេះមានជាប់ពាក់ព័ន្ធខ្លាំងនឹងការអំពើឃោរឃៅសម្លាប់មនុស្ស និងជាជនដៃដល់ដែលបានបញ្ជាឲ្យមានការវាយប្រហារមកលើតំណាងរាស្រ្តពីររូបរបស់គណបក្សសង្គ្រោះជាតិកន្លងមក។

សេចក្តីថ្លែងការណ៍របស់គណបក្សសង្គ្រោះជាតិដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី១៣ ខែមិថុនាឲ្យដឹងថា ការដាក់ទណ្ឌកម្ម មកលើលោកហ៊ីង ប៊ុនហៀង គឺជាការផ្តល់នូវពន្លឺយុត្តិធម៌មួយដល់ជនរងគ្រោះ ដែលបានស្លាប់ និងបានរងរបួសដោយសារស្នាដៃរបស់លោក នាពេលកន្លងមកដែលបានដឹកនាំឲ្យប្រើអំពើហិង្សាមកលើពលរដ្ឋស្លូតត្រង់។

គណបក្សសង្គ្រោះជាតិបញ្ជាក់ថា ការដាក់ទណ្ឌកម្មនៅពេលនេះ ក៏ជាសារព្រមានជនដទៃទៀតដែលបានរំលោភសិទ្ធិមនុស្សនៅកម្ពុជាថា ពួកគេនឹងមិនអាចរួចខ្លួនពីសំណាញ់ច្បាប់ឡើយ ហើយពួកគេ ត្រូវតែបញ្ឈប់ជាបន្ទាន់នូវការរំលោភសទ្ធិមនុស្ស និងការធ្វើទុក្ខបុកម្នេញគ្រប់រូបភាពមកលើពលរដ្ឋស្លូតត្រង់ ប្រសិនបើពួកគេមិនចង់ទទូលរងនូវទណ្ឌកម្មពីសហគមន៍អន្តរជាតិតទៅទៀតនោះ។

ទោះជាយ៉ាងណាក៏ដោយ ខុទ្ទកាល័យរបស់លោកហ៊ុន សែនឯណោះវិញក៏បានចេញសេចក្តីថ្លែងការណ៍ការពារលោកហ៊ីង ប៊ុនហៀង ថា ជាអ្នកអនុវត្តច្បាប់ម៉ឺងម៉ាត់ និងជាអ្នកអនុវត្តនូវកាតព្វកិច្ចដ៏ថ្លៃថ្នូរក្នុងការការពារសុវត្ថិភាព និងសណ្តាប់ធ្នាប់កម្ពុជា។

ក្រុមអ្នកវិភាគនិយាយថា សហរដ្ឋអាមេរិកបានធ្វើការយ៉ាងល្អិតល្អន់ ក្នុងការសំរេចដាក់ទណ្ឌកម្មលើរបបលោកហ៊ុន សែន នៅពេលនេះ ហើយថា មន្រ្តីយោធាជាច្រើនរូបទៀតរួមមានលោក ចាប ភក្តី លោក សៅ សុខា លោក ប៉ុលសារឿន និងមនុស្សសំខាន់ៗដទៃនឹងអាច ទទួលរងទណ្ឌកម្មដូចគ្នានេះនៅពេលខាងមុខ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស