រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបញ្ជាឲ្យមានការបន្ថែមកម្លាំងចុះទៅខេត្តព្រះសីហនុ ដើម្បីបង្ក្រាបបទល្មើស រដ្ឋមន្ត្រីក្រសួងមហាផ្ទៃគឺលោកស ខេង កាលពីថ្ងៃទី១២ ខែកញ្ញា បានបញ្ជាដល់អង្គភាពសំខាន់ៗចំនួន៤ របស់ក្រសួងមហាផ្ទៃឲ្យបង្កើតក្រុមប្រតិបត្តិការចុះទៅខេត្តព្រះសីហនុ ជាបន្ទាន់ដើម្បីបង្ក្រាបបទល្មើសជាច្រើនដែលបង្កឡើងដោយក្រុមជនជាតិចិន។
អង្គភាពទាំងនោះរួមមាន អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយកដ្ឋានរដ្ឋបាល និងក្រុមអ្នកច្បាប់របស់ក្រសួងមហាផ្ទៃ។
លោកស ខេងអះអាងថា ដោយសារខេត្តព្រះសីហនុជាខេត្តសម្បូរ ទៅដោយភ្ញៀវទេសចរ ជាពិសេសជនជាតិ។
លោកបន្តថា ពួកគេបានប្រព្រឹត្តបទល្មើសជាច្រើនដូចជាករណីសម្លាប់មនុស្ស ការប្រើប្រាស់គ្រឿងញៀន និងបញ្ហាបរិស្ថានអនាម័យ។
លោកបន្តថា ប្រសិនបើសមត្ថកិច្ចមិនយកចិត្តទុកដាក់លើបញ្ហានេះទេ នោះពលរដ្ឋខ្មែរនឹង មិនអាចទៅលេងកម្សាន្តទឹកសមុទ្ររបស់ខ្លួនបានដូចកាលពីពេលមុនទៀតនោះឡើយ។
លោកបន្តថា ក្រសួងមហាផ្ទៃនឹងរៀបចំក្រុមការងារមួយ ដើម្បីគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុ ក្នុងការរក្សាសណ្តាប់ធ្នាប់ សន្តិសុខ របៀបរៀបរយ និងការរស់នៅប្រកដដោយសេចក្តីថ្លៃថ្នូរបស់ពលរដ្ឋខ្មែរដែលជាម្ចាស់ទឹកដីនៅទីនោះ។
ក្រុមអ្នកឃ្លាំមើលនិយាយថា ដើម្បីឲ្យប្រតិបត្តិការរបស់ក្រសួងមហាផ្ទៃ ទទួលជោគជ័យ និងមានប្រសិទ្ធភាពទៅបានលុះត្រាតែមន្រ្តីសមត្ថកិច្ច ទាំងអស់ត្រូវនៅឲ្យឆ្ងាយពីអំពើពុករលួយ៕