សមត្ថកិច្ចក្រសួងមហាផ្ទៃបានបណ្តេញជនជាតិចិនចំនួន២៣២នាក់ ទៅកាន់ប្រទេសចិនវិញក្នុងនោះស្រី៣៨នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកគំរាម កំហែង និងជម្រិតទារប្រាក់តាមប្រព័ន្ធទូរគមនាគមន៍វ៉យ(VOIP)។
សមត្ថកិច្ចកម្ពុជាកាលពីថ្ងៃទី២៦ខែវិច្ជិកាឆ្នាំ២០១៨បានចាប់ខ្លួនជនល្មើសជាជនជាតិចិនក្នុងស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ។
កាលពីពាក់កណ្តាលខែតុលាកន្លងទៅ សមត្ថកិច្ចកម្ពុជាបានបញ្ជូនក្រុមជម្រិតទារប្រាក់ជនជាតិចិនតាមប្រព័ន្ធទូរគមនាគមន៍វ៉យ(VOIP)ចំនួន៩១ នាក់ ទៅកាន់ប្រទេសចិនវិញ។
របាយការណ៍នាយកដ្ឋានអន្តោប្រវេសន៍ឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៤មក សមត្ថកិច្ចបានឃាត់ខ្លួន និងបណ្ដេញជនបរទេសទៅប្រទេសកំណើតវិញសរុបចំនួនជិត១៥000 នាក់ក្នុងនោះមានស្រីជាង២៥០០នាក់ហើយពួកគេភាគច្រើនជាជនជាតិចិន។
ក្រុមអ្នកឃ្លាំមើលនិយាយថា ការកើនឡើងបទល្មើសតាមប្រព័ន្ធអ៊ិនធឺណែតដែលភាគច្រើនប្រព្រឹត្តឡើងដោយជនជាតិចិននោះគឺដោយសារការអនុវត្តច្បាប់អន្តោប្រវេសន៍របស់កម្ពុជាមានភាពធូររលុង និងការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរដោយមន្រ្តីមានសមត្ថកិច្ច៕