រដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើតក្រុមការងារចម្រុះរវាងអគ្គនាយកដ្ឋានពន្ធដារ សមាគមនិងអង្គការក្រៅរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាពន្ធរបស់អង្គការក្រៅរដ្ឋាភិបាល។
សេចក្តីប្រកាសរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលចេញផ្សាយជាសាធារណៈកាលពីថ្ងៃទី៣០ខែមករា ហើយដែលសារព័ត៌មាន The Cambodia Dailyទើបទទួលបាននោះ ឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារចម្រុះសម្រាប់អគ្គនាយកដ្ឋានពន្ធដារ ដែលមានសមាសភាព២៨រូបចូលរួម។
សេចក្តីប្រកាសដដែលឲ្យដឹងថា ក្រុមការងារនេះមានសហប្រធានពីររូបគឺ លោកគង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ និងលោកសឿង សារឿននាយកប្រតិបត្តិនៃគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាហើយមានអនុប្រធានបួនរូបទៀត ចំណែក២២រូបទៀតជាសមាជិក។
ក្រសួងសេដ្ឋកិច្ចឲ្យដឹងថា ក្រុមការងារចម្រុះនេះមានភារកិច្ចពង្រឹងពិនិត្យ បកស្រាយច្បាប់ និងបង្កើតច្បាប់មួយចំនួនពាក់ព័ន្ធនឹងបញ្ហាពន្ធដារ៕