36 C
Phnom Penh

មន្ត្រីនាំពាក្យរដ្ឋាភិបាលថា ការពឹងផ្អែកទូតបរទេសឱ្យដោះស្រាយបញ្ហាអ្វីមួយជាចេតនានយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន បានលើកឡើងថា ការពឹងពាក់ទៅស្ថានទូតបរទេសប្រចាំនៅប្រទេសកម្ពុជា គឺជានិន្នាការនយោបាយ និងសារជាតិ ដែលកម្ពុជាមិនអាចទទួលយកបានឡើយ។

លោកផៃ ស៊ីផាន បានលើកឡើងនៅលើគណនេយ្យរបស់ខ្លួននៅថ្ងៃនេះថា គ្មានមន្រ្តីទូត ឬស្ថានទូតបរទេសណាមួយ មានដែនសមត្ថកិច្ចដោះស្រាយលើករណីវិវាទណាមួយបានឡើយ គឺមានតែស្ថាប័នតុលាការតែប៉ុណ្ណោះ ដែលមានសមត្ថកិច្ចវិនិច្ឆ័យដោះស្រាយរាល់គ្រប់វិវាទទាំងអស់ដែលជាអំណាច និងដែនសមត្ថកិច្ចផ្តល់ដោយរដ្ឋធម្មនុញ្ញកម្ពុជា។

ការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាលលោកហ៊ុន សែន ពេលនេះ ក្រោយពេលមានប្រជាពលរដ្ឋជិត២០នាក់ តំណាងឱ្យពលរដ្ឋ២៦គ្រួសារមានវិវាទដីធ្លីជាមួយក្រុមហ៊ុនចិន ឈ្មោះ Union Development Group ឬ UDG មកពីខេត្តកោះកុងនៅមិនទាន់បានដោះស្រាយ បានមកសុំកិច្ចអន្តរគមន៍ពីសំណាក់ស្ថានទូតអាមេរិកឱ្យជួយដោះស្រាយជម្លោះដីធ្លីរបស់ពួកគេ ខណៈវិវាទដីធ្លីជាមួយក្រុមហ៊ុនចិននោះ បានអូសបន្លាយជាង ១០ឆ្នាំមកហើយ។

ពលរដ្ឋទាំងនោះ មកពីឃុំកោះស្ដេច ឃុំភ្ញីមាស និងឃុំព្រែកខ្សាច់ នៃស្រុកគិរីសាគរបានយកញ្ញត្តិទៅដាក់នៅស្ថានទូតមហាអំណាចមួយនេះ និងបានស្នើទៅអគ្គរដ្ឋទូតថ្មីរបស់អាមេរិក លោក Patrick Murphy ដែលគ្រោងមកកាន់តំណែងនាពេលខាងមុខនោះ ឲ្យជួយអន្តរាគមន៍ទៅរដ្ឋាភិបាលកម្ពុជា ឲ្យជួយជំរុញទៅក្រុមហ៊ុន UDG ដោះស្រាយជម្លោះដីធ្លីសម្រាប់ពលរដ្ឋ ២៦គ្រួសារឱ្យបានឆាប់រហ័ស។

តំណាងពលរដ្ឋដែលមានវិវាទនោះ បានអះអាងថា មូលហេតុដែលពួកគាត់មករកកិច្ចអន្តរគមន៍ពីស្ថានទូតអាមេរិក ដោយសារតែបញ្ហារបស់ពួកគេកន្លងមក មិនត្រូវបានស្ថានទូតចិននិងរដ្ឋាភិបាលកម្ពុជា ជួយដោះស្រាយនោះឡើយ ទោះបីជាពួកគាត់បានស្វែងរកកិច្ចអន្តរគមន៍ពីស្ថានទូតកុម្មុយនីស្តមួយនេះ និងស្ថាប័នរដ្ឋាភិបាលជាច្រើនលើកច្រើនសារក៏ដោយ។

កាលពីឆ្នាំ២០១២ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ បានបង្ហាញថា គម្រោងផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនចិន UDGបានធ្វើឱ្យពលរដ្ឋជាង១ពាន់គ្រួសារ(១១៤៣) ត្រូវបង្ខំឱ្យបោះបង់ចោលដីធ្លីប្រមាណជាង ១ម៉ឺន ហិកតា និងផ្ទះប្រមាណ ១ពាន់៥ពាន់ខ្នង ត្រូវបង្ខំឱ្យពួកគេរុះរើ និងឈូសឆាយចោលតែម្តង។

យ៉ាងនេះក្តី តំណាងពលរដ្ឋឲ្យដឹងថាញ្ញត្តិរបស់ពួកគាត់ត្រូវបានមន្រ្តីស្ថានទូតអាមេរិកទទួលយក ហើយមន្រ្តីស្ថានទូតថា នឹងបញ្ជូនញត្តិនោះទៅអគ្គរដ្ឋទូតបន្ត។ ក្រុមហ៊ុនចិន UDG ជាក្រុមហ៊ុនមួយដែលទទួលបានសិទ្ធិវិនិយោគដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លោក ហ៊ុន សែន លើទំហំផ្ទៃដីជាង៤ម៉ឺន៥ពាន់ហិកតា។

ក្រុមហ៊ុននេះ ក្រៅពីមានភាពចម្រូងចម្រាសជាមួយពលរដ្ឋ ប៉ុន្តែក្រុមហ៊ុន មួយនេះកំពុងជាបញ្ហារសើបខ្លាំងពាក់ព័ន្ធការសង្ស័យថាជាទីតាំងមូលដ្ឋានយោធារបស់ចិន។

ការសង្ស័យនោះ ក្រោយពេលតំបន់ដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុននេះ បានធ្វើព្រលានយន្តហោះយ៉ាងធំមួយ ដោយធំជាងព្រលានយន្តហោះអន្តរជាតិភ្នំពេញដល់ទៅ៣ដង។ លើសពីនេះ តំបន់នោះ ក៏បានកសាងកំពុងផែទឹកជ្រៅ ដែលអាចឱ្យប្រភេទនាវាធំៗ ពិសេសនាវាចម្បាំងចូលចតបានផងដែរ។ ប៉ុន្តែការចោទប្រកាន់នេះ ត្រូវបានលោកហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលរបស់លោកច្រានចោល៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស