34 C
Phnom Penh

លោក ហ៊ុន សែន បានស្នើឱ្យបញ្ឈប់ការផ្តល់ងារជាឧកញ៉ា ដល់មន្ត្រីកងកម្លាំងប្រដាប់អាវុធ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ុន សែន និងប្រធានគណបក្សប្រជាជនកម្ពុជា បានសម្រេចថា កងកម្លាំងប្រដាប់អាវុធទាំងអស់មានដូចជា ទាហាន នគរបាល និងកងរាជអាវុធហត្ថ មិនត្រូវមានងារជា ឧកញ៉ាតទៅទៀតឡើយ។ ការសម្រេចនេះធ្វើឡើង ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលបក្សនៅកោះពេជ្រ កាលពីថ្ងៃម្សិលមិញ។ 

លោក ហ៊ុន សែន បញ្ជាក់នៅលើទំព័រហ្វេសប៊ុករបស់លោកបន្ថែមថា ការសម្រេចបែបនេះ ដោយសារតែកន្លងមកមាន ករណីមួយចំនួន អ្នកមានងារជាឧកញ៉ាទាំងនោះ បានយកតួនាទីជាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនទៅប្រកបការងារខុសច្បាប់ផ្សេងៗតែម្តង។


លោកក៏បានសង្កត់ធ្ងន់ដែរទៅលើការអនុវត្ត អភិក្រមទី៥ គឺអភិក្រមត្រូវវះកាត់សាច់ស្អុយចេញ ក្នុងអាណត្តិទី៦នេះដែលកំពុងធ្វើជាបន្តបន្ទាប់។ លោកហ៊ុន សែន ក៏បានណែនាំបន្ថែមទៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធបង្ក្រាបបទល្មើសព្រៃឈើ គឺត្រូវអនុវត្តន៍ឱ្យបានម៉ឹងម៉ាត់នូវការបង្កក និងរឹបអូសទ្រព្យសម្បត្តិពីជនដែលបំផ្លាញធនធានធម្មជាតិទាំងនោះ។

អ្នកវិភាគនយោបាយចាស់វស្សា លោក បណ្ឌិត ឡៅ ម៉ុងហៃធ្លាប់លើកឡើង ដោយស្នើសុំលុបបំបាត់ លែងឲ្យមានបរមងារ ឧកញ៉ា បន្តទៀតតែម្តង។

កាស្នើនេះ ដោយលោកមើលឃើញថាមានឧកញ៉ាជាច្រើន បានធ្វើឲ្យរាស្ត្ររងទុក្ខវេទនាក្នុងបញ្ហាដីធ្លី គ្រឿងញៀន ព្រៃឈើ និងប្រព្រឹត្តបទល្មើសផ្សេងៗទៀត ដែលលោកថាបានធ្វើឲ្យខូចបរមងារនេះអស់ ព្រមទាំងធ្វើឲ្យបាត់បង់តម្លៃ សេចក្តីថ្លៃថ្នូរពិសេសការគោរពពីសាធារណជនចំពោះបរមងារជាឧកញ៉ា។


លោកបន្តថា មិនត្រឹមតែប៉ុណ្ណោះទេ ការប្រព្រឹត្តអាក្រក់របស់ពួកគេទាំងនោះបានធ្វើឲ្យខូចឈ្មោះឧកញ៉ាៗដែលសុច្ចរិត ធ្វើឲ្យខូចឈ្មោះអ្នកស្នើសុំ និងធ្វើឲ្យខូចព្រះនាមព្រះមហាក្សត្រដែលព្រះរាជប្រទានបរមងារនេះឱ្យផងដែរ។


លោកក៏បានលើកឡើងដែរថា សម្រាប់អ្នកឧកញ៉ា លោកឧកញ៉ា ដែលប្រព្រឹត្តអំពើសុច្ចរិត ដែលមានទ្រព្យប្រកបដោយធម៌ បានមកដោយធម៌ និងកើតឡើងដោយធម៌ គឺស័ក្កិសមនឹងទទួលបានបរមងារនេះ ព្រមទាំងការគោរពអបអរសាទរពីសាធារណជនយ៉ាងពិតប្រាកដ។

នៅដើមឆ្នាំ២០១៩នេះ មានឧកញ៉ាជាច្រើនត្រូវបានសមត្ថកិច្ចចាប់និងឃុំខ្លួន ដោយពាក់ព័ន្ធនឹងអំពើទុច្ចរិតរបស់ខ្លួន រួមមានឧកញ៉ា គិត ធាង ដែលជាបងបង្កើតរបស់ឧកញ៉ា គិត ម៉េង ពាក់ព័ន្ធនឹងសំណុំរឿងគ្រឿងញៀនរាប់រយគីឡូ។ លោកឧកញ៉ា សុខ ប៊ុន ក៏ត្រូវបានចាប់និងឃុំខ្លួន ពាក់ព័ន្ធការរំលោភដីធ្លី និងបោកប្រាស់ពលរដ្ឋ។ ឧកញ៉ារូបនេះ ក៏ធ្លាប់ជាប់គុកម្តង ពាក់ពាក់ព័ន្ធការប្រើប្រាស់ហិង្សាលើស្ត្រី ដែលជាតារាចម្រៀងមួយរូបផងដែរ។

ឧកញ៉ា ស៊ឹង សំអុល ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីខែមុនពាក់ព័ន្ធនឹងជំនួញឈើខុសច្បាប់របស់ខ្លួន។  ឧកញ៉ា គង់ ក្រឹង និងកូនប្រសារក៏ត្រូវបានចាប់ខ្លួននៅដើមខែនេះ ពាក់ព័ន្ធជំនួញឈើខុសច្បាប់របស់ខ្លួនរាប់ឆ្នាំមកហើយផងដែរ។

លើសពីនេះ កាលពីថ្ងៃម្សិលមិញ តុលាការក្រុងភ្នំពេញសម្រេចចោទប្រកាន់ឧកញ៉ាពីរនាក់ ឪពុក និងកូន គឺ ឧកញ៉ា ស្រី សុធា ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន 7NG និងឧកញ៉ាស្រី ចន្ធូ ជាប្រធានក្រុមហ៊ុន7NG ពីបទឆបោក ក្រោយពេលពួកគេលក់ដីស្អុយ ដោយយកប្រាក់អស់ តែគ្មានដីប្រគល់ឱ្យពលរដ្ឋ។

បន្ថែមពីនេះ ក្នុងប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើថ្មីៗនេះ គណៈកម្មការជាតិរបស់ លោក សៅ សុខា បានបញ្ជូនសំណុំរឿងពាក់ព័ន្ធឧកញ៉ាមួយចំនួនទៀតទៅតុលាការ ហើយតុលាការក៏បានកោះហោះហៅឧកញ៉ាទាំងនោះមកសាកសួរ ដូចជា ឧកញ៉ា ស្រ៊ុន ម៉េងលាង ឧកញ៉ា តុប វីដា និងឧកញ៉ា វន់ ប៊ុនថៃ ជាដើម។ នេះបើតាមកាសែតភ្នំពេញប៉ុស្តិ៍ដែលចុះផ្សាយនៅថ្ងៃនេះ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស