30 C
Phnom Penh

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ គ្រោងបញ្ជូនរបាយការណ៍ស្តីពីការរំលោភឆ្នេរសមុទ្រទៅ លោក ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់មួយរូប អះអាងថាខ្លួននឹងរៀបចំរបាយការណ៍ចំនួន ២ច្បាប់ ដាក់ជូនទៅលោក ហ៊ុន សែន និងលោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យចាត់វិធានការលើលោក ទុន ដៀត ជាមន្ត្រីយោធាផ្កាយ ២។

ថ្លែងក្នុងវីដេអូដែលចែករំលែកនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ លោក ពេជ្រ ស្រស់ បានបញ្ជាក់ថាគម្រោងបញ្ជូនឯកសារទៅថ្នាក់ដឹកនាំជាន់ខ្ពស់    រដ្ឋាភិបាលនេះ ក្រោយពេលលោករកឃើញថា លោក ទុន ដៀត ដែលជាមន្ត្រីយោធាផ្តាយពីរនោះ បានលួចបោះបង្គោល និងចាក់ដីលុបសមុទ្រដើម្បីវាតទីយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនមានទំហំជិត២ហិកតា ក្នុងភូមិសាស្ត្រ ភូមិស្មាច់ងាម សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រូបនេះ ព្រមានថា ទង្វើររបស់លោក ទុន ដៀត ជាអំពើខុសច្បាប់ និងក្បត់ជាតិដោយបានលួចដីរដ្ឋ និងកេងប្រវញ្ច័ទ្រព្យសម្បត្តិរដ្ឋ ដែលរដ្ឋាភិបាលត្រូវតែបើកការស៊ើបអង្កេតលើបុគ្គលរូបនេះ ដើម្បីដាក់ទោសលើបុគ្គលណាដែលរំលោភយកដីរដ្ឋ។

លោក ពេជ្រ ស្រស់ អះអាងបន្ថែមថា លោក ទុន ដៀត មិនត្រឹមចាក់ដីលុបសមុទ្រទេ ប៉ុន្តែយោធាផ្តាយពីររូបនេះបានធ្វើសហគ្រាសនៅលើដីរដ្ឋថែមទៀតផង ដោយថា ដីនោះមានអនុក្រឹត្យលេខ ៨០ កំណត់ជាដីរបស់រដ្ឋដោយមិនទាន់កាត់ចេញទៅជាដីកម្មសិទ្ធិរបស់ឯកជននោះទេ។

The Cambodia Daily មិនអាចទាក់ទងប្រធានច្រកទំនាក់ទំនងព្រំដែនកម្ពុជា- ថៃ លោក ទុន ដៀត ដើម្បីឆ្លើយតបការចោទប្រកាន់នេះបានទេនៅថ្ងៃនេះ។

ករណីចាក់ដីលុបសមុទ្រនេះ មិនមែនកើតឡើងតែនៅខេត្តកោះកុងនោះទេ ប៉ុន្តែបញ្ហានេះបានកើតឡើងនៅខេត្តផ្សេងទៀតដូចជាខេត្តកែប កំពត ពិសេសគឺ ខេត្តព្រះសីហនុតែម្តង។

ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨ លោក ហ៊ុន សែន បានចេញបញ្ជាបន្ទាន់មួយ ឲ្យរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរោបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ចាត់វិធានការកាយដីចេញពីឆ្នេរព្រែកត្រែងស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុចេញវិញ។

បញ្ជាបន្ទាន់នេះធ្វើឡើង ក្រោយពេលរដ្ឋាភិបាលរកឃើញថា ឆ្នេរសមុទ្រមួយនេះ ត្រូវបានចាក់ដីលុបពីសំណាក់ក្រុមហ៊ុនរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ភរិយារបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា គឺលោក ឡៅ ម៉េងឃីន។ ពួកគេជាមនុស្សជំនិតរបស់ប្រពន្ធលោកហ៊ុន សែន គឺអ្នកស្រី ប៊ុនរ៉ានី ហ៊ុន សែន។

ប៉ុន្តែបទបញ្ជារបស់លោក ហ៊ុន សែន រហូតមកទល់សព្វថ្ងៃ គឺ គ្មានប្រសិទ្ធភាពឡើយ ត្បិតដីដែលចាក់លុបដោយក្រុមហ៊ុនរបស់ យាយភូ នោះ មិនទាន់ត្រូវបានកាយចេញពីតំបន់ឆ្នេរព្រែកត្រែងនៅឡើយទេ។ រីឯម្ចាស់ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធករណីរំលោភសម្បត្តិជាតិមួយនេះ ក៏មិនត្រូវបានចាប់ខ្លួនមកយកផ្តន្ទាទោសតាមច្បាប់នោះដែរ។

ការរំលោភ និងបំផ្លាញសម្បត្តិជាតិ អាជ្ញាធរលោកហ៊ុន សែន ត្រូវបានគេកត់ចំណាំថាតែងតែរួចខ្លួន ឬមិនត្រូវបានចាត់វិធានការច្បាប់នោះឡើយ ប៉ុន្តែវិធានការច្បាប់ដែលមានប្រសិទ្ធភាពកន្លងមកនោះ គឺការបញ្ជាឱ្យចាប់ខ្លួនក្រុមបក្សប្រឆាំង ក្រុមសង្គមស៊ីវិល សកម្មជនដីធ្លី ឬសកម្មជនទាំងឡាយណាដែលការពារធនធានធម្មជាតិតែប៉ុណ្ណោះ។ រហូតមកទល់ពេលនេះ ពួកគេមួយចំនួនត្រូវបានអាជ្ញាធរចាប់ខ្លួនទាំងគ្មានដីកាពីតុលាការ គ្មានភស្តុតាង ឬគ្មានធាតុផ្សំនៃបទល្មើសយ៉ាងណាក្តី៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស