36 C
Phnom Penh

មនុស្ស ៧ នាក់ស្លាប់ក្នុងហេតុការណ៍បាក់សំណង់អគារកម្ពស់៧ជាន់នៅខេត្តកែប

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជនរងគ្រោះក្នុងហេតុការណ៍បាក់សំណង់អគារកម្ពស់៧ជាន់ នៅខេត្តកែប ត្រូវបានក្រុមជួយសង្រ្គោះជាតិរកឃើញថា មានមនុស្សយ៉ាងហោចណាស់៧នាក់ស្លាប់ ក្នុងចំណោមជនរងគ្រោះដែលត្រូវបានជួយសង្រ្គោះចេញពីគំនរអគារបាក់រលំនោះ។ ចំនួនេះ គិតមកដល់ព្រឹកថ្ងៃទី ៤ មករា ឆ្នាំ២០២០ ហើយអ្នករស់រានមានជីវិតត្រូវបាន សមត្ថកិច្ច បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗដែរ។  

ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅព្រឹកនេះ បានឱ្យដឹងថា

គិតត្រឹមព្រឹកថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុមការងារចម្រុះសង្រ្គោះបន្ទាន់បានរកឃើញជនរងគ្រោះចំនួន២៥នាក់ ហើយក្នុងនោះមានមនុស្សស្លាប់៧ ហើយក្រុមការងារសង្រ្គោះបន្ទាន់កំពុងបន្តប្រតិបត្តិការគាស់រំលើងផ្ទាំងបេតុង កាត់សសៃដែករុករកបន្តទៀត។

សំណង់អគារកម្ពស់៧ជាន់ ដែលគេដឹងថាមានម្ចាស់ជាជនជាតិខ្មែរនៅខេត្តកែបបានបាក់រលំកាលពីរសៀលថ្ងៃសុក្រម្សិលមិញនេះ។

ប្រភពលោកនាយករដ្ឋមន្ត្រី លើកឡើងថា ក្នុងអគារនេះ ត្រូវបានគេសន្និដ្ឋានថា មានជនរងគ្រោះប្រមាណ២០ទៅ៣០នាក់ ដែលជាអ្នកម៉ៅការ និងកម្មករសំណង់ដែលកប់ជាប់នៅក្នុងអគារបាក់រលំនោះ។

លោក ហ៊ុន សែន ថាអាគារខាងនេះ ត្រូវបានសាងសង់រួចរាល់ប្រមាណជា៩០% ហើយដែលបានបាក់រលំនៅពេលដែលចាក់ប្លង់សេជាន់លើបង្អស់។ ប្រតិបត្តិការរុករកជនរងគ្រោះ មានការចូលរួមដោយកម្លាំងចម្រុះ ដែលក្នុងនោះមាន អាជ្ញាធរជាតិ និងថ្នាក់ខេត្ត កងកម្លាំងប្រដាប់អាវុធ ក្រុមគ្រូពេទ្យ ក្រុមអ្នកស្ម័គ្រចិត្ត ជាច្រើនរូបផងដែរ។

នេះជាគ្រោះរលំអគារសំណង់ជាលើកទី៣ ហើយ ដោយគិតចាប់ពីខែមិថុនា ឆ្នាំ២០១៩មក។

កាលពីថ្ងៃទី ២២ មិថុនា សំណង់អគារកម្ពស់៧ជាន់ដែលមានថៅកែ និងអ្នកម៉ៅការជាជនជាតិចិន នៅខេត្តព្រះសីហនុបានបាក់រលំបណ្តាលឱ្យកម្មករខ្មែរចំនួន២៨នាក់ស្លាប់ និង ២៦ នាក់ទៀតរងរបួស។ ការបាក់រំលំនោះ អាជ្ញាធរបញ្ជាក់ថាសំណង់អគារពេលនោះសាងសង់ខុសច្បាប់ និងមិនបានគោរពតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

សំណុំរឿងនេះ ត្រូវបានស្ងប់ស្ងាត់បន្ទាប់ពីលោកហ៊ុន សែន និងស្ថាប័នរដ្ឋផ្សេងទៀត ប្រកាសផ្តល់ប្រាក់ជាច្រើនម៉ឺនដុល្លារសហរដ្ឋអាមេរិកដល់ជនរងគ្រោះ ព្រមទាំងបានដកអភិបាលខេត្តព្រះសីហនុលោក យន្ត មីន  និងអនុប្រធានទី១នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយលោក ញឹម វណ្ណដា ពេលនោះចោល។

កាលពីខែមិថុនា ប្រមុខរដ្ឋាភិបាលលោក ហ៊ុន សែន បានអះអាងថាការបាក់រលំសំណង់អគារនៅខេត្តព្រះសីហនុជាសោកនាដកម្មរបស់ជាតិ ហើយសច្ចាថានឹងមិនឱ្យករណីបែបនេះកើតឡើងទៀតឡើយ ដោយលោកបានបញ្ជាឱ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ ឱ្យផ្អាករាល់សំណង់ទាំងអស់ដើម្បីស្រាវជ្រាវភាពស្របច្បាប់ និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ជៀសវាងបណ្តាលឱ្យមានហេតុការណ៍នេះបន្តកើតឡើងទៀត។

ទោះបីជាមានការសច្ចាពេលនោះ ថាមិនឱ្យមានរឿងអាក្រក់នេះកើតឡើងក៏ដោយ ប៉ុន្តែហេតុការណ៍នៅតែកើតមានឡើងដដែល។

ជាក់ស្តែងកាលពីថ្ងៃទី ២ ធ្នូ ករណីបាក់សំណង់អគារសាលាឆាន់ ក្នុងវត្តប្រាសាទគោកចក ក្រុងសៀមរាប បណ្តាលឱ្យមានមនុស្ស៣នាក់ស្លាប់ និងរបួស១៣នាក់ ដោយមូលហេតុមកពីធ្វេសប្រហែសរបស់ក្រុមជាងសំណង់។

ករណី បាក់រលំសំណង់អគារកម្ពស់៧ ជាន់នៅខេត្តកែប កាលពីថ្ងៃម្សិលមិញ ដែលបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់ និងរបួស ផងដែរ។

អ្នកតាមដានសង្គមធ្លាប់លើកឡើងថា ករណីបែបនេះ នឹងកើតឡើងបន្តទៀតក្នុងរដ្ឋាភិបាលលោកហ៊ុន សែន ដរាបណាអំពើពុករលួយ បក្ខពួកនិយម និងវប្បធម៌គ្មានការទទួលខុសត្រូវចំពោះមុខច្បាប់នៅតែមិនអាចលុបបំបាត់បានទេនោះ៕  

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស