គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជាហៅកាត់ថា ខុមហ្វ្រែល បានសង្កេតឃើញថារដ្ឋសភា និងតំណាង រាស្ត្រឯកបក្ស ដែលមកពីគនបក្សប្រជាជនកម្ពុជាតែមួយនោះ យកចិត្តទុកដាក់លើការងារពង្រឹងបក្ស និងអមដំណើរថ្នាក់ដឹកនាំចុះមូលដ្ឋាន ជាងចុះដោះស្រាយបញ្ហារបស់ពលរដ្ឋ។
ក្នុងរបាយការណ៍សង្ខេបស្តីពីការសង្កេតរដ្ឋសភា និងតំណាងរាស្ត្រឆ្នាំទី១នីតិកាលទី៦ កាលពីថ្ងៃម្សិលមិញ ខុមហ្វ្រែលបានលើកឡើងថា តំណាងរាស្ត្រមកពីរដ្ឋភាឯកបក្សក្នុងឆ្នាំ២០១៩ បានធ្វើសកម្មភាពចុះមូលដ្ឋានដើម្បីសំណេះសំណាលជាមួយពលរដ្ឋ ក្នុងគោលបំណងពង្រឹងបក្ស ឬចុះអមថ្នាក់ដឹកនាំផុសផុលជាង ចុះមូលដ្ឋានក្នុងគោលបំណងជួយអន្តរាគមន៍ដោះស្រាយបញ្ហាពលរដ្ឋ ពិសេសវិបត្តិដីធ្លី។ បន្ថែមពីនេះ សម័យប្រជុំរដ្ឋសភា ឆ្នាំទី១ នីតិកាលទី៦វិញ ដោយរដ្ឋសភាបានបើកសម័យប្រជុំទាំងសាមញ្ញនិងវិសាមញ្ញ បានធ្វើឡើងភាគច្រើនផ្តោតទៅលើការអនុម័តច្បាប់។ ប្រភពដដែលបន្តថា កិច្ចប្រជុំទាំងនោះ ពុំសូវឃើញមានតំណាងរាស្ត្រណាម្នាក់បញ្ចេញមតិជំទាស់ រិះគន់ ឬ សួរដេញដោលឱ្យបានស៊ីជម្រៅនោះឡើយ។ ផ្ទុយទៅវិញមានតែការកោតសរសើរ និងការគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះ។
ខុមហ្វែ្រលឲ្យដឹងថា សកម្មភាពរបស់គណៈកម្មការជំនាញរដ្ឋសភាមានច្រើនដែរ ប៉ុន្តែមានការកោះហៅសមាជិករដ្ឋាភិបាលម្តងគត់មកសាកសួរក្នុងរយៈពេល១ឆ្នាំមកនេះ គឺកោះហៅរដ្ឋអតីតមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គវង្ស វឌ្ឍា មកបំភ្លឺ ប៉ុន្តែមិនបានស្រាយចម្ងល់សាធារណមតិជាតិនិងអន្តរជាតិ ជុំវិញភាពអសកម្មក្នុងប្រព័ន្ធយុត្តិធម៌នៅកម្ពុជានោះឡើយ។ អង្គការឃ្លាំមើលការបោះឆ្នោតមួយនេះ រកឃើញទៀតថា ប្រសិទ្ធភាពនៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋរបស់សភាឯកបក្សរយៈពេល ១ឆ្នាំមកនេះ បានធ្លាក់ចុះបើធៀបទៅនឹងអាណត្តិមុន ខណៈដែលកម្ពុជាមានរដ្ឋសភា ពហុបក្សពេលនោះ។
ខុមហ្វ្រែលអះអាងថា មូលហេតុនៃការធ្លាក់ចុះនេះព្រោះមិនឃើញមានការចេញលិខិតអន្តរាគមន៍របស់តំណាងរាស្ត្រ មិនឃើញមានអ្នកតំណាងរាស្ត្រនិយាយអំពីភាពអសកម្មក្នុងការដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋ ភាពអសកម្មក្នុងការសួរដេញដោលលើការអនុវត្តច្បាប់ និងសេចក្តីស្នើច្បាប់នៅក្នុងសម័យប្រជុំសភាជាដើម។
យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានប្រាប់សារព័ត៌មានVODនៅថ្ងៃនេះ ដោយច្រានចោលការលើកឡើងនេះ ហើយអះអាងថា មួយឆ្នាំមកនេះ តំណាងរាស្ត្រជាច្រើន បានចុះជួយពលរដ្ឋ ទោះកម្ពុជារងការគំរាមកំហែងពីកូវីដ១៩ក៏ដោយ ។ទោះបីជាយ៉ាងនេះក្តី ខុមហ្វ្រែល រកឃើញទៀតថា ដំណើរការប្រជុំ ក្នុងឆ្នាំទី១ អាណត្តិទី៦ តំណាងរាស្ត្ររដ្ឋសភាឯកបក្ស១២រូប បានឡើងបញ្ចេញមតិចំនួន ៣៨ដងប៉ុណ្ណោះ។ ចំនួននេះមានការធ្លាក់ចុះខ្លាំងផងដែរ បើប្រៀបធៀបទៅនឹងឆ្នាំទី១ អាណត្តិទី៥ ។ បន្ថែមពីនេះ សកម្មភាពចុះមូលដ្ឋាន ក្នុងចំណោមតំណាងរាស្ត្រ ១២៥រូប មានតែអ្នកតំណាងរាស្ត្រ ៥៥រូប ស្មើនឹង ៤៤ភាគរយប៉ុណ្ណោះ ដែលបានចុះមូលដ្ឋាន ដែលខុមហ្វ្រែលថា សកម្មភាពនេះក៏តិចជាងអាណត្តិទី៥។ក្រុមអ្នកឃ្លាំមើលធ្លាប់លើកឡើងថា រដ្ឋសភាឯកបក្សគឺ ប្រៀបបានទៅនឹងផ្តល់អំណាចឱ្យលោក ហ៊ុន សែន ឬបក្សកាន់អំណាចទាំងស្រុងដែលធ្វើឱ្យរដ្ឋាភិបាលមួយនេះជិះសេះលែងដៃតែម្តង។
ការប្រៀបធៀបទៅនឹងការជិះសេះលែងដៃនេះហើយ ដែលធ្វើឱ្យប្រសិទ្ធភាពការងារជួយដល់ពលរដ្ឋក្តី និងជួយដល់សង្គមជាតិក្តី គឺមានតិចតួចណាស់ បើប្រៀបធៀបទៅនឹងប្រយោជន៍បុគ្គល ឬបក្ខពួកខ្លួន៕