ក្រសួងសុខាភិបាលបានអំពាវនាវជាថ្មីទៀត ឱ្យពលរដ្ឋបញ្ឈប់ការពិសារស្រាស ដែលគ្មានប្រភពច្បាស់លាស់ ជៀសវាងបង្កគ្រោះថ្នាក់ដល់ជីវិតបន្ថែមទៀត។ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានពលរដ្ឋនៅខេត្តបន្ទាយមានជ័យ៧នាក់ស្លាប់ និងប្រមាណ៤០នាក់ទៀតត្រូវសង្រ្គោះបន្ទាន់ ក្រោយពេលពួកគេពិសារស្រាថ្នាំចិនសែ ដែលមានឈ្មោះថា តាំងគួយ។
លិខិតរបស់ក្រសួងសុខាភិបាលកាលពីសប្តាហ៍មុន បានបញ្ជាទៅ អភិបាលរាជធានី-ខេត្តទាំងអស់ ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងចេះការពារសុខភាពជៀសវាងពុលស្រា ស និងស្រាថ្នាំ ដែលផលិតមិនត្រឹមត្រូវតាមស្តង់ដារ។លិខិតស្តីពីបច្ចុប្បន្នភាពនៃស្ថានភាពពុលស្រានៅខេត្តបន្ទាយមានជ័យ ឱ្យដឹងថាពលរដ្ឋចំនួន ៤៤នាក់ នៅតាមបណ្ដាភូមិចំនួន ៩ ស្ថិតក្នុងស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្លាក់ខ្លួនឈឺ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅតាមមន្ទីរពេទ្យនានា។
ក្នុងនោះពលរដ្ឋ ៧នាក់ បានស្លាប់ ក្រោយពេលផឹកស្រាថ្នាំមួយប្រភេទយីហោ«តាំងគួយ»នៅចន្លោះថ្ងៃទី៧ ដល់ថ្ងៃទី១៣មិថុនា។ក្រោយពីមានករណីពុលបណ្តាលឲ្យឈឺ និងស្លាប់នោះ ក្រសួងបានយកស្រាថ្នាំពីទីតាំងផ្សេងគ្នាទៅពិសោធនៅមជ្ឈមណ្ឌលជាតិពិសោធ៍នៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ហើយលទ្ធផលបង្ហាញថា សំណាកនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត មានកម្រិតមេតាណុលជាង១៣% សំណាកនៅភូមិខ្លាងាប់ ឃុំទួលពង្រ ស្រុកម៉ាឡៃ មានកម្រិតជិត ១៥% និងសំណាកនៅភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ មានកម្រិតមេតាណុលជាង ១៥%។បញ្ហានេះ ក្រសួងបានបញ្ជាឱ្យអាជ្ញាធរមូលដ្ឋាន ពង្រឹងការត្រួតពិនិត្យសិប្បកម្មនិងទីតាំងផលិតស្រា ជាពិសេសលប់បំបាត់ទីតាំងផលិតស្រាដែលមិនមានច្បាប់អនុញ្ញាតពីស្ថាប័នជំនាញ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឱ្យដឹងថា ទិន្នន័យនៃការពុលស្រាកន្លងមក នៅតែជាបញ្ហាប្រឈមប៉ះពាល់សុខភាព និងអាយុជីវិតពលរដ្ឋជាបន្តបន្ទាប់ ។ជាក់ស្តែង ក្នុងឆ្នាំ ២០១៥ ករណីពុលស្រាមាន ២៨៤ ករណី ក្នុងនោះមានមនុស្សស្លាប់ចំនួន ៣៣នាក់ នៅក្នុងខេត្តចំនួន៣ គឺ ខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគីរី។ដោយឡែក ក្នុងឆ្នាំ ២០១៦ ករណីពុលស្រាមានចំនួន ៩២ ករណី ក្នុងនោះស្លាប់ ១៥ នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង។ ចំណែកនៅឆ្នាំ ២០១៧ ករណីពុលស្រាមានចំនួន ១៣ករណី ក្នុងនោះស្លាប់២នាក់ នៅខេត្តមណ្ឌលគីរី។
តួលេខឆ្នាំ ២០១៨ ករណីពុលស្រាមានចំនួន ២០៣ករណី ក្នុងនោះស្លាប់៩នាក់ នៅខេត្តក្រចេះ និងខេត្តកំពត។នាយកដ្ឋានដដែល មើលឃើញថាស្រានៅតែជាមូលហេតុសំខាន់ ក្នុងចំណោមការពុលអាហារជាច្រើនដែលប្រជាពលរដ្ឋកំពុងប្រឈមនឹងការឈឺ និងស្លាប់។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងសុខាភិបាលនៅតែប្រឹងប្រែង សហការជាមួយក្រសួងពាក់ពន្ធ័ ដើម្បីបង្កើនការផ្សព្វផ្សាយ អប់រំឲ្យប្រជាពលរដ្ឋយល់ដឹងពីហានិភ័យដែលបណ្តាល មកពីការទទួលទានស្រាដែលផលិតដោយគ្មានគុណភាពទាំងនេះ ។យ៉ាងនេះក្តី ក្រុមអ្នកឃ្លាំមើលយល់ឃើញថាចំណាត់ការរបស់រដ្ឋាភិបាលនៅតែមិនមានប្រសិទ្ធភាព ទោះបីជាបញ្ហានេះកើតឡើងជារឿយៗ និងបណ្តាលឱ្យមានពលរដ្ឋស្លាប់ជាបន្តបន្ទាប់ក្តី៕