អង្គការឃ្លាំមើលសិទិ្ធមនុស្សអន្តរជាតិ Human Rights Watch បានជំរុញឱ្យអាជ្ញាធរកម្ពុជា ទម្លាក់ការចោទប្រកាន់ពីបទញុះញង់ទៅលើប្រធានសហជីពលោក រ៉ុង ឈុន ជាបន្ទាន់ និងដោះលែងលោកឱ្យមានសេរីភាពដោយឥតលក្ខខណ្ឌ។ក្នុងសេចក្តីថ្លែងការណ៍របស់ Human Rights Watch នៅថ្ងៃទី៤ ខែសីហានេះ បានលើកឡើងពីស្ថានភាពកាន់តែអាក្រក់ក្នុងការរំលោភសិទ្ធិមនុស្សបន្ថែមទៀតនៅកម្ពុជា។ បញ្ហាអាក្រក់នេះ Human Rights Watch ថាសហគមន៍អន្តរជាតិគួរតែដាក់សម្ពាធមកលើរដ្ឋាភិបាល លោក ហ៊ុន សែន ដើម្បីសម្រេចចិត្តលើការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរដ្ឋាភិបាលឯកបក្សនេះបន្ថែមទៀត។
នាយរង អង្គការ Human Rights Watch ប្រចាំតំបន់អាស៊ី លោក Phil Robertson និយាយថា“ ការចាប់ខ្លួន លោក រ៉ុង ឈុន គឺជាឧទាហរណ៍ចុងក្រោយនៃការបង្ក្រាបសំឡេងមតិរិះគន់ឥតស្រាកស្រាន្ត ពីសំណាក់ រដ្ឋាភិបាលលោក ហ៊ុន សែន ទៅលើសកម្មជនដែលព្យាយាមការពារសិទ្ធិជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាសាមញ្ញ” ។បញ្ហានេះ លោកថា សហភាពអឺរ៉ុបគួរតែបន្ថែមសម្ពាធនេះទៅក្នុងបញ្ជីរំលោភបំពានសិទ្ធិរបស់ខ្លួន ដើម្បីចាត់វិធានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតក្នុងប្រព័ន្ធអនុគ្រោះពន្ធ EBA របស់ខ្លួន ប្រសិនបើរដ្ឋាភិ បាលលោកហ៊ុនសែន មិនព្រមដោះលែងលោករ៉ុង ឈុន ឬស្តារស្ថានភាពឱ្យប្រសើរឡើងទេនោះ។លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី ៣១ ខែកក្កដាឆ្នាំ ២០២០នៅឯគេហដ្ឋានរបស់គាត់ក្នុងរាជធានីភ្នំពេញ ហើយការចាប់ខ្លួននេះ ធ្វើឡើងទាំងគ្មានដីកាចាប់ខ្លួន ។មួយថ្ងៃបន្ទាប់ ពោលគឺនៅថ្ងៃទី ១ ខែសីហា សាលាដំបូងរាជធានីភ្នំពេញបានចោទប្រកាន់លោក រ៉ុង ឈុន ពីបទ“ ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ” តាមមាត្រា ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ កម្ពុជា ហើយបានបញ្ជូនគាត់ទៅឃុំខ្លួនបណ្តោះអាសន្ននៅមជ្ឈមណ្ឌលអប់រំកែប្រែទី១ ឬហៅថាគុកព្រៃសរ រាជធានីភ្នំពេញ។
ការចោទប្រកាន់នេះ ក្រោយពេលលោកបានលើកឡើងពីបញ្ហាជម្លោះដីធ្លីរបស់ពលរដ្ឋនៅក្បែរព្រំដែនកម្ពុជា-វៀតណាមក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២០ ខែកក្កដា ពាក់ព័ន្ធនឹងការបញ្ចេញមតិអំពីភាពមិនប្រក្រតីនៃការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលបានធ្វើឱ្យដីធ្លីពលរដ្ឋរាប់សិចហិកតា រងការបាត់បង់ទៅប្រទេសវៀតណាម។ថ្លែងក្នុងសន្និសីទកាសែតមួយនាទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៨ខែកក្កដា អ្នកនាំពាក្យរាជរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានហៅសកម្មភាព និងការលើកឡើងរបស់លោក រ៉ុង ឈុន ជាការបំភ្លៃការពិត ហើយថាដីនៅក្បែរព្រំដែនដែលពលរដ្ឋឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំទាមទារនោះ គឺជាដីរបស់រដ្ឋ មិនមែនជាដីឯកជននោះ ឡើយ។
បួនថ្ងៃក្រោយការបញ្ជាក់របស់លោកផៃ ស៊ីផាន ពោលគឺនៅថ្ងៃទី ៣១ ខែកក្កដាគណៈកម្មាធិការកិច្ចការព្រំដែនរបស់រដ្ឋាភិបាលបានចេញសេចក្តីថ្លែងការណ៍មួយដោយបដិសេធការរកឃើញរបស់លោករ៉ុង ឈុន និងបានចោទប្រកាន់លោកពីបទផ្សព្វផ្សាយព័ត៌មានក្លែងក្លាយអំពីការបោះបង្គោលព្រំដែន។
ចំណែកអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានប្រកាសចាត់វិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបានប្រមូលផ្តុំទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជាលោករ៉ុង ឈុន ដោយតុលាការថាទង្វើនោះជារឿងខុសច្បាប់និងកំពុងដាក់សម្ពាធទៅតុលាការផងដែរ។
ការព្រមាននេះ ក្រោយពេលលោករ៉ុង ឈុន ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ កក្កដា និងបញ្ជូនទៅតុលាការនៅថ្ងៃបន្ទាប់ ខណៈខាងក្រៅតុលាការក្រុងភ្នំពេញមានការប្រមូលផ្តុំតវ៉ាជំរុញឱ្យតុលាការដោះលែងប្រធានសហជីពរូបនេះឱ្យមានសេរីភាពវិញ ពីសំណាក់សាច់ញាតិ យុវជន ព្រះសង្ឃជាដើម បានកើតមានឡើងជាបន្តបន្ទាប់។
អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃចន្ទ បានលើកឡើង ដោយហៅសកម្មភាពទាមទារឱ្យដោះលែងប្រធានសហភាពសហជីពកម្ពុជាលោក រ៉ុង ឈុន ថាកំពុងធ្វើសកម្មភាពខុសច្បាប់ និងជាទង្វើដាក់សម្ពាធលើស្ថាប័នតុលាការ ដែលអាចប្រឈមនឹងការចោទប្រកាន់អំពីបទល្មើសព្រហ្មទណ្ឌតាមមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។
អ្នកនាំពាក្យក្រសួងដដែលនេះ ស្នើឱ្យពលរដ្ឋទាំងនោះបញ្ឈប់សកម្មភាពតវ៉ាទាំងនេះជាបន្ទាន់ មុននឹងអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមច្បាប់។
ទោះបីជាយ៉ាងនេះក្តី អង្គការHuman Right Watch បានលើកឡើងថា លោករ៉ុង ឈុន ប្រឈមមុខនឹងការយាយីរដ្ឋាភិបាលម្តងហើយម្តងទៀតចំពោះការតស៊ូមតិការពារសិទ្ធិមនុស្ស សិទ្ធិកម្មករ និងសកម្មភាពនយោបាយរបស់គាត់។
ជាក់ស្តែង លោកធ្លាប់ជាប់ពន្ធនាគារកាលពីឆ្នាំ២០០៥ ពាក់ព័ន្ធបញ្ហាសន្ធិសញ្ញាបំពេញបន្ថែមរវាងរដ្ឋាភិបាលកម្ពុជា-វៀតណាមពេលនោះ។
ដោយឡែកកាលពីថ្ងៃទី ១១ ខែធ្នូឆ្នាំ ២០១៨ សាលាដំបូងរាជធានីភ្នំពេញបានផ្តន្ទាទោសលោករ៉ុងឈុននិងមេដឹកនាំសហជីពចំនួន ៥ នាក់ទៀតពីបទ“ អំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស” និងផ្តន្ទាទោសពួកគេម្នាក់ៗឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំកន្លះនិងសំណងខូចខាតសរុបចំនួន ៥លាន រៀល សម្រាប់ដើមបណ្តឹងពីរនាក់ ក្នុងសំណុំរឿងបង្ក្រាបដោយអំពើហិង្សាលើកម្មករ នៅផ្លូវវ៉េងស្រេងកាលពីដើមឆ្នាំ២០១៤ បើទោះពីជាគ្មាន ភស្តុតាងភ្ជាប់អ្នកដែលត្រូវបានផ្តន្ទាទោសទាំងនោះ ទៅនឹងអំពើហិង្សាពេលនោះក៏ដោយ។
អង្គការសិទ្ធិមនុស្សដដែល មើលឃើញថាក្នុងប៉ុន្មានឆ្នាំថ្មីៗនេះរដ្ឋាភិបាលកម្ពុជាបានបង្កើនការយាយីដល់មេដឹកនាំសហជីពឯករាជ្យ និងអ្នកតស៊ូមតិផ្នែកការងារឥតឈប់ឈរ៕