អង្គការតម្លភាពអន្តរជាតិឬ Transperancy International បានថ្កោលទោស រដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការចាប់ខ្លួនប្រធានសហភាពសហជីពកម្ពុជា លោករ៉ុង ឈុន ។លើកឡើងនៅធ្វីទ័រ(Twitter) អង្គការតម្លាភាពអន្តរជាតិបានស្នើឱ្យ រដ្ឋាភិបាលដោះលែង និងទម្លាក់បទចោទប្រកាន់ទៅលើលោក រ៉ុង ឈុន ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ នៅក្នុងសង្គមសន្តិភាពដែលរដ្ឋាភិបាលតែងអះអាង។
អង្គការអន្តរជាតិមួយនេះ យល់ឃើញថាការចាប់ខ្លួនលោក រ៉ុង ឈុន ជាការយាយី និងធ្វើទុក្ខបុកម្នេញទៅលើសកម្មភាពសិទ្ធិមនុស្សនៅ កម្ពុជាបន្ថែមទៀត ហើយសកម្មភាពបែបនេះគួរតែបញ្ឈប់នៅកម្ពុជា។ប្រធានសហភាពសហជីពកម្ពុជា និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ព្រមទាំងជាសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី៣១ ខែកក្កដា ពាក់ព័ន្ធនឹងការលើកឡើងបញ្ហាព្រំដែននៅខេត្តត្បូងឃ្មុំ។មួយថ្ងៃក្រោយមកគឺ នៅថ្ងៃទី១ ខែសីហា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស ដោយចោទប្រកាន់លោកពីបទ ញុះញង់ឱ្យមានការប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ពាក់ព័ន្ធនឹងបញ្ហាព្រំដែននោះ។
ក្រោយចាប់ខ្លួនលោក រ៉ុង ឈុន សកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក ក៏កើតមានជារៀងរាល់ថ្ងៃ។អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយថានឹងចាត់វិធានការច្បាប់រាល់សកម្មភាពតវ៉ាទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ព្រោះថាជាសកម្មភាពខុសច្បាប់ ដាក់សម្ពាធទៅលើតុលាការ និងត្រូវមានទោសថែមទៀតផង។ ក្រសួងយុត្តិធម៌ ថាពួកគេមានសិទ្ធិតតាំងតាមផ្លូវច្បាប់ ប៉ុន្តែសកម្មភាពដាក់សម្ពាធតុលាការដោះលែងប្រធានសហជីពរូបនេះជារឿងខុសច្បាប់។
មកទល់ពេលបច្ចុប្បន្ន ក្រុមអ្នកដែលហ៊ានរិះគន់រឿងព្រំដែនកម្ពុជា-វៀតណាម នៅតិចតួច ឬ ស្ទើរតែគ្មាន បន្ទាប់ពីរដ្ឋាភិបាលលោកហ៊ុន សែន បង្ក្រាបឥតឈប់ឈរ ហើយក្រុមអ្នកតាមដាននៅក្រៅប្រទេសនិយាយថារដ្ឋាភិបាលក៏កំពុងមានរឿងលាក់បាំងជាច្រើនពាក់ព័ន្ធរឿងព្រំដែនកម្ពុជា-វៀតណាមនេះ ហើយប្រទេសទាំងពីរក៏សម្រុកធ្វើកិច្ចការរឿងព្រំដែននេះទាំងប្រញាប់ប្រញាល់ ខណៈរដ្ឋាភិបាលដឹកនាំដោយឯកបក្ស ដែលជាគណបក្សត្រូវបានវៀតណាមលើកបណ្តុបឱ្យកាន់អំណាចកាលពីទសវត្សរ៍៨០ទៀតផង។អ្នករិះគន់រឿងព្រំដែនជាមួយប្រទេសកុម្មុនីស្តក្បែរខាងកម្ពុជា ជាច្រើននាក់ហើយត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ រួមមានអតីតសមាជិកព្រឹទ្ធសភាគណបក្សសមរង្ស៊ី លោក ហុង សុខហួរ។
អតីតអ្នកតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិលោក អ៊ុំ សំអាន និងលោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ដែលរដ្ឋាភិបាលទើបចាប់ខ្លួនកាលពីពេលថ្មីនេះ៕