មន្ត្រីជាន់ខ្ពស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស បានលើកឡើងថា ការផ្តល់ឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រហាក់មានភាពយឺតយ៉ាវ ខណៈពលរដ្ឋក្រីក្រមួយចំនួនមិនអាចរង់ចាំបាន ត្រូវបង្ខំចិត្តធ្វើចំណាកស្រុកដើម្បីរកប្រាក់ចំណូលក្នុងពេលប្រឈមនឹងការឆ្លងវីរុស Covid-19។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីប្រមុខរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់សម្រាប់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺ Covid-19។
នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ ខែមិថុនា នេះថា ទំហំសាច់ប្រាក់ដែលរដ្ឋាភិបាលដាក់ចេញដើម្បីឧបត្ថម្ភដល់គ្រួសារក្រីក្រនៅពេលនេះ គ្រាន់តែអាចទ្រទ្រង់សេដ្ឋកិច្ចប្រចាំថ្ងៃរបស់ពួកគាត់បានមួយរយៈពេលខ្លីប៉ុណ្ណោះ។
លោកអះអាងថា រដ្ឋាភិបាលគួរតែបន្តយកចិត្តទុកដាក់លើជីវភាពគ្រួសារក្រីក្រទាំងនោះបន្តទៀត ព្រោះថាក្នុងរយៈពេលដ៏ខ្លី និងស្ថិតក្នុងការបិទខ្ទប់នៅឡើយ ពួកគាត់មិនទាន់អាចមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានទេ ខណៈការចំណាយផ្សេងៗនៅតែបន្ត ដូចជាថ្លៃទឹក ថ្លៃភ្លើង និងការសងបំណុលធនាគារជាដើម។
លោក មឿន តុលា បញ្ជាក់ថា ដើម្បីកាត់បន្ថយហានិភ័យនៃការបាត់បង់ប្រាក់ចំណូលរបស់ពលរដ្ឋ និងការធ្វើចំណាកស្រុក រដ្ឋាភិបាលគួរពិចារណាជំរុញឲ្យមានការងារក្នុងស្រុកឲ្យបានកាន់តែច្រើន ជាពិសេសតំបន់ដែលមានការគ្រប់គ្រងការឆ្លងវីរុស Covid-19 បានល្អប្រសើរហើយនោះ ព្រោះថាសុវត្ថិភាពសុខភាពក៏សំខាន់ សុវត្ថិភាពស្បៀងអាហារក៏ជារឿងសំខាន់សម្រាប់ពលរដ្ឋក្រីក្រផងដែរនៅពេលនេះ។
កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ លោក ហ៊ុន សែន បានចេញលិខិតស្ដីពីការផ្តល់ប្រាក់ឧបត្ថម្ភក្រោយពេលបិទខ្ទប់សម្រាប់ពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលមានអ្នកឆ្លងជំងឺ Covid-19 និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺនេះក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឆ្នាំ២០២១ នេះ។
លិខិតដដែលអះអាងថា គ្រួសារប្រជាពលរដ្ឋដែលទទួលបានការសម្ភាសន៍ និងបញ្ជាក់ពីអាជ្ញាធរ ព្រមទាំងកម្មករនិយោជិតដែលបម្រើការងារនៅតាមរោងចក្រក្នុងវិស័យកាត់ដេរដែលទទួលបានការបញ្ជាក់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាចបើកប្រាក់តាមបញ្ជរវីង ឬតាមអែប APP របស់ធនាគារចាប់ពីពេលនេះតទៅ។
ដោយឡែកគ្រួសារដែលមិនទាន់បានកំណត់អត្តសញ្ញាណ សូមនាំគ្នាទាក់ទងទៅអាជ្ញាធរមូលដ្ឋានរបស់ខ្លួន ដើម្បីសុំការសម្ភាសន៍ និងកំណត់អត្តសញ្ញាណ «ក្រ១» ឬ «ក្រ២» ក្នុងរយៈពេលមួយសប្តាហ៍ដោយគិតចាប់ពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ នេះ ដើម្បីទទួលបានការឧបត្ថម្ភសាច់ប្រាក់នៅជំហានបន្ទាប់។
កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ពន្ធមុនីរ័ត្ន បានចេញសេចក្តីសម្រេចស្ដីពីយន្តការ និងនីតិវិធីនៃការអនុវត្តកម្មវិធីជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់ សម្រាប់ពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព និងគ្រួសារដែលឆ្លង និងស្លាប់ដោយសារជំងឺ Covid-19 កន្លងមក។
លោកអះអាងថា ការអនុវត្តផ្តល់សាច់ប្រាក់នេះ រដ្ឋបាលឃុំ-សង្កាត់នឹងត្រូវចូលរួមកំណត់អត្តសញ្ញាណគ្រួសារគោលដៅផងដែរ ក្នុងនោះក៏មានការរៀបចំកម្រងសំណួរដើម្បីសម្ភាសគ្រួសារខ្វះខាតទាំងនោះ ដើម្បីឲ្យជាក់ច្បាស់ថា តើពួកគាត់ពិតជាជួបការលំបាកដូចអាជ្ញាធរមូលដ្ឋានបានកំណត់ដែរឬទេ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ប្រាក់ឧបត្ថម្ភនេះត្រូវផ្តល់ជូនកម្មករអាស្រ័យលើចំនួននៃការព្យួរកិច្ចសន្យាការងារ ដូចជាចំពោះកម្មករដែលត្រូវបានព្យួរកិច្ចសន្យាការងាររយៈពេល ៧ថ្ងៃ ដល់ ១០ថ្ងៃ ទទួលបានប្រាក់ចំនួន ៦ម៉ឺន ៧៥០រៀល។
រីឯកម្មករដែលបានព្យួរការងាររយៈពេល ១១ថ្ងៃ ដល់ ២០ថ្ងៃ ទទួលបានថវិកា ១២ម៉ឺន ១៥០០រៀល និងកម្មករដែលព្យួរការងាររយៈពេល ២១ថ្ងៃដល់ ១ខែ ទទួលបានទឹកប្រាក់ចំនួន ១៦ម៉ឺន ២ពាន់រៀលប៉ុណ្ណោះ។
ក្រុមអ្នកសង្កេតការណ៍ ជំរុញឲ្យរដ្ឋាភិបាលត្រួតពិនិត្យយន្តការនៃការកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្ររបស់ខ្លួនឡើងវិញ ត្បិតក្រោយដាក់ចេញនូវនីតិវិធីកំណត់អត្តសញ្ញាណពលរដ្ឋ «ក្រ១» និង «ក្រ២» តាមមូលដ្ឋានកន្លងមកនេះ មានការត្អូញត្អែរពីពលរដ្ឋជាច្រើនចំពោះអាជ្ញាធរមូលដ្ឋានថាអនុវត្តមិនមានតម្លាភាពនោះទេ៕