សាលាដំបូងរាជធានីភ្នំពេញ សម្រេចលើកពេលសវនាការសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក និងជនជាប់ចោទ ១២នាក់ទៅថ្ងៃក្រោយវិញ បន្ទាប់ពីមានសំណើពីលោក សៀម ភ្លុក និងមេធាវី។
នៅព្រឹកថ្ងៃអង្គារ ទី២២ វិច្ឆិកា នេះ សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការសំណុំរឿង «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ដែលមានជនជាប់ចោទចំនួន ១៣នាក់ ក្នុងនោះមានស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ផងដែរ ប៉ុន្តែសវនាការនេះត្រូវបានលើកពេលទៅថ្ងៃក្រោយ ដោយអវត្តមានលោក សំ សុគង់ និងលោក ជូង ជូងី មេធាវីការពារក្ដីឲ្យលោក សៀម ភ្លុក ខណៈជនជាប់ចោទក្នុងសំណុំរឿងនេះដែលមានចំនួន ១៣នាក់ គឺមានវត្តមានតែ ៣នាក់ប៉ុណ្ណោះ ចំណែកជនជាប់ចោទ ១០នាក់ទៀតអវត្តមាន។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក ឃុន សូណា បានលើកឡើងថា តុលាការសម្រេចលើកពេលតាមសំណើលោក កែត ឃី ដែលមេធាវីមួយរូបក្នុងចំណោមមេធាវី ៣រូប ការពារក្ដីក្នុងសំណុំរឿង «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» ខណៈលោក សៀម ភ្លុក ក៏ស្នើឲ្យលើកពេលដែរ ដោយសារលោក ជូង ជូងី មេធាវីការពារក្ដីលោកអវត្តមាន។
សំណុំរឿង «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» នេះមានជនជាប់ចោទ ១៣នាក់ ក្នុងនោះជនជាប់ចោទម្នាក់ គឺលោក សៀម ភ្លុក ជាប់ពន្ធនាគារព្រៃស ខណៈជនជាប់ចោទ ១២នាក់ទៀតនៅក្រៅឃុំបណ្ដោះអាសន្ន។ ចំណែកសាក្សីក្នុងសំណុំរឿងនេះ បើតាមក្រឡាបញ្ជីអានឈ្មោះមានចំនួន ៣០នាក់។
លោក សៀម ភ្លុក ត្រូវបានតុលាការចោទប្រកាន់ពីបទ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ និងត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសភ្លាមៗនៅថ្ងៃដដែលនោះ។
លោក សៀម ភ្លុក ត្រូវបានក្រសួងមហាផ្ទៃ រកឃើញថាមានជាប់ពាក់ព័ន្ធនឹងការក្លែងស្នាមមេដៃ ដើម្បីបង្កើតគណបក្សបេះដូងជាតិ កាលពីខែមិថុនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ផ្ញើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែវិច្ឆិកា ឆ្នាំ២០២១៕