នៅទីបំផុត រដ្ឋាភិបាលកុម្មុយនីស្តចិននៅបន្តលាក់ទិន្នន័យនៃអ្នកឆ្លងជំងឺកូវីដ-១៩ ដែលតាមការចុះផ្សាយរបស់សារព័ត៌មាន India Today បានចុះផ្សាយនៅថ្ងៃទី២៥ ធ្នូ បានឱ្យដឹងថា សឹងទូទាំងប្រទេសចិនបានកំពុងផ្ទុះការឆ្លងជំងឺកូវីដ។
បើតាមប្រភពដដែលនេះ អំឡុងតែ ២០ថ្ងៃប៉ុណ្ណោះមានអ្នកឆ្លងកើនឡើងដល់ទៅ ២៥០លាននាក់ ខណៈប្រទេសធំនេះមានប្រជាជនជាង ១៤០០លាននាក់។
យ៉ាងណា បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters គណៈកម្មការសុខភាពជាតិប្រទេសចិនបានទទួលស្គាល់ថាពិតជាមានការហក់ឡើងនូវអ្នកឆ្លងជំងឺផ្លូវដង្ហើមនេះនៅក្នុងរយៈពេលមួយខែចុងក្រោយនេះ។
តែប្រភពរបស់ Reuters ថាគណៈកម្មការនេះមិនបានប្រកាសថាមានចំនួនប៉ុន្មាននាក់នៅទូទាំងប្រទេសដែលកំពុងធ្លាក់ខ្លួនឈឺ និងស្លាប់នោះទេ ប៉ុន្តែមន្ទីរពេទ្យនៅបណ្ដាក្រុងធំៗ រួមទាំងនៅក្រុងប៉េកាំង ដែលមានប្រជាជនជិត ២១លាននាក់ កំពុងបង្កើនចំនួនគ្រែ ខណៈអ្នកជំងឺកំពុងសម្រុកបុកចូលមកព្យាបាល។
អ្នកជំនាញព្រមានថា ប្រជាជនដែលមានវ័យចាស់ជរាអាយុ ៧០ឆ្នាំឡើងទៅ អាចនឹងស្លាប់ដល់ ២លាននាក់នៅឆ្នាំ២០២៣ ព្រោះពួកគេភាគច្រើនមិនបានចាក់វ៉ាក់សាំងនោះទេ ហើយទោះជាអ្នកខ្លះចាក់បានត្រឹមមួយដូស ឬ ២ដូស ក៏មិនអាចទប់ទល់នឹងការឆ្លងបានដែរ ព្រោះវ៉ាក់សាំងចិនមិនមានប្រសិទ្ធភាពយូរទេ។
កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ក្រសួងសុខាភិបាលចិនបានប្រកាសថា ប្រទេសចិននឹងលែងចេញផ្សាយតួលេខប្រចាំថ្ងៃសម្រាប់ករណីឆ្លង និងស្លាប់នៃជំងឺកូវីដ-១៩ តទៀតហើយ បន្ទាប់ពីទម្លាប់នៃការចេញផ្សាយនេះបានចាប់ផ្តើមតាំងតែពីដើមឆ្នាំ២០២០ មកនោះ។
យ៉ាងណាក្តី ក្រសួងសុខាភិបាលចិន មិនបានផ្តល់ការបកស្រាយលម្អិតសម្រាប់ការសម្រេចចិត្តរបស់ខ្លួនក្នុងការឈប់ចេញផ្សាយទិន្នន័យកូវីដ-១៩ប្រចាំថ្ងៃបែបនេះឡើយ ប៉ុន្តែស្ថានការណ៍ឆ្លងរាលដាលនៅក្នុងប្រទេសចិន ហាក់មានការកើនឡើងខ្លាំង ក្រោយការបិទបញ្ចប់យុទ្ធសាស្ត្រសូន្យកូវីដរបស់លោក ស៊ី ជីនពីង។
ក្នុងស្ថានភាពដែលពិភពលោកកំពុងទៅរកការប្រកាសអាសន្នជាថ្មីដោយសារការផ្ទុះខ្លាំងកូវីដនៅប្រទេសចិន ប្រធានាធិបតីចិន ស៊ី ជីនពីង បានធ្វើសេចក្ដីថ្លែងការណ៍ដោយទទូចដល់គ្រប់មន្ទីរពេទ្យ ត្រូវបង្កើនការជួយសង្គ្រោះជីវិតអ្នកជំងឺ ដែលនេះជាការកត់សម្គាល់ជាលើកដំបូងរបស់លោក ស៊ី បន្ទាប់ពីលោកបានបញ្ជាឱ្យបិទបញ្ចប់គោលនយោបាយកូវីដសូន្យ ដែលបានអនុវត្តបាន ៣ឆ្នាំមកនេះ។
លោក ស៊ី បានបន្តថា កូវីដនេះមិនមែនជារលកថ្មីនោះទេ តែវាជាភារកិច្ចថ្មីរបស់អ្នកជួយសង្គ្រោះអ្នកជំងឺ។ លោក ស៊ី បង្គាប់ទៅមន្ទីរពេទ្យ និងអាជ្ញាធរតាមស្រុកខេត្តទាំងអស់ ត្រូវចាប់ផ្ដើមចុះយុទ្ធនាការទប់ស្កាត់ការរីករាលដាល ដោយការផ្សព្វផ្សាយទៅទទួលថ្នាំ និងវ៉ាក់សាំងជាបន្ទាន់។
សេចក្ដីថ្លែងការណ៍របស់លោក ស៊ី ត្រូវបានផ្សព្វផ្សាយតាមបណ្ដាញទូរទស្សន៍ចិន CCTV កាលពីថ្ងៃអាទិត្យ ទី២៥ ធ្នូ។
ចិនជាប្រភពនៃការផ្ទុះមេរោគកូរូណា ដែលជាជំងឺកូវីដ-១៩មុនគេទាំងអស់ដែលវាផ្ទុះចេញពីក្រុងវូហាន់ ជាតំបន់ឆ្នេរសមុទ្រ ប៉ុន្តែក្រុងវូហាន់ គឺជាមជ្ឈមណ្ឌលពិសោធន៍ជីវសាស្ត្រដ៏ធំនៅប្រទេសចិន។
ចិនជាប្រទេសដែលមិនទទួលយកថ្នាំដែលមានប្រសិទ្ធភាពយូរពីសហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស ឬអាល្លឺម៉ង់នោះទេ។ ប្រទេសនេះបានផលិតថ្នាំវ៉ាក់សាំងមុនគេ ហើយថ្នាំរបស់ប្រទេសនេះបានសម្រុកចែកចាយទៅប្រទេសក្រីក្រ និងជាប្រទេសកូនបំណុលពាន់លានដុល្លារ។ តែចុងក្រោយ ប្រទេសក្រីក្រទាំងនោះបានសម្រុកទិញ និងស្នើសុំជំនួយវ៉ាក់សាំងពីអាមេរិក និងអង់គ្លេស៕