មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន អះអាងថា ការព្រមព្រៀងគ្នាឱ្យអ្នកជំនាញបារាំងមកជួយគូរចម្លងផែនទីរបស់កម្ពុជាឡើងវិញ ដោយសារតែផែនទីបោនខ្នាត ១លើ ១០០ពាន់មានលក្ខណៈតូច ដូច្នេះកម្ពុជាពង្រីកផែនទីនោះឱ្យទៅជាផែនទីបោនខ្នាត ១លើ ៥០ពាន់ ដើម្បីឱ្យមានលក្ខណៈកាន់តែងាយស្រួលក្នុងការប្រើប្រាស់។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន លើកឡើងក្នុងកិច្ចពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឡាវ ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសឡាវ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា រដ្ឋាភិបាលបានខិតខំខ្លាំងណាស់មិនឱ្យទឹកដីកម្ពុជាបាត់បង់សូម្បីមួយមិល្លីម៉ែត្រទៅបរទេស ចាប់តាំងពីកម្ពុជាត្រូវបានរំដោះកាលពីឆ្នាំ១៩៧៩ មក ដែលគិតមកទល់នឹងពេលនេះមានរយៈពេលជាង ៤០ឆ្នាំហើយ។
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុបរូបនេះលើកឡើងថា លោកនឹងចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា-ឡាវ ក្រោយឆ្លងកាត់ការពិភាក្សារាប់រយដងរបស់គណៈកម្មាធិការព្រំដែន ដោយយោងទៅតាមផែនទីដែលកម្ពុជា-ឡាវ បានឯកភាពគ្នា។
លោក ហ៊ុន សែន បន្ថែមថា ផែនទីទាំងនេះគឺជាឯកសារដែលភាគីទាំងសងខាងទទួលស្គាល់ទៅវិញទៅមក និងជាផែនទីដែលតម្កល់ទុកនៅអង្គការសហប្រជាជាតិ ព្រោះវាជាភស្តុតាងដែលបានបន្សល់ដោយអាណានិគមបារាំង ដែលធ្លាប់គ្រប់គ្រងប្រទេសកម្ពុជាកាលពីមុន ដោយផ្អែកទៅលើច្បាប់អន្តរជាតិ និងច្បាប់ប្រទេសនីមួយៗ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បញ្ជាក់ថា កម្ពុជាបានសហការបោះបង្គោលព្រំដែនជាមួយប្រទេសឡាវ បានចំនួន ៨៦% ក្នុងនោះភាគីទាំងពីរក៏បានបោះបង្គោលព្រំដែនចំនួន ១២១បង្គោលដែរ ហើយនៅពេលនេះក៏បានឯកភាពគ្នាក្នុងការពង្រីកបង្គោលឱ្យកាន់តែធំរឹងមាំ ដោយបោះបន្ថែមទៀតនៅក្នុងចន្លោះបង្គោលទាំង ១២១ នេះ ឱ្យបានកាន់តែច្រើន ខណៈចំណុចដែលនៅសល់ ១៤% ទៀត ភាគីទាំងពីរនឹងដោះស្រាយឱ្យបានកាន់តែឆាប់។
ការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនដោយប្រើផែនទីបោនខ្នាត ១លើ ៥០ពាន់នេះ ត្រូវគេមើលឃើញថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ផែនទីខុសពីរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលបានចែង ដែលនឹងនាំឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង។
នៅថ្ងៃទី១៣ ខែកុម្ភៈ នេះ មេដឹកនាំខ្មែរ លោក ហ៊ុន សែន កំពុងធ្វើទស្សនកិច្ចក្នុងប្រទេសឡាវ ដើម្បីចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរជាមួយនាយករដ្ឋមន្ត្រីឡាវ រួមមាន៖
- ការចុះហត្ថលេខាលើផែនការសកម្មភាពសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨
- និងការចុះហត្ថលេខាលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា-ឡាវ ផងដែរ។
អនុប្រធានវេទិកាពលរដ្ឋ លោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ កុម្ភៈ នេះថា ផែនទីយូធីអឹម (UTM) ខ្នាត ១លើ ៥០ពាន់ គឺជាផែនទីដែលគូរដោយយោធាអាមេរិកសម្រាប់ប្រើប្រាស់តែក្នុងសម័យសង្គ្រាមវៀតណាមប៉ុណ្ណោះ ហើយក៏ជាផែនទីមិនស្របនឹងរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ ថែមទៀត។
លោក ម៉ែន ណាត ទាមទារឱ្យមេដឹកនាំខ្មែរ លោក ហ៊ុន សែន អនុវត្តសន្ធិសញ្ញាកំណត់ព្រំដែនជាមួយប្រទេសជិតខាងដោយប្រើខ្នាតផែនទីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញក្នុងមាត្រា២ ដែលបានចែងពីខ្នាត ១លើ ១០០ពាន់ ជាផែនទីស្របច្បាប់ ដែលនឹងមិនធ្វើឱ្យប៉ះពាល់ដល់អធិបតេយ្យភាពកម្ពុជាទៅថ្ងៃក្រោយ។
អនុប្រធានវេទិកាពលរដ្ឋរូបនេះបញ្ជាក់ថា ការប្រើប្រាស់ផែនទីរបស់រដ្ឋាភិបាលកម្ពុជាដែលផ្ទុយពីរដ្ឋធម្មនុញ្ញ និងផ្ទុយពីខ្លឹមសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស ឆ្នាំ១៩៩១ មិនចំណេញសម្រាប់កម្ពុជានោះទេ គឺមានតែនាំឱ្យកម្ពុជាបាត់បង់ដែនអធិបតេយ្យជាតិខ្លួនប៉ុណ្ណោះ ហើយបើរដ្ឋាភិបាលលោក ហ៊ុន សែន នៅតែបន្តប្រើប្រាស់ផែនទីខុសពីការកំណត់របស់រដ្ឋធម្មនុញ្ញនេះទៀត នោះគឺមានន័យថា រដ្ឋាភិបាលឯកបក្សមួយនេះកំពុងជួយរកច្រកក្នុងការសម្បទានទឹកដីរបស់ខ្លួនឱ្យបរទេសជិតខាងបន្ថែមទៀតហើយ។
មាត្រា២ នៃរដ្ឋធម្មនុញ្ញ ចែងថា បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានជាដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត ១លើ ១០០ពាន់ ដែលធ្វើនៅចន្លោះឆ្នាំ១៩៣៣ ដល់ឆ្នាំ១៩៥៣ និងត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៩។
ទាក់ទិននឹងបញ្ហានេះ ក្នុងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម ទទួលស្គាល់កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ មាន ៤ចំណុច ក្នុងនោះចំណុចទី៣ បានបញ្ជាក់ថា “ភាគីប្រទេសនីមួយៗត្រូវប្ដូរព្រំដែនលើផែនទីខ្នាត ១/១០០.០០០ មកប្រើផែនទី យូ.ធី.អឹម ខ្នាត ១/៥០.០០០ វិញ រួចផ្ទៀងផ្ទាត់លទ្ធផល និងឯកភាពព្រំដែនលើផែនទីនេះ“៕