ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី មានគម្រោងធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកនៅសប្ដាហ៍ក្រោយ ដើម្បីទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។
តែជាមួយនឹងវត្តមានរបស់លោក ហ្សេឡេនស្គី នៅក្រុងវ៉ាស៊ីនតោន ក៏ចំពេលសភាទាំងពីររបស់អាមេរិក ជជែកដេញដោលគ្នាពីការផ្ដល់ជំនួយយោធា និងជំនួយមនុស្សធម៌ថែមទៀតសម្រាប់អ៊ុយក្រែន ក្នុងទំហំសាច់ប្រាក់ ២៤ពាន់លានដុល្លារអាមេរិក។ នេះបើតាមការចេញផ្សាយដោយបណ្ដាញផ្សាយព័ត៌មាន The Guardian នៅថ្ងៃសុក្រ ទី១៥ ខែកញ្ញា។
ប្រភពដដែលនេះ លោក ហ្សេឡេនសី្គ ត្រូវគេរំពឹងថានឹងជួបជាមួយលោកប្រធានាធិបតី ចូ បៃដិន នៅឯសេតវិមាន នៅថ្ងៃព្រហស្បតិ៍ សប្ដាហ៍ក្រោយ ចំណែកដំណើរទស្សនកិច្ចទៅកាន់វិមាន Capitol ត្រូវគេរំពឹងថានឹងធ្វើឡើងក្រោយពេលលោកចេញពីសេតវិមាន។
លោក បៃដិន បានស្នើសុំឱ្យសភាទម្លាក់កញ្ចប់ថវិកាសរុប ២៤ពាន់លានដុល្លារសម្រាប់គាំទ្រអ៊ុយក្រែន ក្នុងនោះរួមមានទាំង ១៣,១ពាន់លានដុល្លារជាជំនួយយោធា និង ៨,៥ពាន់លានដុល្លារជាជំនួយមនុស្សធម៌។
រដ្ឋការរបស់លោក បៃដិន នៅសល់ពេលមិនច្រើនទៀតទេដើម្បីអនុម័តកញ្ចប់ថវិកាជាថ្មីនេះ គឺឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា នេះ ដែលជាការទប់ស្កាត់មិនឱ្យមានការបិទរដ្ឋាភិបាល ខណៈសហរដ្ឋអាមេរិកនឹងបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក ហ្សេឡេនស្គី ក៏ធ្លាប់បានធ្វើទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក កាលពីខែធ្នូ ឆ្នាំ២០២២។ តែលើកនេះ មេដឹកនាំប្រទេសអ៊ុយក្រែន លោក ហ្សេឡេនស្គី ត្រូវគេរំពឹងថាលោកនឹងធ្វើដំណើរទៅកាន់ទីក្រុងញូវយ៉ក ដើម្បីថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រសិនបើលោក ហ្សេឡេនស្គី មានវត្តមាននៅឯមហាសន្និបាតអង្គការសហប្រជាជាតិអំឡុងលោកមកកាន់សហរដ្ឋអាមេរិក គឺជាលើកទី១ ចាប់តាំងពីរុស្ស៊ី បង្កសង្គ្រាមឈ្លានពានអ៊ុយក្រែន នៅខែកុម្ភៈ ឆ្នាំ២០២២ ហើយមកដល់ពេលនេះ សង្គ្រាមឈានដល់ខែទី១៩ ហើយ។
គេរំពឹងថា សាររបស់លោក ហ្សេឡេនស្គី ទៅកាន់សភាសហរដ្ឋអាមេរិកនឹងបន្តទទូចសុំសមាជិកសភាប្រទេសមហាអំណាចនេះជួយប្រជាជនអ៊ុយក្រែន រហូតដល់រុស្ស៊ីបញ្ចប់សង្គ្រាម ហើយដកទ័ពចេញពីទឹកដីអ៊ុយក្រែន។
សភាសហរដ្ឋអាមេរិកបានអនុម័តកញ្ចប់ថវិកាជួយប្រទេសអ៊ុយក្រែន ក្នុងរយៈពេល ២ឆ្នាំ ពីឆ្នាំ២០២២ និងឆ្នាំ២០២៣ មានទំហំសាច់ប្រាក់ ១១ម៉ឺន ៣០០លានដុល្លារអាមេរិក។
មកដល់ពេលនេះ រដ្ឋការរបស់លោក បៃដិន បានប្រើប្រាស់អស់ ៧ម៉ឺន ៦០០លានដុល្លារអាមេរិកហើយ។ កាលពីថ្ងៃទី២៤ សីហា ជាទិវាបុណ្យឯករាជ្យជាតិរបស់ប្រទេសអ៊ុយក្រែន ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានបញ្ជូនលិខិតទៅជូនសមភាគីអ៊ុយក្រែន លោក ហ្សេឡេនស្គី ដែលលោក បៃដិន ផ្ញើសារសាទរប្រជាជនអ៊ុយក្រែនរំលឹកទិវាឯករាជ្យជាតិរបស់ខ្លួន។
សាររបស់លោក បៃដិន បានបញ្ជាក់ឡើងវិញអំពីការប្ដេជ្ញាចិត្តរបស់អាមេរិក ក្នុងការគាំទ្របុព្វហេតុនៃប្រជាជនអ៊ុយក្រែន ដែលកំពុងតស៊ូដោយការធ្វើពលិកម្ម ដើម្បីប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។ លោក បៃដិន សន្យាថានឹងបន្តជួយអ៊ុយក្រែន រហូតរំដោះបានវិញនូវសេរីភាពរបស់ខ្លួន។
វត្តមានរបស់លោក ហ្សេឡេនស្គី នៅសេតវិមាន អាចរំពឹងថាមេដឹកនាំប្រទេសអ៊ុយក្រែនរូបនេះនឹងរំលឹកលោក បៃដិន ដែលបានសន្យាផ្ដល់យន្តហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន ខណៈលោកសង្ឃឹមថាកងទ័ពអ៊ុយក្រែន នឹងបានប្រើយន្តហោះ F-16 ដើម្បីការពារដែនអាកាសរបស់ខ្លួន។
រដ្ឋការលោក បៃដិន បានបើកភ្លើងខៀវឱ្យប្រទេសដាណឺម៉ាក និងហុឡង់ដ៍ បញ្ជូនយន្តហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន។ ទាំងប្រទេសដាណឺម៉ាក និងហុឡង់ដ៍ រួមនឹងប្រទេសន័រវែស នឹងបញ្ជូនយន្តហោះចម្បាំង F-16 ទៅឱ្យអ៊ុយក្រែន នៅដើមឆ្នាំ២០២៤។
តែសម្រាប់អ្នកសង្កេតការណ៍ វត្តមានលោក ហ្សេឡេនស្គី នៅឯមហាសន្និបាតអង្គការសហប្រជាជាតិនឹងក្លាយជាព្រឹត្តិការណ៍ដំបូងរបស់អង្គការពិភពលោកនេះ ដែលមានវត្តមានវីរជនសង្គ្រាមថ្លែងសេចក្ដីសុន្ទរកថានៅចំពោះមុខមេដឹកនាំប្រទេសជាសសមាជិកអង្គការនេះ ១៩៣ប្រទេស ប៉ុន្តែគ្មានទេវត្តមានលោក វ្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី ដែលជាអ្នកបញ្ឆេះសង្គ្រាមឈ្លានពានអ៊ុយក្រែន ជាប្រទេសមានព្រំដែនជាប់គ្នា និងមានអរិយធម៌ ប្រពៃណី សាសនាដូចគ្នា៕