អត្ថបទ៖ លោក ហាស់ សាន
ប្រវត្តិវិទូឧស្សាហ៍រំឭកអ្នកសិក្សាស្រាវជ្រាវថា ប្រវត្តិសាស្ត្រអាចនឹងត្រឡប់មកដដែលវិញ ហើយថាបើមិនប្រយ័ត្នទេ អ្នកនឹងដើរជាន់ដានប្រវត្តិសាស្ត្រដោយមិនដឹងខ្លួន។
ទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន មិនមែនទើបតែកើតមាននាពេលថ្មីៗនេះទេ គឺមានរាប់ទសវត្សមកហើយ ប៉ុន្តែចិនគេគិតប្រយោជន៍ជាតិរបស់គេជាងប្រយោជន៍ខ្មែរ ដូច្នេះខ្មែរបានត្រឹមតែរស់ផ្ញើវាសនា ផ្ញើជីវិត ពឹងលើចិនតែប៉ុណ្ណោះ។
តើអនាគតស្រុកខ្មែរអាចនឹងជួបផលវិបាកអាក្រក់ដូចម្តេចខ្លះ? លោក ហាស់ សាន មានសេចក្តីរាយការណ៍វិភាគ ថាតើចិនអាចការពារខ្មែរ ឬមិនអាច?
ទំនាក់ទំនងចំណងមេត្រីមិត្តភាពខ្មែរ−ចិនដ៏កាន់តែរឹងមាំ ដែលគេនាំគ្នាប្រសិទ្ធីពាក្យថា “មិត្តដែកថែប” ឬ “មិត្តស្រោបដែក” (iron clad) បានធ្វើឲ្យមេដឹកនាំជាតិ អ្នកវិភាគនយោបាយ យោធានៅបស្ចិមប្រទេស នៅភូមិភាគអាស៊ីជាច្រើន យកចិត្តទុកដាក់វិភាគ វាយតម្លៃ ព្យាករទៅអនាគតថា នឹងនាំមកនូវវិបាកអាក្រក់ដល់រាជាណាចក្រកម្ពុជា គ្រាណាមានភាពតានតឹងរវាងមហាអំណាចក្រហម និងមហាអំណាចលោកសេរី។
កាលពីឆ្នាំ២០២២ សារព័ត៌មាន The Cambodia Daily បានផ្សាយអត្ថបទវិភាគព័ត៌មានពីរ៖
- ក្នុងខែមិថុនា មានចំណងជើងថា៖ «បរទេសកាន់កាប់ គ្រប់គ្រង ចាត់ចែងទីតាំងមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទរាម»
- និងក្នុងខែកក្កដា មានចំណងជើងថា៖ «អនាគតទីតាំងមូលដ្ឋានកងនាវាចរណ៍ខេមរភូមិន្ទរាម»។
ក្នុងរយៈកាលមួយឆ្នាំនេះ យើងពុំទាន់ឃើញអ្នកវិភាគនយោបាយ យោធាខ្មែរក្នុងស្រុកមើលឃើញ ហ៊ាននិយាយ ហ៊ានសរសេរផ្សាយដូចអ្នកវិភាគបរទេសទេ ពីព្រោះគេដើរខ្សែស្របនឹងរាជរដ្ឋាភិបាល គឺនិយាយ សរសេរ អធិប្បាយ ផ្សាយចេញឲ្យដូចអ្វីរាជរដ្ឋាភិបាលចង់ឲ្យពលរដ្ឋខ្មែរដឹងឮ។ រីឯពលរដ្ឋខ្មែរ ព្រោះតែប្រឈមនឹងការចាប់ចង ផ្ដន្ទាទោសកាលណាគិត និយាយ សរសេរផ្ទុយពីរដ្ឋាភិបាល ព្រមទាំងប្រឈមមុខនឹងបញ្ហាជីវភាពប្រចាំថ្ងៃ ពួកគាត់មិនបានតាមដាន សិក្សា ស្រាវជ្រាវព័ត៌មានពិតពិស្ដារដែលរដ្ឋាភិបាលខំលាក់បាំងពីពួកគាត់មិនឲ្យដឹងនោះឡើយ។
ពលរដ្ឋខ្មែរខ្លះទៀត ព្រោះតែមិនចង់រវីរវល់រឿងនយោបាយ ដោយហេតុថាវាមិនបានការ ហើយថាបើគិតនាំតែឈឺក្បាល ក៏នាំគ្នាផ្ញើវាសនាលើអ្នកដឹកនាំនយោបាយប្រទេសជាតិតែម្តងទៅ។ ការព្យាយាមរៀនសូត្រខ្លះៗអំពីប្រវត្តិសាស្ត្រជាតិសាសន៍ខ្លួន មិនខាតអ្វីទេ ហើយអាចមិនឲ្យចាញ់បោកអ្នកនយោបាយខ្មែរ និងបរទេសផងដែរ។
អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំស្រុកទេសជិត ៤០ឆ្នាំ ដោយទាញតម្រង់គោលនយោបាយក្រៅប្រទេស (foreign policy) នៃរាជាណាចក្រកម្ពុជាជាមួយចិនដីគោក តាមគន្លងគោលនយោបាយក្រៅប្រទេសនៃសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ៖ គោលនយោបាយចិនតែមួយ អព្យាក្រឹតភាព មិនចូលបក្ខសម្ព័ន្ធក្នុងទសវត្ស១៩៥០ និង ១៩៦០ ក្រោយពីបានឯករាជភាពពីបារាំងសែសនាឆ្នាំ១៩៥៣ និងក្រោយសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤។
នយោបាយបែបនេះមានគោលបំណងល្អ ចង់បានសេចក្តីសុខ សន្តិភាព ខំប្រឹងប្រកាសប្រាប់ពិភពលោកថា ប្រទេសកម្ពុជាជា “កោះសន្តិ ភាព” (Island of Peace)។ ផ្ទុយទៅវិញ គ្រាន់តែរាជាណាចក្រកម្ពុជាប្រកាសគោលនយោបាយការបរទេសឯករាជ្យ អព្យាក្រឹត មិនចូលបក្ខសម្ព័ន្ធ មហាអំណាចចិនកុម្មុយនីស្ត ប្រទេសសង្គមនិយមក្នុងប្លុកកតិកាសញ្ញាក្រុងវ៉ាសូវី ប្រទេសប៉ូឡូញ ដែលជារដ្ឋរណបអតីតសហភាពសូវៀតសឹងតែទាំងអស់ រួមទាំងប្រទេសមិនចូលបក្ខសម្ព័ន្ធក្នុងសន្និសីទក្រុងបានឌុង ប្រទេសឥណ្ឌូនេស៊ី ភ្ជាប់ចំណងមិត្តភាពជាមួយប្រទេសកម្ពុជា ផ្តល់ជំនួយជួយឧបត្ថម្ភជារោងចក្រ គ្រឿងចក្រផលិតវត្ថុផ្សេងសម្រាប់សេចក្តីត្រូវការក្នុងស្រុក។
ឧទាហរណ៍ មានដូចជា៖
- រោងចក្រស្ករស កំពង់ត្រាំ
- រោងចក្រកង់ឡាន
- រោងចក្រកែវ តាខ្មៅ
- រោងចក្របាវក្រចៅ ដូនទាវ
- រោងចក្រវាយនភណ្ឌ កំពង់ចាម
- រោងចក្រក្រដាស ឆ្លូង
- រោងចក្រចម្រាញ់ប្រេងកាត ក្រុងព្រះសីហនុ ជាដើម។ល។
ជំនួយពីប្រទេសទាំងអស់នោះ បក្ស និងរដ្ឋាភិបាលរបស់គេសម្រេចផ្តល់ឲ្យខ្មែរដោយមិនចាំបាច់ឆ្លងកាត់សភាតំណាងរាស្ត្រដូចជំនួយពីមហាអំណាចលោកសេរី សហរដ្ឋអាមេរិកនោះឡើយ ព្រោះជាប្រទេសកាន់អំណាចផ្ដាច់ការ។ សហរដ្ឋអាមេរិកចង់ចងមិត្តនឹងប្រទេសកម្ពុជាទើបនឹងបានឯករាជ្យ ដោយរំឭកផ្តាំមេដឹកនាំខ្មែរថា ប្រយ័ត្នចាញ់បោកពួកកុម្មុយនីស្ត។ រីឯចិន សហភាពសូវៀត ចង់ឲ្យប្រទេសកម្ពុជាជួយគេវិញក្នុងកិច្ចប្រឹងប្រែងជួយសម្ព័ន្ធមិត្តយៀកណាមខាងជើង រំដោះ និងបង្រួបបង្រួមយៀកណាមខាងត្បូង។
នយោបាយមហាអំណាចប្រជែងគ្នាចង់បានឥទ្ធិពលរៀងៗខ្លួនក្នុងតំបន់ ដោយចាប់យកប្រទេសតូចៗធ្វើជាឈ្នាន់ ជាទីតាំង ជាមូលដ្ឋានដើម្បីធ្វើកិច្ចការឲ្យសម្រេចផលប្រយោជន៍ជាតិរបស់គេ។ នៅឯសន្និសីទទីក្រុងបានឌុង ក្នុងខែមេសា ឆ្នាំ១៩៥៥ សម្តេច នរោត្តម សីហនុ បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន ជូ អេនឡាយ ហើយនិងនាយករដ្ឋមន្ត្រីយៀកណាមខាងជើង ផាំ វ៉ាន់ដុង ជាឯកជន។
មេដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសន្យាថា នឹងគោរពឯករាជភាព និងបូរណភាពទឹកដីនៃរាជាណាចក្រកម្ពុជា។ តើមេដឹកនាំខ្មែរគ្រានោះបានព្យាករទៅអនាគតវែងឆ្ងាយថា បក្សកុម្មុយនីស្ត និងបក្ខសម្ព័ន្ធប្លុកកតិកាសញ្ញាក្រុងវ៉ាសូវី នឹងចង់បានអ្វីវិញពីប្រទេសកម្ពុជាឬទេ?
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩៦០ សម្តេចព្រះប្រមុខរដ្ឋ នរោត្តម សីហនុ បានដាក់នូវផែនការចង់បង្កើតតំបន់អព្យាក្រឹតនៅអាស៊ីអាគ្នេយ៍ ដោយអំពាវនាវនៅចំពោះមុខអង្គការសហប្រជាជាតិ ឲ្យប្លុកខាងលិច និងខាងកើតទុកប្រទេសកម្ពុជា និងលាវ ជាប្រទេសអព្យាក្រឹតទីមួយ ដែលមានន័យថា កុំឈ្លានពាន។
ដំណាលពេលគ្នានោះ គេរកឃើញថា ទ័ពព្រៃយៀកកុងប្រមាណ ៨ម៉ឺននាក់បានប្រើប្រាស់ផ្លូវលំ ហូ ជីមិញ ពីយៀកណាមខាងជើង កាត់ស្រុកលាវ បោះទីតាំងទ័ពលាក់ខ្លួនក្នុងទឹកដីខ្មែរជម្រៅរាប់សិបគីឡូម៉ែត្រនៅប៉ែកឦសានប្រទេសជាស្ថាពរទៅហើយនៅឆ្នាំ១៩៦០ ដោយគ្មានសុំការអនុញ្ញាតពីរាជរដ្ឋាភិបាលសម្តេចព្រះប្រមុខរដ្ឋឡើយ គ្មានកោតញញើតច្បាប់អន្តរជាតិដែលគេស៊ីញេនៅក្រុងហ្សឺណែវ នោះឡើយ។
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ១៩៦៥ សម្តេចព្រះ នរោត្តម សីហនុ បានបញ្ជូនឧត្តមសេនីយ៍ លន់ នល់ នាយអគ្គសេនាធិការនៃកងយោធពលខេមរភូមិន្ទ ឲ្យទៅចុះកិច្ចព្រមព្រៀងនៅក្រុងប៉េកាំង ទទួលជំនួយយោធាចិន ដែលផ្តល់ទៅឲ្យទ័ពព្រៃយៀកកុង−យៀកណាមខាងជើង ហើយដែលសុំឲ្យរាជរដ្ឋាភិបាលសង្គមរាស្ត្រនិយមជួយការពារលាក់បាំងទ័ពព្រៃ ផ្តល់កន្លែងព្យាបាលរបួស និងសម្រាកកាយ។
បន្ទាប់មក សម្តេច នរោត្តម សីហនុ បានចុះកិច្ចព្រមព្រៀងជាមួយប្រធានរដ្ឋាភិបាលបណ្ដោះអាសន្នយៀកណាមខាងត្បូង លោក ហ៊ុញ តាន់ហ្វាត់ ដើម្បីផ្តល់ ឬលក់ស្បៀងអាហារ បរិក្ខារពេទ្យឲ្យទ័ពព្រៃថែមទៀត។
អ្នកវិភាគនយោបាយសម័យនោះ សរសេរថា សម្តេច នរោត្តម សីហនុ ឈ្វេងយល់ថា យូរឬឆាប់ ទ័ពអាមេរិកាំងនឹងដកចេញ ដូច្នេះចូលជាមួយចិនទៅក្រែងអាចជួយការពារខ្មែរមិនឲ្យក្រុងហាណូយ បំប៉នមហិច្ឆតារំលោភយកទឹកដីខ្មែរទៅអនាគតកាល។
ចាប់ពីពេលនោះទៅ រាជរដ្ឋាភិបាលគ្រានោះនិយាយផ្សេង ធ្វើផ្សេង ជួយលាក់បាំងទ័ពព្រៃយៀកកុង−យៀកណាមខាងជើងរហូតពីភ្នែកគណៈកម្មការត្រួតពិនិត្យអន្តរជាតិ (ICC = International Control Commission) ដែលមានសមាជិកចម្រុះស៊ីវិល និងយោធា ៩៦នាក់ (៣២នាក់ពីប្រទេសឥណ្ឌា ៣២នាក់ពីប៉ូឡូញ និង ៣២នាក់ពីកាណាដា)។
លទ្ធផល គឺទឹកដីខ្មែរទទួលរងការទម្លាក់គ្រាប់បែកពីកងទ័ពសហរដ្ឋអាមេរិក ទាំងសម្ងាត់ ទាំងចំហ មុននិងក្រោយថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០។
ក្នុងរាជាណាចក្រទី២ រាជរដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន ការធ្វើសម្បទានឲ្យទឹកឲ្យដី ឲ្យព្រៃឲ្យកោះ ក៏កើតមានជាបន្តមកទៀត ព្រោះអ្នកដឹកនាំរដ្ឋាភិបាលនៃបក្សប្រជាជនកម្ពុជា ដែលមេមនោគមន៍វិជ្ជាយៀកណាមបានបង្កើត ត្រូវតបស្នងសងគុណរដ្ឋការក្រុងហាណូយ ដែលគេជួយឲ្យឡើងកាន់អំណាច។
សម្បទានដីសេដ្ឋកិច្ចរយៈពេល ៩៩ឆ្នាំតាមខេត្តជាប់ព្រំដែន ការសម្រួលបើកឲ្យអាណិកជន ឬជនអន្តោប្រវេសន៍យៀកណាម ចូលរស់នៅតាមគោលការណ៍បក្សកុម្មុយនីស្ត ឬបក្សពលករយៀកណាម ការអនុញ្ញាតឲ្យកងកម្លាំងប្រដាប់អាវុធប្រជាជនយៀកណាមជាច្រើនពីអង្គភាពលេខ១៥ បោះទីតាំងក្នុងទឹកដីខ្មែរ ឬក្លែងខ្លួនជាជនស៊ីវិល ដូរឈ្មោះធ្វើការតាមក្រសួង មន្ទីរ នាយកដ្ឋាន ការិយាល័យនៃស្ថាប័នរដ្ឋទាំងអស់នេះ សុទ្ធសឹងតែជាអំពើទង្វើបំពានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ បំពានរដ្ឋធម្មនុញ្ញនៃរាជាណាចក្រកម្ពុជាទាំងស្រុង។ រឿងទាំងនេះបានបន្តតាំងពីឆ្នាំ១៩៧៩ រហូតដល់សព្វថ្ងៃ។
ដីសម្បទានសេដ្ឋកិច្ចបន្ថែមឲ្យក្រុមហ៊ុនយៀកណាម Hoang Anh Gia Lai ទំហំ ១ពាន់ហិកតារនៅខេត្តរតនគិរី គេធ្វើអាជីវកម្មលើដីខ្មែរដែលមានជីជាតិ ដាំចេកណាំវ៉ាដឹកទៅលក់នៅផ្សារស្រុកចិនក្នុងមួយអាទិត្យៗទម្ងន់ ១០០តោន តាមរយៈប្រទេសយៀកណាម បានប្រាក់ចំណូលរាប់លានដុល្លារតាំងពីឆ្នាំ២០១៧ មក។
ក្រៅពីនេះ ក្រុមហ៊ុនរដ្ឋចម្ការកៅស៊ូយៀកណាម Vietnam Rubber Group (VRG) កាន់កាប់ដីរាប់ម៉ឺនហិកតារធ្វើអាជីវកម្មទាញផលពីដីខ្មែរ។ នៅតំបន់ខ្លះ ខាងប៉ែកឦសាន ពលរដ្ឋខ្មែរមិនទាំងមានសិទ្ធិធ្វើដំណើរកាត់តាមទីតាំងដែលក្រុមហ៊ុនយៀកណាមបោះទីតាំងនោះផង។
បន្ថែមទៅលើរឿងចាស់ទាំងអស់នោះ រាជរដ្ឋាភិបាលដឹកនាំដោយបក្សប្រជាជនកម្ពុជា ទាំងឪពុក ទាំងកូនស្នងតំណែង ត្រូវសងគុណរដ្ឋការក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ទៀត ព្រោះតែរឿងខ្ចីបុលចាយវាយឥតសំចៃដៃ។ ជាថ្នូរនឹងបំណុលចិនរុំសួតនេះ រាជាណាចក្រកម្ពុជាត្រូវបង្ខំចិត្តធ្វើសម្បទានដីធ្លីឲ្យក្រុមហ៊ុនចិនធ្វើអាជីវកម្មឲ្យសមាជិកនៃកងទ័ពរំដោះប្រជាជនចិន បោះទីតាំងលើទឹកដីខ្មែរពីមូលដ្ឋាននាវាចរណ៍រាម ក្នុងខេត្តព្រះសីហនុ ដល់ខេត្តកោះកុង និងខេត្តកំពត។
អ្នកវិភាគបស្ចិមប្រទេសជាច្រើនបានសរសេរផ្សាយក្នុងឆ្នាំ២០២៣ នេះថា ក្រុងប៉េកាំងព្យាយាមបញ្ចេញឥទ្ធិពលនៃមហិទ្ធិឫទ្ធិរបស់ខ្លួនចេញពីព្រំដែនចិនដីគោកទៅកាន់ទីឆ្ងាយៗក្នុងពិភពលោក ក្នុងទិសដៅប្រកួតជាមួយនឹងមហាអំណាចសហរដ្ឋអាមេរិក។
ក្នុងដំណើរការស្ថាបនាទីតាំងយោធាតាមខេត្តមាត់សមុទ្រប៉ែកនិរតីប្រទេសកម្ពុជា ឧត្តមសេនីយ៍ ចៅ ផល្លី នៃក្រសួងការពារជាតិ បានស្នើសុំបន្តទិដ្ឋាការវីហ្សាឲ្យនាយទាហាន នាយទាហានរងពីកងនាវាចរណ៍នៃកងទ័ពរំដោះចិន PLA-N ចំនួន ៤៩នាក់ ដែលបំពេញបេសកកម្មតាមទីតាំងសម្ងាត់ទាំងនោះ។
តាមប្រភពពីក្រុមស៊ើបការណ៍បរទេស ផ្ទៃដីក្នុងមូលដ្ឋាននាវាចរណ៍ខេមរភូមិន្ទរាម ដែលរាជរដ្ឋាភិបាលចុះកិច្ចសន្យាឲ្យចិនប្រើប្រាស់ដាច់មុខរយៈពេល ៣០ឆ្នាំ ជាទីតាំងដំឡើងស្ថានីយរ៉ាដាភ្ជាប់ផ្កាយរណបដី-អាកាស បៃដាវ សម្រាប់ឃ្លាំមើលសកម្មភាពនាវាចរណ៍តាមឈូងសមុទ្រថៃ បញ្ជូនសញ្ញាទាក់ទងដល់នាវាចម្បាំងចិន និងសម្រាប់បញ្ជាកាំជ្រួចការពារដែនអាកាស។
បុគ្គលិកយោធាចិន កាន់លិខិតឆ្លងដែនខ្មែរ មានសិទ្ធិកាន់អាវុធ ហើយទាហានខ្មែរគ្មានសិទ្ធិចេញចូលទីតាំងរបស់ចិន ដោយគ្មានការអនុញ្ញាតជាមុននោះឡើយ។ ជាមួយគ្នានេះ ចិនកំពុងសិក្សាលើគម្រោងជីកព្រែកពីឃុំស្រែអំបិល ស្រុកស្អាង ខេត្តកណ្តាល តម្រង់ទៅខេត្តកែប កាត់តាមខេត្តតាកែវ ដើម្បីសម្រួលដំណើរដល់កងនាវាចរណ៍ចេញចូល ចៀសឆ្លងកាត់តាមប្រទេសយៀកណាម។
គួរបញ្ជាក់ថា សាធារណរដ្ឋសង្គមនិយមយៀកណាម បានស្ថាបនាបញ្ជាការដ្ឋានមូលដ្ឋាននាវាចរណ៍ទី៥ របស់ខ្លួននៅលើកោះត្រល់ ឬហៅថា ភូគួក ដែលស្ថិតនៅចម្ងាយប្រមាណ ១៥គីឡូម៉ែត្រពីខេត្តកំពត។
បន្ថែមលើនេះ ចិនបានសង់មណ្ឌលហ្វឹកហ្វឺនកងកាំភ្លើងធំ និងកាំជ្រួច ក្នុងទឹកដីខេត្តកំពង់ឆ្នាំង ជាប់ខេត្តកំពង់ស្ពឺ ហើយគ្រោងនឹងសង់ថ្នល់ទំនើបពីខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ធំ សម្រាប់ធ្វើចលនាកងទ័ពចល័ត។ នេះមិនទាន់និយាយអំពីសម្បទានដីសេដ្ឋកិច្ច និងរ៉ែមាសតាមតំបន់ភ្នំ ដែលរាជរដ្ឋាភិបាលឲ្យក្រុមហ៊ុនចិនធ្វើអាជីវកម្ម សងគុណចិនដែលឲ្យជំពាក់បំណុលវ័ណ្ឌកនោះផង។
ក្នុងទិសដៅពង្រីកឥទ្ធិពលតទៅមុខទៀត ក្រុងប៉េកាំង ប្រើប្រាក់ជាត្រីមុខដៅយកមេដឹកនាំប្រទេសក្រៗ ហើយពុករលួយ ដើម្បីទិញទឹកចិត្ត។ បន្ទាប់មក តម្រូវឲ្យកូនបំណុលជួយបំពេញបំណងតបវិញជារបៀបរកទីតាំងបម្រើយុទ្ធសាស្ត្រសម្រាប់ប្រយោជន៍របស់ខ្លួន។
សម័យសង្គមរាស្ត្រនិយម សម្តេចព្រះ នរោត្តម សីហនុ សុខព្រះទ័យយកជំនួយចិនដើម្បីយកទៅជួយកូនអុកយៀកណាមខាងជើង ហើយសង្ឃឹមថា ប្រទេសកុម្មុយនីស្តទាំងពីរនឹងការពារឲ្យព្រះអង្គបានសុខ។ សម័យនេះ លោក ហ៊ុន សែន សុខចិត្តយកជំនួយចិនដើម្បីឲ្យចិនជួយការពារអំណាចទប់ទល់នឹងក្រុមប្រឆាំង។
កំពង់ផែសមុទ្រខេត្តកំពត ក៏ដូចជានៅរាម មានជម្រៅជិត ១៥ម៉ែត្រទៅក្នុងទឹក មានស្ពានចាក់សសរលយចូលទៅសមុទ្រ ហៅតាមអង់គ្លេសថា pier ចំនួនពីរ ប្រវែងពី ៣៥៥ ទៅ ៣៦៣ម៉ែត្រ មានសណ្ឋានដូចផែសមុទ្រនៅប្រទេសជីប៊ូទី ទ្វីបអាហ្វ្រិកខាងកើតសុទ្ធសាធ ដែលសង់សម្រាប់នាវាផ្ទុកយន្តហោះចូលអែបសំចតសងខាង ដូចជា៖
- នាវាផ្ទុកយន្តហោះឈ្មោះ Liaoning CV-16 ប្រវែង ៣០៤ម៉ែត្រកន្លះ ផ្ទុកយន្តហោះចម្បាំងចំនួនពី ១៨ ទៅ ២៤គ្រឿង
- នាវាផ្ទុកយន្តហោះឈ្មោះ Shandong CV-17 ប្រវែង ៣០៤ម៉ែត្រកន្លះ ផ្ទុកយន្តហោះចម្បាំងចំនួន ៣២គ្រឿង
- និងនាវាផ្ទុកយន្តហោះឈ្មោះ Fujian CV-18 ប្រវែង ៣០៤ម៉ែត្រកន្លះ ផ្ទុកយន្តហោះចម្បាំងចំនួន ៦០គ្រឿង។
នៅតារាសាគរ ខេត្តកោះកុង ចិនស្ថាបនាអាកាសយានដ្ឋានអន្តរជាតិប្រវែង ៣២០០ម៉ែត្រ លើផ្ទៃដីទំហំ ៤៥០គីឡូម៉ែត្រការ៉េ សម្រាប់យន្តហោះដឹកអ្នកដំណើរធុនធ្ងន់ប្រភេទ Boeing 747 និងប្រភេទ Airbus 380 វែងជាងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ២០០ម៉ែត្រ វែងជាងវាលយន្តហោះសៀមរាប ៥០០ម៉ែត្រ វែងជាងវាលយន្តហោះក្រុងហូជីមិញ ១៥២ម៉ែត្រ តែខ្លីជាងវាលយន្តហោះអន្តរជាតិថៃ សុវណ្ណភូមិ ៥០០ម៉ែត្រ។
អមដោយការស្ថាបនាកំពង់ផែទឹកជ្រៅមួយនៅទីនោះ គេសួរថា តើសំណង់អាកាសយានដ្ឋានអន្តរជាតិដ៏ធំក្នុងខេត្តមានប្រជាពលរដ្ឋតែប្រមាណ ១សែននាក់នោះ ធ្វើឡើងសម្រាប់ទេសចរឬ?
អ្នកជំនាញនិយាយថា ផ្លូវយន្តហោះធុនធំចុះឡើងប្រវែងជាង ៣គីឡូម៉ែត្រ អាចឲ្យយន្តហោះចម្បាំងចុះឡើងបានដូចគ្នា។ ចិនមិនត្រឹមតែយកស្រុកខ្មែរបង្ហាញឥទ្ធិពលខ្លួនប៉ុណ្ណោះទេ។ តាមសេចក្តីរាយការណ៍ពីវិទ្យាស្ថាន Rand Corp នាខែធ្នូ ឆ្នាំ២០២២ ក្រុងប៉េកាំង បានព្យាយាមចង់បានប្រទេសបង់ក្លាដេស ភូមា និងប៉ាគីស្ថាន បន្ថែមទៀត។ ចំពោះភូមិសាស្ត្រត្រង់ចំណុចនេះ ប្រទេសឥណ្ឌា មើលឃើញថា ចិនដូចជាបែងក្រឡាឡោមព័ទ្ធរារាំងគោលនយោបាយឥណ្ឌា “សម្ដែងទៅខាងកើត” (Act East) បន្ថែមទៅនឹងទីតាំងចិនក្នុងមូលដ្ឋាននាវាចរណ៍នៅរាម។
ក្នុងមហាសមុទ្រឥណ្ឌា ចិនសាងសង់រចនាសម្ព័ន្ធនៅប្រទេសសិរីលង្កា កោះម៉ាល់ឌីវ ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កោះសល់ឡូម៉ុន ដែលស្ថិតនៅចម្ងាយ ២ពាន់គីឡូម៉ែត្រពីប្រទេសអូស្ត្រី។
សេចក្តីរាយការណ៍នៃសារព័ត៌មាន Asia Times កាលពីខែកក្កដា ឆ្នាំ២០២៣ គេបានឃើញសកម្មភាពរួមគ្នារវាងភូមា និងចិន ស្ថាបនាផ្លូវយន្តហោះចុះឡើងប្រវែង ២៣០០ម៉ែត្រ សង់ជម្រកចតយន្តហោះ សង់ស្ថានីយវិទ្យុទាក់ទង ព្រមទាំងសកម្មភាពបញ្ជូនសារសញ្ញាចេញពីកោះមួយចំនួនក្នុងសមុទ្រអាន់ដាម៉ាន់ ក្នុងមហាសាគរឥណ្ឌា ក្បែរកោះនីកូប (Nicobar) ដូចជាកោះកូកូ កោះម៉ាណង ហាំងជី ហ្សាដិតគី ហើយនិងសំណង់ស្ថានីយរ៉ាដានៅមូលម៉េន និងមើរហ្គុយ ក្បែរទីក្រុងយ៉ាំងហ្គោន ឬរ៉ង់ហ្គោន។
ពីស្ថានីយទាក់ទងលើកោះកូកូ គេអាចការពារផ្លូវសេដ្ឋកិច្ចភូមា–ចិនពីកំពង់ផែខ្យោកភ្យូ ដល់ខេត្តយុនណាន ប្រទេសចិន។ ពីមូលដ្ឋានរាម ចិនអាចឃាំងបិទខ្ទប់ដំណើរនាវាចរណ៍សហរដ្ឋអាមេរិកនៅច្រកម៉ាឡាកា។
អ្នកវិភាគយោធាបរទេសប្រាប់សារព័ត៌មានជប៉ុន Nikkei ថា បើសិនជាមានហេតុការណ៍តានតឹងតាមផ្លូវសមុទ្រក្នុងលំហសមុទ្រចិនខាងត្បូង ឬច្រកម៉ាឡាកា រវាងចិន និងសហរដ្ឋអាមេរិក ក្រុងវ៉ាស៊ីនតុន អាចទម្លាក់គ្រាប់បែកកម្ទេចមូលដ្ឋានរាម។
ចំពោះហេតុការណ៍រឿងរ៉ាវពិពណ៌នាកន្លងមកចុងក្រោយអម្បាញ់មិញនេះ ពលរដ្ឋភូមា បានងើបតវ៉ាប្រឆាំងយ៉ាងក្តៅគគុកចំពោះគោលនយោបាយរដ្ឋការយោធា ដែលចងសម្ព័ន្ធភាពជាមួយចិន ឲ្យចិនទាញយកផលប្រយោជន៍យុទ្ធសាស្ត្ររបស់គេ ហើយឲ្យពលរដ្ឋភូមារងទុក្ខខ្លោចផ្សា។ សេចក្តីរាយការណ៍សរសេរដោយ សុទ្ធៈ រ៉ាម៉ាចន្ទ្រាន់ ផ្សាយក្នុងព្រឹត្តិបត្រ Jamestown Foundation ឲ្យដឹងថា មានការប៉ះទង្គិចរវាងកងទ័ព និងប្រជាពលរដ្ឋចំនួន ៧៨០០លើកនៅទូទាំងប្រទេស ៣០០លើកនៅទីតាំងគម្រោងការដ្ឋានក្រុមហ៊ុនចិន ១០០លើកនៅតាមទីប្រជុំជនដែលមានបំពង់បង្ហូរប្រេងឥន្ធនៈ និងឧស្ម័នធម្មជាតិរបស់ក្រុមហ៊ុនចិន។
នៅប្រទេសកម្ពុជា ក្រុមហ៊ុន បុគ្គលិកយោធាយៀកណាម ក្រុមហ៊ុន បុគ្គលិកយោធាចិន ធ្វើអ្វីបានតាមចិត្ត ដោយបំពានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ១៩៩១ និងមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ប៉ុន្តែពលរដ្ឋខ្មែរ ទាំងបក្សនយោបាយ ទាំងប្រជាពលរដ្ឋធ្វើធម្មតា ត្រជាក់រហឹម។ ក្នុងពេលជាមួយគ្នានេះ បញ្ជាការដ្ឋានកងអង្គរក្សបានផ្តល់កម្លាំងរាប់រយនាក់ជួយការពារដីចម្ការអំពៅ ចេក ដីរ៉ែមាស ដែលក្រុមហ៊ុនចិនធ្វើអាជីវកម្មយ៉ាងពេញទំហឹងថែមទៀតផង។
តើចំណេះនឹងជិះកគេ ឬជិះកយើងទៅថ្ងៃមុខ?
ទស្សនវិទូអាមេរិកាំង លោក Henry David Thoreau (១៨១៧-១៨៦២) រំឭកជាតិសាសន៍លោកថា៖ “ត្រូវចេះគិតខ្លួនឯង បើមិនដូច្នោះទេ អ្នកដទៃនឹងគិតជំនួសខ្លួនអ្នក ដោយមិនគិតពីខ្លួនអ្នកឡើយ”៕