សភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បោះឆ្នោតទម្លាក់លោក Kevin McCarthy ចេញពីតំណែងជាប្រធានរដ្ឋសភា ដែលជាលទ្ធផលកើតចេញពីជម្លោះផ្ទៃក្នុងនៅក្នុងគណបក្សសាធារណរដ្ឋ។
លោក McCarthy ត្រូវបានបោះឆ្នោតទម្លាក់ពីតំណែងក្នុងសំឡេងគាំទ្រ ២១៦ ទល់នឹង ២១០សំឡេងជំទាស់កាលពីល្ងាចថ្ងៃអង្គារ ក្នុងសប្ដាហ៍នេះ។
អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មាន បានហៅព្រឹត្តិការណ៍នេះថាជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលសភាតំណាងរាស្ត្របោះឆ្នោតដកតំណែងប្រធានរបស់ខ្លួន។
ការបោះឆ្នោតទម្លាក់លោក McCarthy ពីតំណែងប្រធានរដ្ឋសភា ចំពេលដែលអាណត្តិសភាថ្មីបានដើរពាក់កណ្ដាលអាណត្តិ។
នៅក្នុងការបោះឆ្នោតនេះ សមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋ ៨រូបបានចែកផ្លូវជាមួយលោក McCarthy ទៅចូលរួមជាមួយសមាជិកសភាមកពីបក្សប្រជាធិបតេយ្យ ២០៨រូប ក្នុងការដកតំណែងរូបលោក McCarthy។ យ៉ាងនេះក្ដី លោក McCarthy បានប្រាប់អ្នកសារព័ត៌មានថា លោកមិនចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានសភាតំណាងរាស្ត្រជាថ្មីនោះទេ។
លោក McCarthy ត្រូវបានទម្លាក់ចេញពីតំណែងបន្ទាប់ពីតំណាងរាស្ត្រម្នាក់នៅក្នុងគណបក្សសាធារណរដ្ឋ គឺលោក Matt Gaetz បានដំណើរការនីតិវិធីបោះឆ្នោតដកតំណែងលោក McCarthy។
លោក Matt Gaetz គឺជាមិត្តរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី។ បុរសនេះបានដាក់ញត្តិផ្ចុងផ្ដើមឱ្យដកលោក McCarthy ចេញពីតំណែង ហើយបានចោទលោក McCarthy លម្អៀងទៅរកសមាជិកព្រឹទ្ធសភាមកពីបក្សប្រជាធិបតេយ្យ ដែលផ្ដល់ឱកាសឱ្យរដ្ឋាភិបាលលោក ចូ បៃដិន បានរួចផុតពីការបិទដំណើរការ ដោយព្រឹទ្ធសភាបើកផ្លូវឱ្យរដ្ឋការលោក បៃដិន បន្តការងាររបស់ខ្លួនប្រចាំថ្ងៃមួយរយៈទៀត គឺរហូតថ្ងៃទី១៧ វិច្ឆិកា ទើបសភាពិនិត្យឡើងវិញនូវច្បាប់សារពើពន្ធរបស់រដ្ឋាភិបាល ហើយបើពុំនោះទេ ត្រូវបិទរដ្ឋាភិបាល។
គណបក្សសាធារណរដ្ឋ គ្រោងនឹងបើកកិច្ចប្រជុំមួយនៅថ្ងៃទី១០ ខែតុលា ដើម្បីពិភាក្សាពីអ្នកត្រូវបន្តវេនពីលោក McCarthy ខណៈការបោះឆ្នោតជ្រើសរើសប្រធានសភាតំណាងរាស្ត្រថ្មី អាចនឹងធ្វើឡើងនៅថ្ងៃទី១១ ខែតុលា សប្ដាហ៍ក្រោយនេះ។ គណបក្សសាធារណរដ្ឋ គឺជាអ្នកគ្រប់គ្រងរដ្ឋសភាដោយមានសមាជិក ២២១នាក់ទល់នឹងសមាជិកចំនួន ២១២នាក់នៃគណបក្សប្រជាធិបតេយ្យ។
លោក McCarthy បានក្លាយជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិកនៅក្នុងការបោះឆ្នោតកាលពីខែមករា ឆ្នាំ២០២៣ បន្ទាប់ពីមានការបោះឆ្នោតជាច្រើនជុំដែលនៅក្នុងការបោះឆ្នោតនោះ លោក Matt Gaetz និងសមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀតបានប្រឆាំងនឹងបេក្ខភាពរបស់លោក។
សម្បទានមួយដែលឈានទៅដល់ការបោះឆ្នោតចុងក្រោយឱ្យលោក McCarthy ធ្វើជាប្រធានរដ្ឋសភា គឺការយល់ព្រមឱ្យសមាជិករដ្ឋសភាណាតែម្នាក់ប៉ុណ្ណោះអាចស្នើឱ្យមានការបោះឆ្នោតដកតំណែងប្រធានរដ្ឋសភារូបនេះបាន បើករណីចាំបាច់។ ដូចនេះហើយបានជាលោកតំណាងរាស្ត្រ Matt Gaetz ប្រើសិទ្ធិរបស់លោកដ៏លឿនរហ័សនេះ ធ្វើញត្តិទាំងយប់កាលពីយប់ថ្ងៃចន្ទបញ្ជូនចូលទៅរដ្ឋសភា។
ភ្លាមៗ គណបក្សសាធារណរដ្ឋបានសម្រេចឱ្យលោកតំណាងរាស្ត្រ Patrick McHenry ជាប្រធានរដ្ឋសភាស្ដីទី ព្រោះលោក McHenry ស្ថិតនៅលេខរៀងទី២ នៃបេក្ខជនប្រធានរដ្ឋសភាមកពីបក្សសាធារណរដ្ឋបន្ទាប់ពីលោក McCarthy។
ការដកហូតតំណែងប្រធានរដ្ឋសភាពីលោក McCarthy ក្នុងពាក់កណ្ដាលអាណត្តិសភា បាននាំឱ្យមានការចោទសួរថា អ្វីនឹងកើតឡើង ហើយអ្នកតំណាងរាស្ត្រមកពីបក្សសាធារណរដ្ឋណាមួយនឹងក្លាយជាប្រធានរដ្ឋសភាផ្លូវការរបស់សហរដ្ឋអាមេរិក ខណៈផ្ទៃក្នុងនៃគណបក្សសាធារណរដ្ឋកំពុងដើរលើផ្លូវបែកបាក់។
ជាមួយគ្នានោះដែរ តាមការឱ្យដឹងពីអ្នកនាំពាក្យសេតវិមាន អ្នកស្រី Karine Jean-Pierre លោកប្រធានាធិបតី ចូ បៃដិន សង្ឃឹមថាសភាតំណាងរាស្ត្រគ្រប់គ្រងដោយបក្សសាធារណរដ្ឋ នឹងបោះឆ្នោតជ្រើសតាំងប្រធានរដ្ឋសភាថ្មីក្នុងពេលឆាប់ៗនេះ ដោយមិនទុកឱ្យការងាររបស់រដ្ឋសភាជាប់គាំងនោះទេ៕