ក្រុមអ្នកវិភាគព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នេះ កំពុងប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរ ព្រោះឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជានៅខ្វះថវិការាប់ពាន់លានដុល្លារអាមេរិកទៀតដើម្បីបង្គ្រប់ផែនការចំណាយរបស់ខ្លួន ដូច្នេះហើយបានជានៅចុងឆ្នាំនេះ រដ្ឋាភិបាលដាក់ផែនការរឹតបន្តឹងការប្រមូលពន្ធពីប្រជាពលរដ្ឋយ៉ាងតក់ក្រហល់បែបនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៤ តុលា នេះថា រដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការចំណាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ចំនួន ៩,៦៤ពាន់លានដុល្លារអាមេរិក ប៉ុន្តែការរំពឹងពីប្រមូលពន្ធ គឺមានចំនួនតែប្រមាណ ៧,២១ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ គឺមានន័យថា រដ្ឋាភិបាលនៅខ្វះថវិកាសម្រាប់បង្គ្រប់ការចំណាយដល់ទៅ ២,៤៣ពាន់លានដុល្លារអាមេរិកទៀត ទើបមានតុល្យភាពនឹងការចំណាយរបស់ខ្លួន។
បណ្ឌិត មាស នី លើកឡើងថា តួលេខ ៧,២១ពាន់លានដុល្លារអាមេរិកពីការប្រមូលពន្ធនេះ គឺគ្រាន់តែជាតួលេខរំពឹងទុកប៉ុណ្ណោះ ប៉ុន្តែការប្រមូលពន្ធជាក់ស្តែងក្នុងរយៈពេល ៦ខែដំបូងនៅដើមឆ្នាំ២០២៣ នេះ រដ្ឋាភិបាលអាចប្រមូលពន្ធបានត្រឹមតែជាង ២ពាន់លានដុល្លារប៉ុណ្ណោះ ក្នុងនោះបើគិតរហូតដល់ចុងឆ្នាំ២០២៣ រដ្ឋាភិបាលទំនងជាអាចប្រមូលពន្ធបានត្រឹមតែប្រមាណជា ៣,៥៧ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ គឺមានន័យថារដ្ឋាភិបាលកំពុងប្រឈមនឹងការខ្វះខាតថវិកាក្នុងការចំណាយរបស់ខ្លួនធ្ងន់ធ្ងរនៅឆ្នាំនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបញ្ជាក់ថា ដើម្បីទប់ទល់នឹងការចំណាយក្នុងឆ្នាំ២០២៣ នេះ រដ្ឋាភិបាលបានប្រើប្រាស់ប្រាក់សន្សំរបស់ខ្លួនប្រមាណ ៦០០លានដុល្លារអាមេរិករួចហើយកាលពីពេលកន្លងទៅ ដូច្នេះកម្ពុជានៅពេលនេះ កុំថាឡើយប្រមូលថវិកាឱ្យគ្រប់ការចំណាយរបស់ខ្លួនដែលមានចំនួនជាង ៩ពាន់លានដុល្លារនោះ សូម្បីប្រមូលឱ្យបានគ្រប់ ៧,២១ពាន់លានដុល្លារអាមេរិក ក៏ប្រមូលមិនបានផងសម្រាប់ឆ្នាំ២០២៣ នេះ។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋ លោក គឹម សុខ បានលើកឡើងក្នុងកិច្ចពិភាក្សានេះដែរថា ការអនុម័តថវិកាជាតិសម្រាប់ចំណាយរបស់រដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកន្លងមក គឺគ្រាន់តែជាថវិកាសម្រាប់ដោះស្រាយចរន្តហិរញ្ញវត្ថុរបស់រដ្ឋាភិបាលនេះឱ្យដំណើរការប៉ុណ្ណោះ មិនមែនជាថវិកាដែលរដ្ឋាភិបាលអនុម័តដើម្បីជំរុញ ឬស្ដារសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានោះទេ ព្រោះថាថវិកាជាតិដែលប្រមូលបានគ្រប់ច្រក ដូចជាការប្រមូលពន្ធ ជាដើម គឺផ្គត់ផ្គង់តែរដ្ឋាភិបាលមិនគ្រប់ផង ខណៈលុយសម្រាប់អភិវឌ្ឍប្រទេស គឺមានតែខ្ចីបុលបរទេសប៉ុណ្ណោះ។
លោក គឹម សុខ អះអាងថា កន្លងមក រដ្ឋាភិបាលកម្ពុជាតែងអនុម័តថវិកាសម្រាប់ចំណាយក្នុងមួយឆ្នាំប្រមាណជា ៨ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ក្នុងនោះរដ្ឋាភិបាលឯកបក្សមួយនេះតែងរំពឹងពីការប្រមូលពន្ធប្រមាណជា ៤ពាន់លានដុល្លារអាមេរិក ចំណែក ២ពាន់លានដុល្លារអាមេរិកទៀត គឺរំពឹងទទួលបានពីការវិនិយោគរបស់រដ្ឋាភិបាលដោយផ្ទាល់ ខណៈ ២ពាន់លានដុល្លារអាមេរិកទៀត គឺរដ្ឋាភិបាលតែងរំពឹងពីការខ្ចីបុលបរទេសរហូតមក។
អ្នកវិភាគនយោបាយរូបនេះបញ្ជាក់ថា ក្នុងដំណាក់កាលនេះ ប្រទេសជិតខាងមិនបានផ្តល់កម្ចីឱ្យប្រទេសកម្ពុជាតាមការស្នើសុំរបស់នាយករដ្ឋមន្ត្រីខ្មែរទេ សូម្បីប្រទេសចិនដែលជាមិត្តដែកថែបរបស់កម្ពុជាក៏ដោយ ដូច្នេះហើយបានជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារចេញវិធានការរឹតបន្តឹងការប្រមូលពន្ធ ដោយប្រើយុទ្ធសាស្ត្រ ១០០ថ្ងៃ ដើម្បីបង្គ្រប់ការចំណាយក្នុងឆ្នាំ២០២៣ នេះ។
លោក គឹម សុខ គូសបញ្ជាក់ថា ការចេញវិធានការរឹតបន្តឹងការប្រមូលពន្ធដោយប្រើយុទ្ធសាស្ត្រ ១០០ថ្ងៃនេះ បានបង្ហាញថា រដ្ឋាភិបាលថ្មីនេះកំពុងខ្វះលុយសម្រាប់ប្រើប្រាស់ក្នុងការចំណាយរបស់ខ្លួនធ្ងន់ធ្ងរ ដូច្នេះលោកមិនរំពឹងថា សេដ្ឋកិច្ចកម្ពុជាអាចងើបពីឱនភាពនោះទេ ខណៈសេដ្ឋកិច្ចកម្ពុជាតាំងពីជំនាន់ដឹកនាំរបស់លោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត នៅពេលនេះ គឺជាសេដ្ឋកិច្ចសុំគេរស់ប៉ុណ្ណោះ មិនមែនជាសេដ្ឋកិច្ចប្រកួតប្រជែងនោះឡើយ។
ជុំវិញបញ្ហានេះ អគ្គនាយកដ្ឋានពន្ធដារកម្ពុជា បានចេញរបាយការណ៍ស្ដីពីការប្រមូលពន្ធសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នេះថា ក្នុងរយៈពេល ៧ខែនៅដើមឆ្នាំ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធបានតែជាង ២,៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារលោក គង់ វិបុល បានលើកឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ថា ទោះកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពមួយដែលលំបាក និងសេដ្ឋកិច្ចថមថយក៏ដោយ ប៉ុន្តែចំណូលពន្ធដារត្រូវតែជំរុញឱ្យឡើងពី ៣៥០០លានដុល្លារអាមេរិកទៅ ៤១៦០លានដុល្លារអាមេរិកទៅតាមផែនការកំណត់ ដូច្នេះ ចង់មិនចង់ អគ្គនាយកដ្ឋានពន្ធដារត្រូវតែលាត់ដៃអាវ មូរជើងខោប្រមូលចំណូលពន្ធឱ្យបានគ្រប់ផែនការនៅឆ្នាំ២០២៣ នេះ។
ទាក់ទិននឹងបញ្ហានេះ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋសភាឯកបក្សរបស់គណបក្សប្រជាជនកម្ពុជា បានអនុម័តសេចក្តីព្រាងច្បាប់ថវិកាជាតិសម្រាប់ឆ្នាំ២០២៣ ចំនួន ៩,៦៤ពាន់លានដុល្លារអាមេរិក ក្នុងនោះផែនការប្រមូលចំណូលត្រឡប់មកវិញ រដ្ឋាភិបាលក៏គ្រោងប្រមូលឱ្យបាន ៧,២ពាន់លានដុល្លារអាមេរិកផងដែរ ប៉ុន្តែជាក់ស្តែង ក្នុងរយៈពេល ៧ខែនៅដើមឆ្នាំ២០២៣ នេះ រដ្ឋាភិបាលប្រមូលចំណូលពន្ធបានត្រឹមតែជាង ២,៣ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕