ប្រធានសហជីពសេរីកម្មករដែលទើបជាប់ឆ្នោតរបស់ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ សេង បូ ចេញធ្វើកូដកម្មទាមទារឱ្យក្រុមហ៊ុនទទួលយកខ្លួនធ្វើការងារវិញ បន្ទាប់ពីក្រុមហ៊ុននេះបានរំលោភសិទ្ធិការងារបញ្ឈប់ខ្លួន និងអ្នកពាក់ព័ន្ធទាំងអយុត្តិធម៌អស់រយៈពេលជាង ៥ខែមកហើយ។
ប្រធានសហជីពសេរីកម្មកររបស់ក្រុមហ៊ុន សេង បូ អ្នកស្រី រឿន កុលាប ចេញធ្វើកូដកម្មនៅមុខរោងចក្រ សេង បូ (សេង បូ ហ្កាមិន ខេមបូឌា ឯ.ក) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ ដោយអះអាងថា អ្នកស្រីត្រូវបានក្រុមហ៊ុនមួយនេះបញ្ឈប់ពីការងារទាំងអយុត្តិធម៌ បន្ទាប់ពីអ្នកស្រីប្រមូលបុគ្គលិកក្នុងរោងចក្របង្កើតសហជីពក្នុងបំណងការពារសិទ្ធិកម្មករដែលក្រុមហ៊ុនតែងធ្វើទុក្ខបុកម្នេញកន្លងមក ដូចជា ការបើកប្រាក់ខែយឺត និងការកាត់យកប្រាក់ខែកម្មករដោយគ្មានមូលហេតុរាល់ពេលបើកលុយនៅចុងខែជាដើមនាពេលកន្លងមក។
អ្នកស្រី រឿន កុលាប អះអាងថា ការបង្កើតសហជីពនេះ អ្នកស្រីត្រូវបានសមាជិក ១១នាក់ជ្រើសរើសជាប្រធាន ចំណែកលោក ហាក់ ហៀង ជាអនុប្រធាន និងលោក ឈឹម កក្កដា ជាអនុប្រធានផងដែរ ប៉ុន្តែអ្នកទាំង ៣នាក់ត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារភ្លាមៗក្រោយការបង្កើតសហជីពនេះ។
អ្នកស្រីបន្ថែមថា ក្រោយមក ក្រុមហ៊ុនបានអនុញ្ញាតឱ្យអនុប្រធានសហជីពលោក ហាក់ ហៀង ចូលធ្វើការងារវិញ ខណៈអ្នកស្រី រឿន កុលាប និងលោក ឈឹម កក្កដា មិនត្រូវបានក្រុមហ៊ុនអនុញ្ញាតឱ្យធ្វើការវិញទេ ក្រោមហេតុផលថា អ្នកទាំងពីរដាក់ពាក្យបន្តកិច្ចសន្យាធ្វើការងារមិនទាន់ពេល។
អ្នកស្រី រឿន កុលាប បញ្ជាក់ថា កិច្ចសន្យាបន្តកុងត្រាការងារ គឺអ្នកស្រីបានដាក់ទៅឱ្យក្រុមហ៊ុនជាមួយនឹងលោក ហាក់ ហៀង ក្នុងសំណុំឯកសារតែមួយ ប៉ុន្តែភាគីខាងក្រុមហ៊ុនបែរជាដោះសាថាទទួលបានតែកិច្ចសន្យាបន្តការងាររបស់លោក ហាក់ ហៀង ប៉ុណ្ណោះ មិនទទួលបានឯកសាររបស់អ្នកស្រី និងលោក ឈឹម កក្កដា ឡើយ។
ជាងនេះទៀត អ្នកស្រី រឿន កុលាប គូសបញ្ជាក់ថា បើការបញ្ឈប់អ្នកស្រីដោយសារតែផុតកុងត្រាការងារ ហេតុអ្វីក្រុមហ៊ុនបញ្ឈប់អ្នកស្រីនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ខណៈកិច្ចសន្យាការងាររបស់អ្នកស្រី និងក្រុមហ៊ុនបានផុតតាំងពី ២ថ្ងៃមុនមកម្ល៉េះ គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ នោះ។
ប្រធានសហជីពសេរីកម្មកររូបនេះអះអាងថា បើតាមហេតុផលខាងលើនេះ គឺអាចបញ្ជាក់បានថា ក្រុមហ៊ុនបញ្ឈប់អ្នកស្រីមិនមែនដោយសារផុតកិច្ចសន្យាការងារទេ គឺដោយសារតែពួកគេមានបំណងមិនឱ្យអ្នកស្រីដឹកនាំកម្មករបង្កើតសហជីពក្នុងរោងចក្រប៉ុណ្ណោះ ក្នុងចេតនាដើម្បីឱ្យពួកគេអាចគាបសង្កត់កម្មករតាមអំពើចិត្តដូចដែលពួកគេធ្លាប់ធ្វើកន្លងមកបន្តទៀត។
ក្រុមហ៊ុន សេង បូ ហ្កាមិន ខេមបូឌា ឯ.ក ជាក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងស្ថិតនៅភូមិពោធិ៍កោង សង្កាត់ព្រះស្រែ ក្រុងឧត្តុងម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលមានថៅកែជាជនជាតិចិន។ ក្រុមហ៊ុននេះបានដំណើរការចាប់តាំងពីអំឡុងខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ដែលមានកម្មករនិយោជិតបម្រើការងារប្រមាណ ៥០០នាក់ ដោយនាំចេញផលិតផលរបស់ខ្លួនទៅកាន់សហភាពអឺរ៉ុប។
កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមកម្មកនិយោជិតក្រុមហ៊ុន សេង បូ បាននាំគ្នាបង្កើតសហជីពដែលមានសមាជិក ១១នាក់ ដោយបោះឆ្នោតជ្រើសរើសអ្នកស្រី រឿន កុលាប ជាប្រធាន ប៉ុន្តែនៅថ្ងៃទី៣០ មិថុនា អ្នកស្រីត្រូវបានក្រុមហ៊ុនបញ្ឈប់ពីការងារ និងអ្នកពាក់ព័ន្ធនៅថ្ងៃបន្តបន្ទាប់មកទៀត ក្នុងនោះសហជីពសេរីកម្មករកម្ពុជា (FTUWKC) ក៏បានដាក់លិខិតសុំការអន្តរាគមន៍ពីនាយកដ្ឋានដោះស្រាយវិវាទការងារផងដែរ ប៉ុន្តែនៅតែគ្មានដំណោះស្រាយសម្រាប់អ្នកស្រី រឿន កុលាប នៅឡើយ។
រហូតដល់ថ្ងៃទី១២ ខែកញ្ញា អ្នកស្រី រឿន កុលាប សម្រេចដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តកំពង់ស្ពឺ តែម្តង ហើយពាក្យបណ្តឹងនេះកំពុងដំណើរការតាមផ្លូវតុលាការនៅពេលនេះ។
អ្នកគ្រប់គ្រងផ្នែកការងារនៃមជ្ឈមណ្ឌលការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៦ វិច្ឆិកា នេះថា ការបន្តរំលោភសិទ្ធិការងារក្នុងរោងចក្រនៅប្រទេសកម្ពុជា នៅតែបន្តកើតមានច្រើនទ្បើងៗពីសំណាក់ថៅកែក្រុមហ៊ុន ដែលពួកគេមិនបានខ្វល់ខ្វាយពីការគោរពសិទ្ធិការងារ និងសេរីភាពរបស់សហជីពនោះទេ ហើយករណីនេះនៅតែមិនទាន់មានដំណោះស្រាយនៅឡើយក្រោមវិធានការរបស់ក្រសួងការងារ នាពេលកន្លងមក។
លោក ឃុន ថារ៉ូ លើកឡើងថា ផ្អែកតាមការស្រាវជ្រាវរបស់អង្គការសង់ត្រាល់ តាំងពីឆ្នាំ២០២១ មក មានសកម្មជន និងថ្នាក់ដឹកនាំសហជីពជាង ១ពាន់នាក់ហើយ (១៥០២នាក់) ដែលកំពុងបម្រើការងារក្នុងរោងចក្រ ៤៦កន្លែង ត្រូវបានបញ្ឈប់ពីការងារដោយខុសនីតិវិធី និងទទួលរងការធ្វើទុក្ខបុកម្នេញពីថៅកែរោងចក្រ ដោយការគំរាមកំហែងក្នុងទម្រង់រើសអើងសហជីពទាំងនោះ។
មន្ត្រីជាន់ខ្ពស់សង្គមស៊ីវិលរូបនេះបញ្ជាក់ថា បច្ចុប្បន្ននេះមានកម្មករសរុបជិត ៨០០នាក់ (៧៨០) កំពុងទាមទាររកយុត្តិធម៌ចូលធ្វើការងារវិញ ព្រោះតែការបញ្ឈប់ពីការងារដោយខុសនីតិវិធីរបស់ក្រុមហ៊ុន ដូច្នេះករណីនេះ ក្រសួងការងារត្រូវពិនិត្យឡើងវិញនូវប្រសិទ្ធភាពនៃយន្តការក្នុងការដោះស្រាយវិវាទការងារនៅកម្ពុជា ជាពិសេសការនាំយកវិវាទទៅដោះស្រាយនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាលកន្លងមក៕