តំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន ចោទថាច្បាប់របស់ប្រទេសកម្ពុជាដែលកំពុងក្តោបក្តាប់ដោយរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះ អនុវត្តចំពោះបានតែប្រជាពលរដ្ឋក្រីក្រតូចតាចប៉ុណ្ណោះ ព្រោះច្បាប់នេះកំពុងរស់នៅក្រោមបាតជើងអ្នកមានលុយ និងអ្នកមានអំណាច។
មន្ត្រីជាន់ខ្ពស់អតីតបក្សប្រឆាំងលោក អ៊ុំ សំអាន សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី១៥ មករា នេះថា មន្ត្រីអាជ្ញាធរអប្សរា ២រូបដែលប្រើអំពើហិង្សាលើក្មេងប្រុសដែលលក់សត្វអណ្ដើកនៅមុខប្រាសាទអង្គរវត្ត ត្រូវបានតុលាការខេត្តសៀមរាប ដោះលែងឱ្យមានសេរីភាពវិញហើយ។
លោកបន្ថែមថា អាជ្ញាធរខ្មែរ អ្នកមានលុយ និងអ្នកមានអំណាច តែងតែយកច្បាប់របស់ប្រទេសមកទ្រាប់អង្គុយជានិច្ច ទោះបីជាពួកគេបានប្រព្រឹត្តបទល្មើស ឬបទឧក្រិដ្ឋធ្ងន់ធ្ងរកម្រិតណាក៏ដោយ ក៏គ្មានទោសដែរ ព្រោះពួកគេឃុបឃិតគ្នា។
លោក អ៊ុំ សំអាន លើកឡើងថា ច្បាប់ដែលកំពុងអនុវត្តដោយរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា មិនអានអនុវត្តទៅលើអាជ្ញាធរខ្មែរ អ្នកមានលុយ និងអ្នកមានអំណាចបានទេសព្វថ្ងៃនេះ ប៉ុន្តែប្រសិនបើពួកគេអនុវត្តច្បាប់ទាំងនេះទៅលើអ្នកទាំងនោះ ក៏គ្រាន់តែធ្វើឱ្យល្អមើលប៉ុណ្ណោះ ព្រោះថាបើត្រូវចាប់ខ្លួនអ្នកទាំងនោះដាក់គុកវិញ គឺគ្រាន់តែជាវិធីបំភាន់ភ្នែកប្រជាពលរដ្ឋដែរ ដូចពាក្យដែលប្រជាពលរដ្ឋខ្មែររងគ្រោះតែងនិយាយគ្រប់គ្នាថា ចូលតាមទ្វារមុខ ចេញតាមទ្វារក្រោយ ឬជាប់គុកមួយចម្អែតកំពឹស ជាដើម។
ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីតុលាការដោះលែងមន្ត្រីអាជ្ញាធរជាតិអប្សរា បានប្រើអំពើហិង្សាលើកុមារាមិនទាន់គ្រប់អាយុ ដើម្បីគំរាមក្មេងប្រុសម្នាក់នោះកុំឱ្យលក់សត្វអណ្ដើកឲ្យភ្ញៀវទេសចរនៅមុខប្រាសាទអង្គរបន្តទៀតកាលពីពេលថ្មីៗនេះ។
កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីហ្វេសប៊ុកជាច្រើនបានធ្វើការផ្សព្វផ្សាយនូវវីដេអូមួយដែលបង្ហាញពីការប្រើប្រាស់អំពើហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ទៅលើក្មេងប្រុសដើរលក់សត្វអណ្ដើកនៅក្នុងបរិវេណមុខប្រាសាទអង្គរវត្ត ស្ថិតនៅភូមិក្រវាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយចាប់ទាញកអាវជនរងគ្រោះ និងទះកំផ្លៀងចំសៀតផ្កាមួយដៃ និងទាត់មួយជើងយ៉ាងដំណំ។
ក្រោយការបង្កអំពើហិង្សា និងត្រូវបានអ្នកលេងបណ្ដាញសង្គមផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរា បានចេញសេចក្តីប្រកាសព័ត៌មានសម្រេចដាក់ពិន័យលើបុគ្គលិករបស់ខ្លួនដែលប្រើអំពើហិង្សានោះផងដែរ ដោយតម្រូវឱ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពហិង្សានៅពេលក្រោយទៀត ព្រមទាំងបានណែនាំឱ្យទៅសុំទោសឪពុកម្ដាយ និងកុមាររងគ្រោះដោយផ្ទាល់ថែមទៀត។
ជាងនេះទៀត នៅថ្ងៃទី១៣ ខែមករា អយ្យការអមសាលាដំបូងខេត្តសៀមរាប បានទទួលចាត់ការសំណុំរឿងព្រហ្មទណ្ឌរបស់ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប លើបុគ្គលិកអាជ្ញាធរអប្សរាទាំងពីរនាក់ខាងលើនេះផងដែរ ដែលមានឈ្មោះ សុខ សឿន និងឈ្មោះ ហៃ រដ្ឋា ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
យ៉ាងណាក៏ដោយ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សាលាដំបូងខេត្តសៀមរាប បានសម្រេចឱ្យជនសង្ស័យទាំងពីរនាក់វិលត្រឡប់ទៅលំនៅឋានវិញជាបណ្ដោះអាសន្ន ក្រោមហេតុផលថា ជនរងគ្រោះឈ្មោះ ណុល សំណាង និងបក្ខពួក បាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិណអង្គរ ដែលបានបំពានការហាមឃាត់របស់អាជ្ញាធរអប្សរាដែលបានហាមឃាត់កន្លងមក។
ជាងនេះទៀត អំឡុងពេលហាមឃាត់ ជនរងគ្រោះបានជេរប្រមាថមកលើអាជ្ញាធរទាំងពីរនាក់នេះផងដែរ ដែលជាហេតុធ្វើឱ្យពួកគេមានការខឹងសម្បា និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង ប៉ុន្តែជនសង្ស័យទាំងពីរនាក់ក៏បានសម្ដែងនូវការសោកស្តាយនូវអំពើប្រព្រឹត្តរបស់ខ្លួន និងទទួលស្គាល់កំហុសដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង ផងដែរ។ ជាងនេះទៀត ពួកគេក៏បានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ ព្រមទាំងសងសំណងសមរម្យដល់ជនរងគ្រោះថែមទៀត ខណៈជនរងគ្រោះក៏បានដកពាក្យបណ្ដឹង និងឈប់ប្តឹងក្នុងរឿងនេះដែរ។
មាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ ចែងថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀលទៅ ៦លានរៀល។ ចំណែកស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនា មាត្រា២១៨ ដល់មាត្រា២២២ ចែងថា ជនបង្កត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀលដល់ ១០លានរៀល បើអំពើហិង្សានោះបានប្រព្រឹត្តិដោយមានការគិតទុកជាមុន និងប្រព្រឹត្តលើបុគ្គលទន់ខ្សោយ ដោយមូលហេតុអាយុនៃបុគ្គលនោះ។
ទាក់ទិននឹងបញ្ហានេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានចាត់ទុកទង្វើរបស់បុគ្គលិកអាជ្ញាធរជាតិអប្សរាថាជាទង្វើព្រៃផ្សៃ និងថាទង្វើហិង្សាលើកុមារនេះបានជះផលអវិជ្ជមានជាច្រើនដល់សង្គមជាតិ ពិសេសប៉ះពាល់ដល់វិស័យទេសចរណ៍ផងដែរ។
លោកបន្ថែមថា រូបភាពទាំងនេះមិនគួរកើតមានទេ និងថាការដែលអាជ្ញាធរជាតិអប្សរាបានដាក់ពិន័យត្រឹមវិធានការរដ្ឋបាល មានន័យស្មើនឹងការគាំទ្រអំពើហិង្សាលើកុមារ និងការពារកំហុសរបស់មន្ត្រីខ្លួនប៉ុណ្ណោះ។
ទាក់ទិននឹងបញ្ហានេះ អង្គការសង្គ្រោះកុមារ (Save Children) បានបង្ហាញរបាយការណ៍របស់ខ្លួនថា កុមារកម្ពុជាកំពុងជួបប្រទះនូវបញ្ហាធ្ងន់ធ្ងរ ដូចជា ការប្រើប្រាស់អំពើហិង្សា ការកេងប្រវ័ញ្ចផ្លូវភេទ និងពលកម្មលើពួកគេ ជាដើម ក្នុងនោះ កុមារជាង ៥០ភាគរយ ធ្លាប់ទទួលរងនូវអំពើហិង្សាលើរាងកាយ ហើយ ២៥ភាគរយទទួលរងអំពើហិង្សាលើផ្លូវចិត្ត និងប្រមាណ ៥ភាគរយ ធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវភេទផងដែរ៕