រដ្ឋាភិបាលកម្ពុជា កំណត់យកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ជាថ្ងៃកាន់ទុក្ខផ្លូវការព្រះសពរបស់សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ដោយណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរដ្ឋ និងឯកជន កងកម្លាំងប្រដាប់អាវុធ គ្រប់ទីអារាម និងពលរដ្ឋទូទាំងប្រទេស បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង ព្រមទាំងហាមសម្ដែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយ។
នៅក្នុងសារាចររបស់រដ្ឋាភិបាលកម្ពុជា ក៏បានណែនាំឲ្យគ្រប់ក្រសួង ស្ថាប័ន សាលារៀន មន្ទីរពេទ្យរដ្ឋ និងឯកជន កងកម្លាំងប្រដាប់អាវុធ គ្រប់ទីអារាម និងពលរដ្ឋទូទាំងប្រទេស បង្ហូតទង់ជាតិត្រឹមពាក់កណ្តាលដង។ គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ជាតិ និងឯកជនទាំងអស់ ត្រូវផ្អាកការសម្ដែង និងការចាក់ផ្សាយនូវទស្សនីយភាពផ្សេងៗដែលមានលក្ខណៈសប្បាយគគ្រឹកគគ្រេងក្នុងថ្ងៃទី២៧ ខែកុម្ភៈ នេះ។
ចំពោះការទទួលខុសត្រូវបណ្ដោះអាសន្នខាងពុទ្ធចក្រ ត្រូវបានក្រសួងធម្មការ និងសាសនា សម្រេចប្រគេនឲ្យសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត ដែលបច្ចុប្បន្នជាសម្តេចព្រះសង្ឃនាយកទទួលភារកិច្ចជាសម្តេចព្រះមហាសង្ឃរាជស្តីទី។
រដ្ឋាភិបាលក៏បានបង្កើតគណៈកម្មការរៀបចំបុណ្យព្រះសពមួយជាបន្ទាន់ ដែលគណៈកម្មការនេះដឹកនាំដោយមន្ត្រីសង្ឃជាន់ខ្ពស់នៃប្រទេសកម្ពុជា និងខាងអាណាចក្រដឹកនាំដោយរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្ត្រី។
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានផ្ញើសាររំលែកសមានទុក្ខដ៏ក្រៀមក្រំ និងថាការបាត់បង់សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ជាការបាត់បង់មហាវីរសង្ឃកំពូល ដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តមនៃកសិករ ធ្លាប់ចូលរួមចលនាតស៊ូរំដោះជាតិ និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញវិស័យពុទ្ធសាសនានៅកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។
សាលារាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែកុម្ភៈ បានចេញសេចក្តីជូនដំណឹងឲ្យសាធារណជនបង្វែរការធ្វើចរាចរទៅកាន់ទិសដៅផ្សេង ដោយមិនអនុញ្ញាតឲ្យបើកបរកាត់មុខវត្តឧណ្ណាលោម ដែលជាទីតាំងប្រារព្ធពិធីបុណ្យព្រះសពចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ នេះ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤។
សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានយាងចូលព្រះទិវង្គតនៅវេលាម៉ោង ៥:៤០នាទីល្ងាច ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ ៩៣ព្រះវស្សាដោយរោគាពាធ៕