39 C
Phnom Penh

ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្តេច​ព្រះ​អគ្គ​មហាសង្ឃរាជ ទេព វង្ស នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១២​រោច​ខែ​ពិសាខ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១២​រោច ខែ​ពិសាខ ឆ្នាំ​រោង ឆស័ក ព.ស. ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៣ ខែ​មិថុនា ឆ្នាំ​២០២៤ គឺ ៤​ខែ​ខាងមុខ វេលា​ម៉ោង ០៦:០០​នាទី​ព្រឹក។

ប្រធាន​លេខាធិការដ្ឋាន​គណៈសង្ឃ​នាយក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេច​ព្រះ​ពុទ្ធ​ជ័យ​មុនី ឃឹម សន បាន​មាន​ថេរ​ដីកា​ថា ព្រះរាជ​ពិធី​ដង្ហែ​ព្រះ​បរមសព​សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឆ្ពោះ​ទៅ​កាន់​ទីវាល​ព្រះមេរុ មុខ​វត្ត​បទុមវតីរាជវរារាម ដើម្បី​ប្រារព្ធ​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ក្បែរ​ព្រះបរមរាជវាំង។

នៅ​ថ្ងៃទី​១ នៃ​ព្រះរាជ​ដំណើរ​យាង​ចូល​ព្រះ​ទិវង្គត​សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេច​ព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្ដេចព្រះ​សង្ឃនាយក​សម្ដេច​ព្រះ​សង្ឃ​នាយក​រង សម្ដេច​ព្រះ​រាជាគណៈ ព្រះ​មន្ត្រី​សង្ឃ និង​ព្រះសង្ឃ​សិស្សគណ បង្សុកូល​ឧទ្ទិស​ព្រះរាជ​មហា​កុសល​ថ្វាយ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរមសព សម្ដេចព្រះ​មហាសង្ឃរាជ។

សម្ដេច ឃឹម សន បាន​មាន​ថេរ​ដីកា​បន្ថែម​ថា ចាប់ពី​ថ្ងៃទី​៥ ខែ​មីនា រហូត​ដល់​ថ្ងៃទី​៣០ ខែ​ឧសភា ឆ្នាំ​២០២៤ ព្រះ​មេគណ​រាជធានី ខេត្ត ព្រះ​គ្រូ​អនុគណ បង្សុកូល​តាម​វេន​ជា​ប្រចាំ​រហូត​ដល់​ព្រះរាជ​ពិធី​បុណ្យ​គម្រប់​ខួប ១០០​ថ្ងៃ។

សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្ដេចព្រះ​មហាសង្ឃរាជ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សម្ដេច​ព្រះចៅ​អធិការ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ បាន​យាង​ចូល​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៤ វេលា​ម៉ោង ០៥ និង ៤០​នាទី​ល្ងាច ក្នុង​ព្រះជន្ម ៩៣​ព្រះវស្សា ដោយ​ព្រះ​រោគា និង​ជរាពាធ​នៅ​ក្នុង​វត្ត​ឧណ្ណាលោម សង្កាត់​ជ័យជំនះ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

តាម​ការ​ស្រាវជ្រាវ​អំពី​សាវតារ​សង្ខេប​របស់​ព្រះអង្គ​ពី​ប្រភព​ផ្សេងៗ សម្ដេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស កើត​ឆ្នាំ​១៩៣២ នៅ​ខេត្ត​សៀមរាប ចូល​រៀន​នៅ​សាលា​វត្ត​បូណ៌ ក្នុង​ជន្មាយុ ១១​ឆ្នាំ។ អាយុ ១៦​ឆ្នាំ បួស​នេន ហើយ​ព្រះជន្ម ២១​វស្សា បួស​ភិក្ខុ។ ព្រះអង្គ​សឹក​ក្នុង​របប​ខ្មែរក្រហម ហើយ​សាង​ផ្នួស​វិញ​នៅ​ឆ្នាំ​១៩៧៩ បន្ទាប់ពី​កងទ័ព​យៀកណាម ផ្ដួល​រំលំ​របប​ខ្មែរក្រហម។ ព្រះអង្គ​ជាប់​ឆ្នោត​ជា​តំណាង​ប្រជាជន​បដិវត្តន៍​ប្រចាំ​ខេត្ត​សៀមរាប ហើយ​ក្លាយ​ជា​អនុប្រធាន​សភា​ប្រជាជន​បដិវត្តន៍​នា​ឆ្នាំ​១៩៨១។ សមណសក្តិ​ជា​សង្ឃរាជ ពុំ​មាន​ប្រើ​ទេ​ក្នុង​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ គេ​សម្គាល់​សមណសក្តិ​ត្រឹមតែ​ប្រធាន​គណៈសង្ឃ​ប៉ុណ្ណោះ។

ប្រភព Wikipedia សរសេរ​ថា ឧបជ្ឈា​បំបួស​ព្រះអង្គ ទេព វង្ស គឺ​លោកគ្រូ​ចៅអធិការ​ចាស់​វស្សា កែត វ៉ាយ ប៉ុន្តែ​ក្រោយ​មក​ក៏​លាចាក​សិក្ខាបទ ទុក​តំណែង​ចៅអធិការ​វត្ត​ទៅ​ព្រះអង្គ ទេព វង្ស។ តាម​ប្រភព​ពី​សាក្សី​ខ្មែរ​កម្ពុជា​ក្រោម​មួយ​ចំនួន គេ​ថា​ព្រះសង្ឃ​យៀកណាម ដែល​ធ្លាប់​ជា​សិស្ស​សម្ដេចព្រះ​សង្ឃរាជ ជួន ណាត ហើយ​រត់​គេច​ពី​ការ​មន្ទិល​សង្ស័យ​ថា​មាន​ទាក់ទង​ជាមួយ​ចលនា​យៀកមិញ ទាមទារ​ឯករាជ្យ​ពី​បារាំង ហើយ​ចង់​ក្លាយ​ជា​សង្ឃ​នាយក​លើ​ខ្មែរក្រោម មក​ធ្វើ​ជា​ឧបជ្ឈា​បំបួស​ព្រះអង្គ ទេព វង្ស នា​ឆ្នាំ​១៩៧៩។

ក្នុង​រយៈពេល​មាន​ព្រះជន្ម​ជា​អ្នក​បួស​ជិត ៥០​ឆ្នាំ ទ្រទ្រង់​ព្រះពុទ្ធ​សាសនា​តាំងពី​ក្នុង​របប​គ្រប់គ្រង​បែប​កុម្មុយនីស្ត មក​ដល់​រាជាណាចក្រ​ជា​របប​រាជាធិបតេយ្យ​អាស្រ័យ​ធម្មនុញ្ញ ព្រះអង្គ​ក៏​បាន​ទទួល​ការ​រិះគន់​ពី​ពុទ្ធសាសនិក​ខ្មែរ​ច្រើន​ណាស់​ដែរ។ ខ្មែរ​ខ្លះ​ហៅ​ព្រះអង្គ​ជា​សម្តេច​សង្ឃ ៧​មករា ខ្លះ​ទៀត​ហៅ​ព្រះអង្គ សង្ឃ​អាយ៉ង ពីព្រោះ​មាន​រូបភាព​ដែល​ព្រះអង្គ​សម្ដែង​ការ​គោរព​កោតក្រែង​សំពះ​ជនជាតិ​យៀកណាម​ទាំង​ប្រុស​ទាំង​ស្រី ហាក់បីដូចជា​អ្នក​មាន​គុណូបការៈ​លើ​ព្រះអង្គ​ឥត​មាន​អ្វី​ប្រៀប។

ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ នា​ខែ​កក្កដា ឆ្នាំ​២០០៦ សម្ដេច​ព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី ទេព វង្ស មាន​បន្ទូល​ថា៖ ព្រះអង្គ​ជា​អ្នក​បួស​ក្នុង​ព្រះពុទ្ធ​សាសនា​ប្រកប​ដោយ​ក្តី​សុខ​ស្ងប់​រំងាប់​ក្នុង​កាយ ហើយ​ចង់​ឲ្យ​អ្នក​ដទៃ​បាន​ប្រកប​នឹង​ក្តី​សុខ​ស្ងប់​រំងាប់​ដូច​ព្រះអង្គ​ដែរ។

ព្រះអង្គ​បន្ត​ថា ព្រះអង្គ​ចាត់ទុក​រដ្ឋាភិបាល​កាន់​អំណាច​ជា​ម្ចាស់​ផ្ទះ រីឯ​គណបក្ស​នយោបាយ​ថ្មីៗ​ឯ​ទៀត ជា​ភ្ញៀវ ដូច្នេះ​ប្រទេស​កម្ពុជា​អាច​មាន​គណបក្ស​នយោបាយ​ច្រើន ប៉ុន្តែ​មិន​អាច​មាន​របប​ច្រើន​នោះ​ឡើយ ព្រោះ​បក្ស​ប្រជាជន​កម្ពុជា ជា​បក្ស​ដែល​នាំ​ព្រះពុទ្ធ​សាសនា​មក​វិញ។

ព្រះអង្គ​បន្ថែម​ទៀត​ថា សាសនា​ត្រូវ​ទប់ទល់​ពិចារណា​ធ្វើ​សហការ​ជាមួយ​បក្ស​កាន់​អំណាច រារាំង​អំណាច​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​កូដកម្ម​អ្វី​នោះ​ឡើយ។

ព្រះ​ភិក្ខុ​ចាស់ៗ​វស្សា​បួស​រាប់​សិប​ឆ្នាំ​មុន​ព្រះអង្គ ធ្លាប់​មាន​ដីកា​ស្ងាត់​ថា សម្តេច​សង្ឃរាជ ទេព វង្ស មិន​សូវ​ចេះ​ធម៌អាថ៌​ក្នុង​ព្រះពុទ្ធ​សាសនា​ជ្រៅជ្រះ​ឡើយ។

ទោះជា​យ៉ាងណា​ក៏ដោយ ចំពោះ​អំពើ និង​ទង្វើ​រំលោភ​សិទ្ធិមនុស្ស​ជា​ពុទ្ធសាសនិក​ខ្មែរ​ពី​សំណាក់​រាជរដ្ឋាភិបាល​ដែល​ដំឡើង​សមណសក្តិ​ព្រះអង្គ​នោះ សម្តេច ទេព វង្ស មិន​ដែល​សម្ដែង​ធម្មទេសនា​រំឭក​ដាស់តឿន​អ្នក​ដឹកនាំ​នយោបាយ​ខ្មែរ​ឲ្យ​ប្រកាន់​ព្រះ​ពុទ្ធោវាទ​តាម​ព្រហ្ម​វិហារធម៌ ឬ​តាម​នាយកធម៌​ឡើយ ពោល​គឺ​ព្រះអង្គ​ធ្វើ​មិន​ឃើញ ធ្វើ​មិន​ដឹង​មិន​ឮ ហាក់បីដូចជា​ការពារ​បិទ​បាំង​កោត​ស្ញប់ស្ញែង​អំពើ​ទុច្ចរិត​ទៅ​វិញ៕

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស